ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​ប្រកាស​ពី​ការ​ពង្រឹងគុណភាព​អប់រំ​តាម​សាលា​រដ្ឋ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទិវា គ្រូបង្រៀន​ពិភពលោក ៦​តុលា បាន​ធ្វើ​ឱ្យ​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ​។

ការ​ប្រកាស​ពី​ការ​ពង្រឹងគុណភាព​អប់រំ​តាម​សាលា​រដ្ឋ របស់​សម្តេច​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទិវា គ្រូបង្រៀន​ពិភពលោក ៦​តុលា បាន​ធ្វើ​ឱ្យ​មានការ​សាទរ​ពី​ប្រជាពលរដ្ឋ​។

សាលា​រដ្ឋ​មានគុណ​ភាព នឹង​មាន​ន័យ​ថា កូន​អ្នកក្រ​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព ដូច​កូន​អ្នកមាន​ដែរ​។ ដូច្នេះ វា​នឹង​ធ្វើ​អោយ​កូន​អ្នកក្រ មានចំណេះ​ដឹង​គ្រប់គ្រាន់ សម្រាប់​រំដោះខ្លួន​ពួក​គេ​ចេញពី​ភាព​ក្រីក្រ​។

កន្លង​មក មានការ​ការ​គិត​ថា សាលា​រដ្ឋ​មានគុណ​ភាព​មិនល្អ ដូច​ជា​សាលា​ឯកជន​ឡើយ​។​ពលរដ្ឋ​ជា​ទូទៅ​ចង់ឱ្យ​កូន​របស់​ខ្លួន​បាន​សិក្សា​នៅ​សាលា​ល្អ មានគុណ​ភាព​។ ដោយសារ​ការ​គិត​របស់​ពលរដ្ឋ​ជា​ទូទៅ​បែប​នេះ​ហើយ បានជា​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា សាលា​ឯកជន​កំពុង​តែ​រីក​ដុះដាល ហើយ​ពលរដ្ឋ​មួយ​ចំនួន​បាន​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​សាលា​ឯកជន​។

ទោះបីជា​ជម្រើស​យក​កូន​ទៅ​សិក្សា​នៅ​សាលា​ឯកជន មាន​ហេតុផល​ជា​ច្រើន ដូច​ជា ៖ ឪពុក​ម្តាយ​រវល់​គ្មាន​ពេល​គ្រប់គ្រាន់​ជូន​កូន​ទៅ​សាលា កត្តា​សុវត្ថិភាព​ជាដើម​នោះ​ក្តី តែ​នៅ​ក្នុង​នោះ​ក៏​មាន​បញ្ហា​គុណភាព​សិក្សា​នេះ​ដែរ​។ ការ​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​សាលា​ឯកជន ឪពុក​ម្តាយ​ជា​ច្រើន​នាក់​មាន​ជំនឿ​ចិត្ត​ថា នៅ​ទីនោះ​គុណភាព​អប់រំ ល្អ​ជាង​សាលា​រដ្ឋ​។

នៅ​កម្ពុជា សាលា​ឯកជន មាន​តម្លៃ​ផ្សេង​ៗ​គ្នា​ទៅ​តាម​គុណភាព​សិក្សា បើជា​សាលា​មាន​កម្រិតស្តង់ដារ​អន្តរជាតិ តម្លៃ​ខ្ពស់ មិន​ចាញ់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​ជឿនលឿន​នោះ​ទេ​។ ការ​សិក្សា​នៅ​សាលា​ល្អ​នៅ​ភ្នំពេញ ក្នុង​កម្រិត​ប​ធ្យ​ម​សិក្សា​អាច​មាន​តម្លៃ​ពី​២​ពាន់​ដុល្លារ រហូត​ដល់ ១​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ​។

នៅ​ក្នុង​សុន្ទរកថា​អបអរសាទរ​ទិវា​គ្រូបង្រៀន ក្រោម​ប្រធានបទ​ថា «​គ្រូបង្រៀន​ជា​សសរស្តម្ភ នៃ​កំណែទម្រង់​សាលារៀន​ឆ្ពោះទៅ​រក​ឧត្តមភាព​» សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​វិនិយោគ​លើ​ការ​សិក្សា​របស់​កូន​ៗ ជា​ការ​លះបង់​របស់​ឪពុក​ម្តាយ​គ្រប់​រូប​។ ឪពុក​ម្តាយ​តែងតែ​ចង់ឱ្យ​កូន​រៀន​នៅ​សាលា​ល្អ មានគុណ​ភាព បើ​ទោះបីជា​សាលា​នោះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្តី ក៏​ឪពុក​ម្តាយ​ត្រូវ​ចំណាយ​ពេលវេលា និង​ថវិកា ដើម្បី​បញ្ជូន​កូន​បាន​ទៅ​រៀន​នៅ​ទីនោះ​ដែរ​។

ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ត្រូវ​គេ​មើលឃើញ​ថា បាន​កំពុង​ធ្វើ​កំណែទម្រង់​គួរ​ឱ្យ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ ការ​អប់រំ បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​ផ្សេង​ៗ​ទៀត ព្រោះ​វិស័យ​អប់រំ គឺជា​ក្បាលម៉ាស៊ីន​ក្នុង​ការ​ផលិត​ធនធានមនុស្ស ដើម្បី​ទៅ​បម្រើ​នូវ​គ្រប់​វិស័យ​។ ទោះ​យ៉ាងណា គេ​បាន​មើលឃើញ​ថា ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ព្រោះ​វា​ត្រូវការ​ពេលវេលា​យូរ និង​ធនធាន​ច្រើន​។

មាន​គន្លឹះ​ជា​ច្រើន ដើម្បី​ឱ្យ​ការ​ពង្រឹងគុណភាព​អប់រំ អាច​ដំណើរការ​ទៅ​បាន​។ ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​បម្រើ​ដល់​ការ​សិក្សា មាន​សាលារៀន សម្ភារៈ​សិក្សា ឧបករណ៍​ពិសោធន៍ រួម​នឹង​ជីវភាព​លោកគ្រូ អ្នកគ្រូ​ផង ជា​រឿង​ដែល​មិន​អាច​រំលង​នោះ​ទេ​។ គេ​បានដឹង​ថា ដោយសារ​ប្រាក់បៀវត្សរ៍ មិន​គ្រប់គ្រាន់ បាន​ធ្វើ​ឱ្យ​បង្រៀន​ជា​ច្រើន​ស្វែងរក​ចំណូល​តាមរ​វិធី និង​មុខរបរ​ផ្សេង ដែល​ធ្វើ​ឱ្យ​តម្លៃ​វិជ្ជាជីវៈ​របស់​ពួក​គាត់​ធ្លាក់​ចុះ ឬ​ការ​បង្រៀន​របស់​គាត់​គ្មាន​គុណភាព​។

លោកគ្រូ អ្នកគ្រូ មួយ​ចំនួន មិន​បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​ស្រាវជ្រាវ​មេរៀន​យក​មក បង្រៀន​សិស្ស​នោះ​ទេ​។ ការ​បង្រៀន​របស់​ពួក​គាត់ ធ្វើ​តាម​ឯកសារ​ចាស់​ដដែល​ៗ បង្រៀន​ឱ្យ​តែ​គ្រប់​ម៉ោង ដោយ​មិន​បាន​គិត​ទៅ​ដល់​គុណភាព​។

រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ត​អនុវត្ត​គោលនយោបាយ​ជា​អាទិភាព​លើ​វិស័យ​អប់រំ ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា វិស័យ​អប់រំ ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ពង្រឹង​វិស័យ​អប់រំ​។ ដូច្នេះ ត្រូវ​យក​សសរស្ដម្ភ​ណាមួយ ក្នុង​នោះ​មាន​ដូច​ជា ៖ ការ​ពង្រឹង​មូលដ្ឋាន នៃ​ការ​សិក្សា​របស់​សិស្ស ចាប់តាំងពី​ថ្នាក់​ម​ត្ដេ​យ្យរ​ហូត​ដល់​ថ្នាក់​ទី​១២ ឬ​មធ្យមសិក្សា​តែ​ម្ដង ដែល​ការ​អប់រំ​នេះ ត្រូវ​ផ្ដោត​លើ​លទ្ធផល​ចំនួន​២ គឺ​សមត្ថភាព និង​ឥរិយាបថ (Soft Skill)​។

នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់ ចំពោះ​ការ​ជ្រើសរើស​នាយក​សាលា ពីព្រោះ​នាយក​សាលា គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង ការ​ដឹកនាំ​លើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យរ​ហូត​ដល់​មធ្យមសិក្សា​។ គ្រូបង្រៀន​ត្រូវ​មាន​ទាំង​ចំណេះដឹង និង​គុណធម៌ សីលធម៌ ដែល​ជា​គំរូ និង​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បណ្ដុះបណ្ដាល ចែករំលែក​ចំណេះដឹង​ទៅ​ដល់​សិស្សានុសិស្ស និង​យុវជន​ជំនាន់​ក្រោយ ជា​ពិសេស​ជា​ការ​ពង្រឹង និង​បណ្ដុះបណ្ដាល​ធន​ធន​មនុស្ស​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កំពុង​បន្ត​គិតគូរ និង​យកចិត្ត ទុកដាក់​លើ​ការ​ដំឡើង​ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍​ដល់​គ្រូបង្រៀន​នៅ​ទូ​ទាំង​ប្រទេស​។ បច្ចុប្បន្ន​នេះ គ្រូបង្រៀន​ក្រប​ខណ្ឌ (​ក​) ទទួល​បាន​ប្រាក់បៀវត្ស​ក្នុង​រង្វង់​ជិត​១​លាន​រៀល​៕

សរសេរ ៖ ដោយ សា​រ៉ា​ន់
កែសម្រួល​ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ