ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ ពោរពេញ​ដោយ​មោទនភាព​ជាតិខ្មែរ (​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

ក្នុង​សង្គម​រស់នៅ​មាន​មនុស្ស​ជា​ច្រើន មិន​ថា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​បរទេស​នោះ​ទេ សុទ្ធតែ​បាន​ចាប់​យក​ជំនាញ ដើម្បី​ធ្វើ​ការងារ​ស្វែងរក​កម្រៃ​ចិញ្ចឹម​ជិ​វិត​រៀង​ៗ​ខ្លួន​។ ដោយឡែក​នៅ​ឯ​ខេត្តសៀមរាប​ឯណេះ​វិញ ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​ចាប់​យក​ជំនាញ

ខេត្តសៀមរាប ៖ ក្នុង​សង្គម​រស់នៅ​មាន​មនុស្ស​ជា​ច្រើន មិន​ថា​ពលរដ្ឋ​ខ្មែរ ឬ​ក៏​បរទេស​នោះ​ទេ សុទ្ធ​តែ​បាន​ចាប់​យក​ជំនាញ ដើម្បី​ធ្វើ​ការងារ​ស្វែងរក​កម្រៃ​ចិញ្ចឹម​ជិ​វិត​រៀង​ៗ​ខ្លួន​។ ដោយឡែក​នៅ​ឯ​ខេត្តសៀមរាប​ឯណេះ​វិញ ស្រប​ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​ចាប់​យក​ជំនាញ​ផ្សេង​ៗ​ដើម្បី​ធ្វើការ​រក​កម្រៃ​ចិញ្ចឹមជីវិត​នោះ គឺ​មាន​មនុស្ស​មួយ​ក្រុម​បែរជា​សុខចិត្ត​យក​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា​ផង ទៅ​ធ្វើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ជា​ច្រើន​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

បើ​ទោះបីជា​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ មានការ​លំបាក​ជា​ច្រើន ដោយនៅ​ហាលភ្លៀង ហាលថ្ងៃ ហាលខ្យល់ ព្រមទាំង​ប្រើ​កម្លាំង​ដាប់ថ្ម​ដោយ​ដៃ និង​លើក​ថ្ម​ធំ​ៗ​ជា​ច្រើន​ម៉ោង​ក្នុង​១​ថ្ងៃ​ៗ​ក៏​ដោយ ក៏​ក្រុម​អ្នក​ជួសជុល​ទាំងនោះ ហាក់​មិន​នឿយហត់ ហើយ​មិន​មាន​បំណង​ចង់​បោះបង់​ចោលការ​ងារ​នោះ​ទេ​។

ក្នុង​ឱកាស​នោះ​ដែរ លោក មិន ឡូ រស់នៅ​ក្នុងស្រុក​អង្គរធំ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា «​លោក គឺជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​ម្នាក់ ក្នុង​ចំណោម​អ្នក​រួមការ​ងារ​ជា​ច្រើន​ទៀត ដែល​កំពុង​តែ​ធ្វើ​ការងារ​នៅ​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទតាព្រហ្ម​»​។ លោក​មាន​ប្រសាសន៍​ថា «​រូប​គាត់​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៧​មក​ម្ល៉េះ​»​។

លោក មិន ឡូ បានឱ្យ​ដឹង​ទៀត​ថា «​កាលពីមុន​គាត់​គ្មាន​ការងារ​អ្វី​ធ្វើ​ទេ ក្រៅ​តែ​ពី​ដើរ​រក​ការងារ​ជា​កម្មករ​សំណង់​នៅ​តាម​កន្លែង​ផ្សេង​ៗ​។ ប៉ុន្តែ​ពេល​មួយ​គាត់​មាន​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ថា ចង់​ធ្វើ​ការ​ងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​។ នៅ​ក្នុង​រាត្រី​មួយ គាត់​បាន​ដេក​យល់សប្តិ​ថា មាន​អ្នក​មក​ប្រាប់​ឱ្យ​រូប​គាត់​ទៅ​សុំ​ការងារ​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទតាព្រហ្ម ។ លុះ​ព្រឹក​ឡើង​រូប​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្ម ហើយ​ក៏​សុំ​គេ​ធ្វើ​ការងារ​ទីនោះ គឺ​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទ តា​ព្រហ្ម រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង​»​។

លោក មិន ឡូ បញ្ជាក់​ទៀត​ថា «​មនុស្ស​ជំនាន់​មុន របស់​គាត់​មិន​មាន​អ្នក​ណា​ធ្វើការ​ជា​អ្នក​ជួសជុល​ប្រាសាទ​ទេ គឺ​រូប​គាត់​តែ​ម្នាក់​គត់ ដែល​ហាក់ដូចជា​មាន​វាសនា​បាន​ធ្វើ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​។ ហើយ​ជា​រៀងរាល់ថ្ងៃ លោក​ទទួល​បន្ទុក​ជា​អ្នក​ដាប់​ថ្មភក់​ផ្ទាំង​ធំ​ៗ ឱ្យ​ត្រូវ​ខ្នាត​រង្វាស់ ព្រមទាំង​ដាប់​រំលីង​ថ្ម​ទាំងនោះ ដើម្បី​យក​ទៅ​ដាក់​នៅ​តាម​កន្លែង​ដែល​ខូចខាត​វិញ​»​។ លោក មិន ឡូ សប្បាយ​ចិត្តនឹង​ការងារ​របស់​គាត់ ដោយ​គាត់​បង្ហាញ​មោ​ទ​ភាព​ថា «​ជាង​១០​ឆ្នាំ​មក​ហើយ ដែល​លោក​ចំណាយពេល​សម្រាប់​ការ​ថែរក្សា​អង្គរ ហើយ​មួយ​ជីវិត​របស់​លោក ប្រសិនបើ​ការងារ​ជួសជុល​ប្រាសាទបុរាណ​នៅ​តែ​មាន គឺ​លោក​នៅ​តែ​ធ្វើការ​នេះ រហូត​ដល់​អស់​ជីវិត​»​។

ចំណែក លោក ភ​ន ផាត មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀម​រាប គឺជា​មេក្រុម​ផ្នែក​ជួសជុល​រូបចម្លាក់ និង​ក្បាច់​នៅ​តាម​ជញ្ជាំង​ប្រាសាទបុរាណ បាន​មាន​ប្រសាសន៍​ដែរ​ថា «​លោក​បាន​ចូល​បំរើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​នេះ​តាំង​តែ​ពី​អំឡុង​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​»​។

លោក ភ​ន ផាត ធ្លាប់​បាន​ចូលរួម​ការងារ​ជួសជុល​ប្រាសាទបុរាណ នៅ​ក្នុង​ខេត្តសៀមរាប ជា​ច្រើន​កន្លែង ដូច​ជា​ជួសជុល​នៅ​កន្លែង​ស្ដេច​គំលង់ លានជល់ដំរី របស់​ក្រុង​អង្គរធំ ជួសជុល​រូបចម្លាក់​សេះ​ក្បាល​៥ ជួសជុល​ប្រាសាទចៅសាយទេវតា​ជាមួយ​ក្រុមការងារ​បុរាណវិទ្យា​របស់​ចិន និង​ជួសជុល​ប្រាសាទតាព្រហ្ម ជាមួយ​ក្រុមការងារ​ឥណ្ឌា​ជាដើម​។ លោក ភ​ន ផាត ដែល​បច្ចុប្បន្ន​មាន​អាយុ​៥៥​ឆ្នាំទៅ​ហើយ បានឱ្យ​ដឹង​ថា «​រូប​គាត់​បាន​បំរើ​ការងារ​ជា​អ្នក​ជួសជុល​ប្រាសាទបុរាណ​តាំង​តែ​ពី​រូប​លោក មាន​អាយុ​២១​ឆ្នាំ​មក​ម្ល៉េះ ហើយ​ប្រហែល​ជាមួយ​ជីវិត​របស់​លោក គឺ​ត្រូវ​លះបង់ ដើម្បី​ជួសជុល​ប្រាសាទបុរាណ​។ លោក​បាន​ប្រើ​ពេល​ចំនួន​២៦​ឆ្នាំ​មក​ហើយ សម្រាប់​ការ​ជួសជុល​ប្រាសាទបុរាណ ក៏​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រូប​លោក​ហាក់ដូចជា​មិន​នឿយណាយ​នឹង​ការងារ​នេះ​ទេ​»​។

កម្រៃ​ដែល​បាន​ពី​ការងារ​ជួសជុល​ប្រាសាទបុរាណ គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្សេង​ៗ ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត​ដែរ ក៏​ប៉ុន្តែ​ចំពោះ​ស្ថានភាព​ការងារ​វិញ គឺ​មាន ការ​លំបាក​យ៉ាង​ខ្លាំង លើស​ពី​ការងារ​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ ដើម្បី​ចិញ្ចឹមជីវិត​។

បើ​ទោះបីជា​យ៉ាងណា​ក្តី ក្រុម​អ្នក​ជួសជុល​ប្រាសាទបុរាណ​ជា​ច្រើន​បាន​បង្ហាញ​ឆន្ទៈ​ថា ពួក​គេ​នឹង​មិន​បោះបង់​ចោលការ​ងារ​ជួសជុល​ប្រាសាទបុរាណ​ទេ ពីព្រោះ​ការងារ​នេះ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​គេ​បាន​កម្រៃ​យក​ទៅ​ចិញ្ចឹមជីវិត និង​គ្រួសារ គឺ​ពួក​គេ​ក៏​មាន​មោទនភាព​មួយទៀត ដែល​មនុស្ស​ជា​ច្រើន​ពុំ​មាន គឺ​ការ​បាន​ចូលរួម​ចំណែក​ជួយ​ថែរក្សា ការពារ​ស្នាដៃ និង​កេរ្តិ៍​ដំណែល​របស់​ដូនតា​ខ្មែរ​ដ៏​មាន​តម្លៃ​បំផុត​ឱ្យ​បាន​នៅ​គង់វង្ស​យូរអង្វែង​តទៅ​មុខ​ទៀត ដើម្បី​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានឃើញ និង​ឱ្យ​ជនបរទេស​ដែល​បាន​មក​ទស្សនា​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ បាន​កោតស្ញប់ស្ញែង​លើ​មតក​ដ៏​មាន​តម្លៃ​មហាសាល​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ