ខេត្តពោធិ៍សាត់ ៖ «គម្រោងធ្វើអោយប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៥» ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន និងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន ដែលតភ្ជាប់ពីរាជធានីភ្នំពេញ និងព្រំដែនថៃ ដោយកែលម្អស្ថានភាពផ្លូវ ដែលមានស្រាប់ និងសាងសង់ផ្លូវវាងថ្មី ឧត្តុង្គ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងសិរីសោភ័ណ្ឌ បានប្រើប្រាស់ថវិកាប្រមាណជាជាង ៦០០ លានដុល្លារអាមេរិក គ្រោងសម្ពោធជាផ្លូវការនៅចុងខែវិច្ឆិកា ខាងមុខនេះ ។

នាថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៥ គឺជាកំណាត់ផ្លូវជាតិអាស៊ានហ៊ាយវេ លេខ ១ ដែលជាការតភ្ជាប់ក្នុងតំបន់ មិនមែនតែសម្រាប់ប្រទេសកម្ពុជានោះទេ លំហូរសេដ្ឋកិច្ច ពីប្រទេសថៃ រហូតទៅដល់វៀតណាម អាចឡើងទៅដល់ប្រទេសចិន គឺយើងប្រើប្រាស់ផ្លូវនេះ ដូចនេះអ្នកដែលទទួលផលមុនគេគឺប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវនេះ ។

លោក ឈឹម ផល្លា បន្ថែមថា រាជរដ្ឋាភិបាល មានគម្រោងមិនត្រឹមតែអភិវឌ្ឍន៍ផ្លូវលេខ ៥ នេះទេ គឺនឹងធ្វើឱ្យប្រសើរឡើងគ្រប់ផ្លូវជាតិទាំងអស់ ដើម្បីទំលាក់តម្លៃនៃការដឹកជញ្ជូន ដែលអាចប្រៀបធៀបជាមួយប្រទេសជិតខាង ប្រសិនជាតម្លៃដឹកជញ្ជូននៅតែថ្លៃ គឺយើងមិនអាចរត់ទាន់គេនោះទេ ដូចនេះប្រសិនជាការទំលាក់តម្លៃបានលុះត្រាណាផ្លូវមានការប្រសើរឡើង ។

សូមជម្រាបថា កំណាត់ផ្លូវពីបាត់ដំបង ដល់សិរីសោភ័ណ្ឌ ហៅកាត់ខាងជើង ដែលមានប្រវែងសរុប ៨៤.៧៤ គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ ២០១៧ ហើយបានបញ្ចប់រួចរាល់ក្នុងខែកញ្ញា ឆ្នាំ ២០២១ ។ ផ្នែកនេះកំពុងអនុវត្តជាពីរកញ្ចប់កិច្ចសន្យា ។ រីឯកំណាត់ផ្លូវពីព្រែកក្តាមដល់ធ្លាម្អម ហៅខាងត្បូងប្រវែងសរុប ១៣៥,២៥ គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់ក្នុងខែមេសា ឆ្នាំ ២០១៨ និងបានបញ្ចប់រួចរាល់ក្នុងខែឧសភា ឆ្នាំ ២០២៣ ។ ផ្នែកនេះកំពុងអនុវត្តជាកញ្ចប់កិច្ចសន្យាចំនួនបី ។ និងកំណាត់ផ្លូវពីធ្លាម្អម ទៅបាត់ដំបង និងសិរីសោភ័ណ្ឌ ទៅប៉ោយប៉ែត ហៅកាត់កណ្តាល មានប្រវែងសរុប ១៤៦.០៤ គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ ២០១៩ ដោយអនុវត្តក្រោមកញ្ចប់កិច្ចសន្យាចំនួន ៥ ។ បច្ចុប្បន្ន ការសាងសង់កញ្ចប់ទី២ និងទី៣ បានបញ្ចប់រួចរាល់ហើយ ខណៈការសាងសង់កញ្ចប់ផ្សេងៗទៀតកំពុងបន្តដំណើរការ ៕


ចែករំលែកព័តមាននេះ