បុរសជនជាតិអេហ្ស៊ីបម្នាក់ដែលធ្លាប់ធ្វើជាមន្ត្រីកងកម្លាំងពិសេសត្រូវបានជ្រើសតាំងជាមេដឹកនាំចាំផ្ទះរបស់ក្រុមភេរវកម្មអាល់កៃដាក្រោយពីការស្លាប់របស់អូសាម៉ា ប៊ីនឡាដេន ។ នេះបើតាមការឱ្យដឹងដោយប្រភពផ្ទៃក្នុងមួយ។ ប្រភពដដែលបានឱ្យដឹងទៀតថា មេដឹកនាំក្រុមអាល់កៃដាបណ្តោះអាសន្នរូបនេះឈ្មោះ Saif al-Adel ដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុមអាល់កៃដា។
ជនម្នាក់ឈ្មោះ Noman Benotman ប្រាប់ទូរទស្សន៍ CNN ថា ផ្អែកលើទំនាក់ទំនងជាមួយពួកសកម្មប្រយុទ្ធ និងការយល់ដឹងអំពីវេទិការបស់ជីហាដ al-adel សមនឹងត្រូវជ្រើសតាំងជាេមដឹកនាំបណ្តោះអាសន្នរបស់ក្រុមអាល់កៃដា។
ទោះបីជាបែបណា ប្រភពមួយអះអាងថា ការជ្រើសរើសជនជាតិអេហ្ស៊ីបរូបនេះធ្វើជាប្រមុខអាល់កៃដាប្រហែលជាមិនធ្វើឱ្យសមាជិកក្រុមអាល់កៃដាមួយចំនួនជាជនជាតិយេម៉ែន និងជនជាតិអារ៉ាប៊ី សាអូឌីត ពេញចិត្តឡើយ ព្រោះពួកនេះចង់ឱ្យអ្នកបន្តវេនពីអូសាម៉ា ប៊ីនឡាដេន ជាមនុស្សមកពីឧបទ្វីបអារ៉ាប់ជាតំបន់កាន់សាសនាមូស្លីម ។
ក្រោយពីអូសាម៉ា ប៊ីនឡាដេន ត្រូវបានបាញ់ស្លាប់ដោយកងកុំម៉ង់ដូពិសេសរបស់អាមេរិកកាលពីដើមខែឧសភា អ្នកដែលគេសន្មត់ថា នឹងបន្តវេនពីប៊ីនឡាដេន ជាអនុរបស់គេឈ្មោះ Ayman al-Zawahiri ជាជនជាតិអេហ្ស៊ីប
ដែរ ។
ការជ្រើសរើសមេដឹកនាំបណ្តោះអាសន្នរបស់ក្រុមអាល់កៃដានេះអនុញ្ញាតឱ្យក្រុមអាល់កៃដា ចាប់ផ្តើមដំណើរការប្រមូលសម្ព័ន្ធភាពពីក្រុមមានទំនាក់ទំនងជាមួយអាល់កៃដា។
ជនដែលត្រូវជ្រើសតាំងជាមេដឹកនាំបណ្តោះអាសន្នរបស់ក្រុមអាល់កៃដានេះក៏ជាអ្នកប្រឆាំងអាមេរិកដូចប៊ីនឡាដេនដែរ ៕
ចែករំលែកព័តមាននេះ