ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​១​គ្រួសារបង្ខំចិត្ត​ប្រមូល​ផល​ដំឡូង​មី​ទាំង​​មិន​ទាន់​គ្រប់​ខែ ខណ​:​ភ្លៀង​ធ្លាក់​ជោកជាំ ​

6 ខែ មុន
  • ប៉ៃលិន

បន្ទាប់​ពី​ទទួល​រង​នូវ​ទឹកភ្លៀង​ជោកជាំ​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​មួយ​ចំនួន រស់នៅ​ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិន​បាន​បង្ខំចិត្ត​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​មើមដំឡូង​មី​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន ខណ​:​ដែល

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​រង​នូវ​ទឹកភ្លៀង​ជោកជាំ​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​មួយ​ចំនួន រស់នៅ​ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃ​លិន​បាន​បង្ខំចិត្ត​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​មើមដំឡូង​មី​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន ខណ​:​ដែល​មើមដំឡូង​ខ្លះ​មិន​ទាន់​គ្រប់​ខែ ខ្លះ​ទៀត​ជិត​គ្រប់​ខែ ព្រោះ​កំពុង​ទទួល​រង​ការ​រលួយ​ខូចខាត​អស់​ជា​បណ្តើរ​ៗ​ដោយសារ​តែ​មានទឹក​ដក់​ក្នុង​ចម្ការ​​របស់​ខ្លួន ​។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ វ៉ា​ន់ សុខ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ភា្ន​ក់​ងារ​សារព័ត៌មាន​យើង​ដឹង​ទាំង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ថា ៖ គាត់​បាន​ដាំដំឡូង​មី​ចំនួន​៥​ហិ​កតា នៅ​លើ​ដីចម្ការ​​របស់​ខ្លួន​មួយ​ចំនួន និង​ជួល​គេ​មួយ​ចំនួន​ទៀត គឺ​ដាំ​ចាប់តាំងពី​ដើមខែ​កុម្ភ​: ឆ្នាំ​២០២៣ ​មក​ម្ល៉េះ ដោយ​ក្រោយ​ពី​ការ​ដាំ​ដំណាំ​នេះ ទទួល​រង​ការ​ខូចខាត​អស់​ជា​ច្រើន​លើក​ច្រើន​សារ ព្រោះតែ​ផ្ទៃមេឃ​បាន​រាំងភ្លៀង​រយ​:​ពេល​យូរ បណ្តាល​ឱ្យ​ងាប់ ។

លុះ​ពេល​ដំណាំ​របស់​ខ្លួន​ចាប់ផ្តើម​ដុះ​លូតលាស់​បាន​ល្អ ស្រាប់តែ​រហូត​មក​ដល់​ពេល​នេះ ផ្ទៃមេឃ​ក៏​ចាប់ផ្តើម​ធ្លាក់​ភ្លៀង​ឥត​ស្រាក​ស្រា​ន្ត​ បណ្តាល​ឱ្យ​ដក់​ទឹក​ពេញ​ផ្ទៃ​ចម្ការ​ ធ្វើ​ឱ្យ​មើមដំឡូង​មី​របស់​ខ្លួន ដែល​ជិត​ប្រមូល​ផល​ទៅ​ហើយ ទទួល​រង​ការ​ស្អុយរលួយ​ជា​បណ្តើរ​ៗ បើសិនជា​មិន​ប្រមូល​ផល​ឱ្យទាន់​ពេលវេលា គឺ​អាច​នឹង​ខូចខាត​ទាំងអស់​តែ​ម្តង ​។

គាត់​បញ្ជាក់​ទាំង​ទឹកមុខ​ក្រៀម​ស្រពោន​ទៀត​ថា ទោះបីជា​យ៉ាងណា មើមដំឡូង​មី​នៅ​ត្រង់​កន្លែង​ខ្លះ ចាប់ផ្តើម​ស្អុយរលួយ​អស់ហើយ ណាមួយ​នៅ​ក្នុង​ដីចម្ការ​ជ្រៅ​ៗ លំបាក​ក្នុង​ការ​ដឹក​យក​ចេញ ព្រោះ​នៅ​ឆ្ងាយ​ពី​ផ្លូវ ទោះបីជា​គោ​យន្ត​កន្ត្រៃ ឬ​ត្រាក់ទ័រ ក៏​មិន​អាច​បើក​ចូល​ទៅ​ដឹក​មើមដំឡូង​មី​ទាំងនេះ​បាន​ដែរ ព្រោះ​ដី​សើម​ដក់​ទឹក​អាច​នឹង​ជាប់ផុង​ថែម​ទៀត​ ។ មាន​តែ​រើស​ដាក់​ក្នុង​កញ្ឆេ រួច​លី​ចេញ​ទៅ​ថ្នល់ជាតិ​ម្តង​បន្តិច​ៗ ដែល​ការ​ប្រមូល​ផល​នេះ មិន​ទាន់​សភាព​ការ​នោះ​ទេ​។ ចំណែក​នៅ​តាម​ស្តង់​នីមួយ​ៗ​ថៅកែ​ទិញ​មើមដំឡូង​មី​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​២.១​បាត (​ប្រាក់​ថៃ​) ជាង​២០០​រៀល​ប៉ុណ្ណោះ ហើយ​ក៏​កាត់ថ្លៃ​ស្អុយ​ខូចខាត ដោយ​មើមដំឡូង​មី​ទម្ងន់​១​តោន គេ​កាត់​ភ្នែកជញ្ជីង រហូត​ដល់​២០០​គីឡូក្រាម​ឯណោះ​។

ទោះបីជា​មេឃ​កំពុង​ធ្លាក់​ភ្លៀង ​ក៏​ពួក​គាត់​មិន​ឈប់​បង្អង់​ដែរ គឺ​នាំ​កម្មករ​ប្រមូល​ផល​ទាំង​មានទឹក​ត្រឹម​ជង្គង់ ហើយ​នៅ​ថ្ងៃនេះ ទើបតែ​ប្រមូល​ផល​បាន​ជាង​១​តោន​ប៉ុណ្ណោះ ខណ​:​ដែល​មើមដំឡូង​មី​កំពុង​លិចលង់​ដោយសារ​ទឹកភ្លៀង​អស់​រយ​:​ពេល​ជិត​កន្លះ​ខែ​ពេញ​ផ្ទៃ​ចំការ​តែ​ម្តង​ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មើមដំឡូង​មី​ប្រជាពលរដ្ឋ​ទាំង​នៅ​តំបន់​ទំនាប ក៏​ដូច​ជា​កន្លែង​ខ្ពស់​ៗ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ទទួល​រង​ការ​រលួយ​អស់​ជា​ច្រើន​ផង​ដែរ ខណ​:​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​ពេក បណ្តាល​ឱ្យ​ទឹក​ដក់​នៅ​ក្នុង​ដីចំការ ឬ​សើម​ជាប់​ជា​និច្ច ​។ ដូច្នេះ ទោះបីជា​មើមដំឡូង​មី​មិន​ទាន់​គ្រប់​ខែ​ត្រូវ​ប្រមូល ក៏​នាំ​គ្នា​ប្រមូល​ទាំង​បង្ខំចិត្ត យក​ទៅ​លក់​បាន​ថវិកា​សម្រាប់​សង​ជំពាក់​បំណុល​​គេ និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ​៕ ​

អត្ថបទសរសេរ ដោយ