ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ​! ជនដៃដល់​ប្រល័យជីវិត​អ្នក​​ចាប់ម៉ូយ​​ដាក់ឡាន ក្បែរប្រឡាយ នៅក្រុងសៀមរាប​

6 ខែ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​ស្រាវជ្រាវ​បំបែកសំណុំរឿង​ឃា.តកម្ម​

​ខេត្តសៀមរាប​ ៖ ​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​គ្នា​ស្រាវជ្រាវ​បំបែកសំណុំរឿង​ឃា.តកម្ម​សម្លា.ប់​បុរស​ម្នាក់​ដែលជាអ្នក​ចាប់​ម៉ូយ​ដាក់​ឡាន នៅ​ជិត​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ផ្លា​ហ្សា ​កាលពី​ព្រលឹម​ថ្ងៃ​ទី​៨ តុលា ម្សិលមិញ​​នេះ ហើយ​មិន​ដល់​កន្លះ​ថ្ងៃ​ផង ក៏​ចាប់ខ្លួន​ជន​ដៃដល់​២​នាក់​ប្ដី​ប្រពន្ធ ​​ចំណែក​មូលហេតុ​គឺ​​ដោយសារ​ទំនាស់​ក្នុង​វង់​ផឹកស៊ី​។​ គួររំលឹកថា អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លា​.​ប់​ក្បែរ​ប្រឡាយ ផ្អើល​ក្រុង​សៀមរាប

នៅ​ក្នុង​ប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួន​​ជនដៃដល់​ពាក់ព័ន្ធ​ករណី​​ខាងលើ​​នេះ​គឺ​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ទាំងមូល អំពី​បញ្ហា​សន្តិសុខ សុ​វត្តិភាព និង កិច្ច​សម្របសម្រួល​នីតិវិធី​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប រួច​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ហេតុការណ៍​ឃាត់ខ្លួន​២​នាក់ ប្តី ប្រពន្ធ នោះ បាន​កើតឡើង នៅ វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​ថ្ងៃ​ទី៨​ ខែតុលា​ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្តសៀមរាប​,​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ លោកស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​,​លោក​វរសេនីយ៍ឯក សុខ ម៉េ​ង​អ៊ា​ង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​និង​ករណី​ឃា.ត​កម្ម​​ខាងលើ​បានកើតឡើង​កាលពី​​វេលា​ម៉ោង២​និង​៣០​នាទី​រំលង​អា​ធ្រា​តឈាន​ចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៣ ធ្លុ​ក​ទឹកមាត់​ប្រឡាយ​ជាប់​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប ។

លោក​វរសេនីយ៍ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ដោយនៅ​វេលា​ម៉ោង៤និង១០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ ២០២៣ កម្លាំង​នគរបាល​យើង​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​នគរ​បាល​ចរាចរណ៍ តាម​រយៈ​ទូរស័ព្ទ​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស មាន​សំបុរ​ស្រអែម អាយុ​ប្រហែល​៣៥​ឆ្នាំ មានកំ​ពស់​ប្រហែល ១៥០​សង់ទីម៉ែត្រ មាន​សាក់​រូប​នៅ​លើ​ដើមទ្រូង និង​ផ្នែក​ខ្នង ពាក់​អា​យឺត​ដៃ​វែង ពណ៌​ខ្មៅ ស្លៀកខោ​សាច់​ក្រណាត់​ជើង​ខ្លី ត្រឹម​ជង្គង់ ពណ៌​ខ្មៅ បាន​ដេក​ស្លា.ប់​ក្នុង​​ថ្លុក​​ទឹកមាត់​ប្រឡាយ ជាប់​ផ្លូវជាតិ​លេខ​៦A ខាងលិច​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា​ប្រហែល ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​។

លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដឹកនាំ​ដោយ​លោក ង៉ិ​ល សុវណ្ណ​រិ​ទ្ធិ អយ្យការ​រង​អម​សាលាដំបូង​ខេត្ត សៀមរាប ដោយ​មានការ​ចូលរួម​សហការ​ពី​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោក​វេជ្ជបណ្ឌិត​ផ្នែក​កោសល្យវិច័យ នៃ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត សៀមរាប បាន​ធ្វើការ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកស.ព និង​ធ្វើការ​សាកសួរ​សាក្សី​។

លោក​បន្ថែម​ថា តាម​រយៈ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម កំណត់​បាន​មុខសញ្ញា​សង្ស័យ​ចំនួន២​នាក់​​ ក្នុងនោះ​ម្នាក់​​ឈ្មោះ ហូល ហៃ ហៅ ម៉ែ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ ​មានស្រុក​​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប​។ ២.​ឈ្មោះ កឿ​ម កាន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាប ពាក់ព័ន្ធ​នឹង​ករណី​ឃា.តកម្ម កើតហេតុ​វេលា​ម៉ោង២​និង​៣០​នាទី​រំលង​អា​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ ​នៅ​ចំណុច​ថ្លុក​​ទឹកមាត់​ប្រឡាយ​ជាប់​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប។​

លោក​បញ្ជាក់​ទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ហូល ហៃ ហៅ ម៉ែ​ន បាន​សារភាព​ថា​ រូបគេ​ពិតជា​ធ្វើ​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ដោយនៅ​វេលា​ម៉ោង​២​​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ ២០២៣ រូបគេ​បាន​បើក​ម៉ូតូឌុប​ប្រពន្ធ ប្រដាប់​ដោយ​កាំបិ.តខ្វែវ១​ដើម ចេញពីផ្ទះ​នៅ​ភូមិ​បេង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម មក​រក​គូទំនាស់​នៅ​ចំណុច​តូប​លក់​បាយ​កន្លែង​កើតហេតុ ព្រោះ​ជន​រង​គ្រោះជា​គូរ​ទំនាស់​តែងតែ​ដេក​នៅ​ទីនោះ​ជា​រៀង​រាល់​យប់​។

​ជនសង្ស័យបានសារភាព​បន្ត​ថា ពេល​ទៅ​ដល់​ រូបគេ​បាន​ចុះ​ពី​លើ​ម៉ូតូ​រួច​កា.ប់​ជន​រង​គ្រោះ ​ចំ​ក ផ្នែក​ខាង​មុខ​ចំនួន​១​ខ្វែវ ខណៈ​ដែល​ជន​រង​គ្រោះ​ដេក​ផ្ងារ​ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ប្រកា.ច់​​ធ្លាក់​ពី​លើ​តូប​លក់​បាយ​ទៅ​ទិស​ខាងជើង​ផ្លូវជាតិ​លេខ​៦ ហើយ​​ផ្កាប់មុខ​នៅ​ចិញ្ចើម​ផ្លូវ ​បន្ទាប់មក​​រូបគេ​បាន​កាប់​ជនរងគ្រោះ​បន្ថែម​ចំ​ត្រង់​ស្លាបប្រជៀវ​ផ្នែក​ខាងស្តាំ ផ្នែក​ខាងក្រោយ​ចំនួន​១​ខ្វែវ និង​កាប់​ចំ​ត្រង់​ចង្កេះ​ខាងស្តាំ ចំនួន ១​ខ្វែវ​ទៀត ។ បន្ទាប់​មក​បានឱ្យ​ប្រពន្ធ​ជួយ​លើក​ជន​រង​គ្រោះ​បោះ​ចូល​ទៅ​ក្នុង​ថ្លុក​ទឹកមាត់​ប្រឡាយ ហើយ​បើក​ម៉ូតូ​គេច​ទៅ​ផ្ទះ​វិញ ដោយ​យក​ក្រណាត់​ជូន​សម្អាត​ឈា.ម​ចេញពី​ខ្វែវ លុះ​ព្រឹក​ឡើង រូបគេ​បាន​សំលៀង និង​លាង​សំអាត​ខ្វែវ ហើយ​យក​ទៅ​សៀត​នៅ​លើ​ធ្នឹម​ផ្ទះ​។

ជនសង្ស័យ​​បាន​សារភាព​បន្តទៀត​ថា បន្ទាប់​មក​ទើប​យក​ក្រណាត់​ដែល​ប្រឡាក់​ឈា.ម​ដាក់​ដុ.ត​ជាមួយ​គំនរ​សំរាម​ក្បែរ​ផ្ទះ លុះដល់​វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ទី​​៨ តុលា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​នាំ​ខ្លួន​តែ​ម្តង​។

​​ចំណែកជនសង្ស័យ​ជា​ប្រពន្ធ​​បាន​សារភាព​ថា​ នៅ​វេលា​ម៉ោង​២១​និង០០​នាទី​យប់ មុន​ថ្ងៃ​កើតហេតុ​មួ​យស​ប្តា​ហ៍ ប្តី​របស់​ខ្លួន​មាន​ទំនាស់ និង​ប្រើ​ហិ.ង្សា​ជាមួយ​ជន​រង​គ្រោះ​ខាងលើ ខណៈ​កំពុង​អង្គុយ​ផឹកស្រា​ស​ជុំ​គ្នា ហើយ​នៅ​យប់​កើតហេតុ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត ប្តី​បាន​បើក​ម៉ូតូឌុប​រូប​នាង​ប្រដាប់​ដោយកាំបិ.ត​​ខ្វែវ ១​ដើម មក​ធ្វើ​សកម្មភាព​កាប់​លើ​គូទំនាស់​តែ​ម្តង ក្នុង​នោះ​រូប​នាង​ក៏​បាន​ជួយ​លើក​ជន​រង​គ្រោះ​បោះ​ចូល​ក្នុង​​ថ្លុក​​ទឹក​ប្រឡាយ​​ផង​ដែរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ប្តី​ប្រពន្ធ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ