ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មេដឹកនាំ​កម្ពុជា បាន​ប្រកាស​យ៉ាង​ច្បាស់​ៗ​ថា គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ជាតិ​ទាំងអស់ គឺ​ត្រូវ​តែ​អនុវត្ត​តាម​ទ្រឹស្ដី «​គិត​ធំ ធ្វើ​តូច​»​។ ដូច្នេះ យើង​សង្ឃឹមថា

មេដឹកនាំ​កម្ពុជា បាន​ប្រកាស​យ៉ាង​ច្បាស់​ៗ​ថា គ្រប់​សកម្មភាព​អភិវឌ្ឍន៍​ជាតិ​ទាំងអស់ គឺ​ត្រូវ​តែ​អនុ​វត្ត​តាម​ទ្រឹស្ដី «​គិត​ធំ ធ្វើ​តូច​»​។ ដូច្នេះ យើង​សង្ឃឹមថា គ្រប់​ស្ថាប័នរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នឹង​យល់​នូវ​គោលការណ៍​នេះ ហើយ​អនុវត្ត​អោយ​មាន​ប្រសិទ្ធភាព ។

នេះ​មិនមែន​ជា​គោលការណ៍​ធម្មតា​ទេ គឺជា​នីតិវិធី​ដឹកនាំ​ថ្មី​មួយ ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហើប​អំពី​យុទ្ធសាស្ត្រ​ការងារ​ថ្មី​របស់​សម្តេច​បែប​នេះ ជា​បន្តបន្ទាប់​នៅ​ក្នុង​វេទិកាសាធារណៈ​មួយ​ចំនួន​កន្លង​មក ដោយនៅ​ក្នុង​នោះ មន្ត្រី​ខ្លះ​ចាប់អារម្មណ៍ ប៉ុន្តែ​មន្ត្រី​ខ្លះ​ទៀត​ហាក់​ឆក​ល្វែង ប៉ុន្តែ​នៅ​ពេល​ចូលរួម​ជា​អធិបតី​នៃ​ទិវា​គ្រូបង្រៀន​លើក​ទី​២៦ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣ សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​តែ​ម្តង ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់​ថា យុទ្ធសាស្ត្រ​របស់​សម្តេច គឺ​ឈរ​លើ​ទ្រឹស្ដី «​គិត​ធំ ធ្វើ​តូច​» ក្នុង​ន័យ​នេះ សម្ដេច​បាន​បញ្ជាក់​ថា ជា​ក្រប​ខណ្ឌ​គោលនយោបាយ រាជរដ្ឋាភិបាល​ត្រូវ​តែ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង រាជរដ្ឋាភិបាល​ត្រូវ​តែ​ជ្រើសរើស​គន្លឹះ​ជា​អាទិភាព ដើម្បី​ដាក់​ចេញ​ការ​អនុវត្ត​ឱ្យ​បាន​ចំ​ទិស​ដៅ​ប្រកបដោយ​ភាព​ល្អិតល្អន់​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា ដូច​ជា​ករណី​កំណែទម្រង់​វិស័យ​អប់រំ​ជាដើម គឺ​ត្រូវ​គិត​នៅ​ក្នុង​កម្រិត​ម៉ា​ក្រូ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​ត្រូវ​ដេញ​ពី​កម្រិត​មីក្រូ​មក​វិញ ពោល​គឺ ត្រូវ​តែ​ធានា​ថា គ្រប់​សាលារៀន​រដ្ឋ​ទាំងអស់ ត្រូវ​តែ​មាន​ស្តង់ដា គុណភាព និង គុណធម៌ ដែល អាច​ទទួល​យក​បាន ។

សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​បន្ថែម​ថា ជាក់ស្តែង ដូច​ជា​ករណី​រក​ទីផ្សារ​អង្ករ​ជាដើម សម្តេច​បាន​លើកទឹកចិត្ត និង​ជំរុញ​អោយធ្វើ​ការងារ​នេះ មិនមែន​នៅ​ថ្នាក់​កម្រិត​ជាតិ​ទេ គឺ​ត្រូវ​ចុះ​ទៅ​ស្វែង​យល់​ទីផ្សារ និង​តម្រូវការ​នៅ​ថ្នាក់​មូលដ្ឋាន ។

សម្តេច​ធិ​បតី ក៏​បាន​បន្ត​ទៀត​ថា ករណី​នាំ​អង្ករ​ទៅ​ចិន គឺជា​ចំណុច​មួយ​ដែល​គួរតែ​រិះគិត ពីព្រោះ​ចិន​ធំ ហើយ​ច្បាស់​ណាស់ តម្រូវការ​អង្ករ​អាច​ខុស​គ្នា​ទៅ​តាម​តំបន់ ដូច្នេះ​ការ​ចរចា​លក់​អង្ករ គួរតែ​ធ្វើ​នៅ​តាម​គោលដៅ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​អោយ​ចំ​តម្រូវការ ។

ដោយឡែក​ចំពោះ​យុទ្ធសាស្ត្រ​នៃ​ការ​ទាក់ទាញ​ទេសចរណ៍ ក៏​គួរតែ​ធ្វើ​ទៅ​តាម​គោលដៅ តាម​សក្តានុ​ពល​នៃ​ខេត្ត​នីមួយ​ៗ ជា​ពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ ជា​ដើម។

រឿង​ទាក់ទាញ​វិនិយោគ​ពី​បរទេស​ក៏​ដូច​គ្នា ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្លាប់​បាន​មាន​ប្រសាសន៍ ហើយ​ក៏​បាន​លើកទឹកចិត្ត​អោយ​អាជ្ញាធរ​ថ្នាក់​ខេត្ត​នាំ​គ្នា ប្រឡងប្រណាំង​​រឿង​ទាក់ទាញ​វិនិយោគទុន ដោយសារ​តែ​ខេត្ត​នីមួយ​ៗ គឺ​មាន​មូលដ្ឋាន និង​សក្តានុពល​ខុស​ៗ​គ្នា ។

ផ្អែក​តាម​អនុសាសន៍​នេះ យើង​សង្ឃឹមថា ប្រតិបត្តិ​ករ និង​ទីភ្នាក់ងារ​ប្រតិបត្តិ​របស់​រដ្ឋ​ទាំងអស់ នឹង​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​យក​មក​អនុវត្ត​ឱ្យ​បាន​ប្រសើរ ដើម្បី​យើង​ទាំងអស់​គ្នា​។

យុទ្ធសាស្ត្រ «​គិត​ធំ ធ្វើ​តូច​» នេះ អាច​ថ្មី​សម្រាប់​កម្ពុជា ប៉ុន្តែ​នៅ​ក្នុង​បរិបទ​នៃ​វិទ្យាសាស្ត្រ សេដ្ឋកិច្ច គឺ​វា​គឺជា​គំរូ ឬ​ម៉ូ​ដែល​នៃ​ការ​អនុវត្ត​ការងារ និង​អាជីវកម្ម​ដែល​ស៊ីគ្នា​នឹង​ទ្រឹស្តី «Think Macro, Act Micro»​។ ក្រុម​អ្នកជំនាញ បាន​លើក​ឡើង​ថា នៅ​ក្នុង​កម្រិត ម៉ា​ក្រូ រាល់​ផែនការ គឺ​ដាច់ខាត​ត្រូវ​តែ​គិត​អោយ​ធំ​ទូលាយ ដោយ​មាន​ទាំង​ការ​ធ្វើ​ផែនការ​តាម សេណា​រី​យូ​ការងារ​, ការ​កំណត់​អត្ត​សញ្ញា​នៃ​ផែនការ​សកម្មភាព ក៏​ដូច​ជា​ការ​ធ្វើ​ផែនការ ប្រតិបត្តិ​ជា​រួម ប៉ុន្តែ​នៅ​កម្រិត​មីក្រូ គឺ​ចាំបាច់​ត្រូវ​តែ​គិត​ទាំង​ថ​រិ​កា និង​ទំនួល​ខុស​ត្រូវ​របស់​បុគ្គលិក ពោល​គឺ​តាំងពី​បញ្ហា​តូចតាច​ឡើង​។

នៅ​ពេល​ដែល​គេ​ច្របាច់​ផែនការ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា វា​គឺជា​គំរូ​អាជីវកម្ម ឬ​ផែនការ សកម្មភាព​មួយ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយសារ​តែ​ការ​ធ្វើ​ផែនការ​កម្រិត​ម៉ា​ក្រូ​នេះ គឺ​បាន​ជួយ​ឲ្យ​អ្នក​អនុវត្ត​ទទួល​បាន​រួច​ហើយ​នូវ​ចំណុច​គោលដៅ​ធំ​ៗ​ដែល​យើង​ចង់បាន​ដាក់​នៅ​លើ​តុ​ស្រាប់ ហើយ​ដល់​ពេល​ដែល​យើង​អនុវត្ត នៅ​កម្រិត​ចាប់ពី​តូច​ឡើង​មក វា​នឹង​ជួយ​យើង​អោយ​យល់​ពី​ឬ​ស​គល់​នៃ​ការ​អនុវត្ត​, វិធីសាស្ត្រ​អនុវត្ត និង​ប្រតិបត្តិ​ការងារ មាន​ប្រសិទ្ធភាព ដាក់​ចំ​នូវ​បញ្ហា ដូច្នេះ​គោលដៅ​នឹង​អាច​សម្រេច​បាន ហើយ​ក៏​អាច​នឹង​ដាក់​ចេញ​បាន​នូវ​ផែនទី​បង្ហាញផ្លូវ​ចំ​បញ្ហា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ពេល​អនាគត​បាន ហើយ​អាច​ឈាន​ទៅ​សម្រេច​ជោគជ័យ​។

នៅ​ពេល​នាយក​រដ្ឋមន្ត្រី បាន​និយាយ​ពី​យុទ្ធសាស្ត្រ «​គិត​ធំ ធ្វើ​តូច​» នេះ​ហើយ មន្ត្រី​ទាំង​តូច​ទាំង​ធំ និង​គ្រប់​វិស័យ មិន​ត្រូវ​ខ្ជិល​នៅ​ស្ងៀម​បាន​ទេ ពួក​គេ​ត្រូវ​តែ​សកម្ម ហើយ​ធ្វើ​អោយ សម្រេច​យុទ្ធសាស្ត្រ​នេះ ទើប​ប្រទេស​អាច​កាន់តែ​ជឿនលឿន ហើយ​ប្រជាជន​នឹង​កាន់តែ​មានជីវិត​កាន់តែ​ល្អ​ប្រសើរ​៕

សរសេរ​ដោយ ៖ ហេង ចេស្តារ
កែសម្រួល​ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ