ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​វត្ត​តា​សុត កំពុង​ល្បីល្បាញ​រឿង​ព្រះសង្ឃ​១​អង្គ ផ្អើល​ពុទ្ធ​បរិ​សទ​ទៅ​ភ្លូកទឹកភ្លូកដី​(​វី​ដេ​អូ​)

6 ខែ មុន
  • កំពង់ឆ្នាំង

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មានរឿង​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​ពី​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​អាស្រម​លោកតា​សុត បច្ចុប្បន្ន​បាន​ក្លាយជា​វត្ត

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មានរឿង​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​ពី​ព្រះសង្ឃ​មួយ​អង្គ គង់នៅ​អាស្រម​លោកតា​សុត បច្ចុប្បន្ន​បាន​ក្លាយជា​វត្ត «​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម​» ហៅ​វត្ត​តា​សុត ស្ថិត​នៅ​ក្នុងភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម ដោយ​ខ្លះ​និយាយ​តាម​បែប​ជំនឿ​មាន​បារមី​ចេះ​មើលជំងឺ និង​ខ្លះ​ទៀត​និយាយ​បែប​រវើរវាយ ដោយ​កំណត់​ព្រះ​ជន្ម​ព្រះ​អង្គ រហូត​ទៅ​ដល់​១២២​ព្រះ​វស្សា​។

យ៉ាងនេះ​ក្តី ព្រះ​អង្គ​ក៏​ធ្លាប់​បាន​បដិសេធ​រួច​ទៅ​ហើយ តាម​រយៈ​បណ្តាញ​សង្គម​ថា អ្វី​ៗ​មិន​ពិត​ដូច​ការ​លើក​ឡើង​ទេ​។ ដូច្នេះ​ដើម្បី​ដឹង​ឱ្យ​បាន​ច្បាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​នេះ ភ្នាក់ងារ​កោះសន្តិភាព​យើង​បាន​ទៅ​ដល់​វត្ត​នោះ​ហើយ ប៉ុន្តែ​មិន​បាន​ជួប​ព្រះ​គ្រូ​ចៅអធិការ​ទេ ដោយ​គណៈកម្មការ និង​តា​អាចារ្យ បាន​ប្រាប់​ថា ៖ «​ព្រះ​អង្គ​បាន​និមន្ត​ទៅ​រាជធានី​ភ្នំពេញ​ហើយ​»​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ហែម ទី​ន អាយុ​៦០​ឆ្នាំ ជា​មេ​ភូមិ​ប៉ាត​ឡា​ង ដែល​កំពុង​បញ្ជា​ក្រុម​ប្រជា​ការពារ​រៀបចំ​សណ្តាប់ធ្នាប់​រថយន្ត បាន​បញ្ជាក់​ពី​ប្រវត្តិ​អាស្រម​តា​សុត បាន​ប្រែ​ក្លាយជា វត្ត «​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម​» ហៅ​វត្ត​តា​សុត នេះ​ថា ៖ «​កាលពី​៥​ឆ្នាំ​មុន មាន​ព្រះសង្ឃ​មួយ​អង្គា​ក្ងោក បាន​មក​តាំងទី​អាស្រម​លើ​ទី​នេះ មិន​បាន​១​វស្សា​ផង ក៏​និមន្ត​ចេញ ហើយ​ក៏​មាន​ព្រះសង្ឃ​ព្រះ​នាម «​ព្រះ​ធម្ម​វន​រាសី ច័ន្ទ មុនី​» បាន​មក​សុំ​ទីតាំង​ធ្វើ​អាស្រម​បន្ត ដែល​កាលនោះ នៅ​ចំណុច​ទួល​មួយ​ឈ្មោះ «​ទួល​កំពត​គុយ​» ។ ប៉ុន្តែ​ដោយសារ​តែ​នៅ​ទីនោះ ត្រូវ​ប្រជាពលរដ្ឋ​យក​ដី​ធ្វើស្រែ​ចម្ការ ហើយ​ដី​នៅ​សល់​រួម​តូច ក៏​បាន​លោកតា ព្រុំ សុត មាន​សទ្ធា​ច្រះ​ថ្លា ប្រគល់​ដី​ទំហំ​១០​គុណ​១០​ម៉ែត្រ នៅ​ចំណុចដើម​លាភ មាន​ចម្ងាយ​ពី​ទូល​កំពត​គុយ ប្រហែល​ជាង​២០០​ម៉ែត្រ មក​ធ្វើ​អាស្រម​ថ្មី​នៅ​ទីនោះ គឺ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ ២០១៨»​។

លោក​ជា​មេ​ភូមិ​ប៉ាត​ឡា​ង បន្ត​ថា «​ពេល​ដែល​ព្រះ​អង្គ​គង់នៅ ក៏​ចេះ​តែ​កសាង​ជា​បន្តបន្ទាប់ ដោយ​មាន​ពុទ្ធបរិស័ទ​ជួយ​ឧបត្ថម្ភ​ជា​បច្ច័យ ខ្លះ​ក៏​ជួយ​ទិញ​ដី​ដើម្បី​ពង្រីក​កសាង​បន្ថែម រហូត​ដល់​បច្ចុប្បន្ន ផ្ទៃដី​សរុប​ប្រមាណ​ជាង​៣​ហិ​កតា និង​បាន​ក្លាយជា​វត្ត​មួយ​មានឈ្មោះ​ថា «​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម​» ហៅ​វត្ត​តា​សុត ដោយ​បាន​កសាង​សាលាឆាន់ ព្រះ​វិហារ កុដិ ប៉ុន្តែ​បាន​តិចតួច និង​ខ្លះ​ទៀត​គ្រាន់តែ​បាន​ត្រឹមតែ​បុ​.​ក​គ្រឹះ​ចាក់​សសរ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ទាន់​មាន​ភាព​ល្បីល្បាញ​ដូច​បច្ចុប្បន្ន​នេះ​ដែរ​»​។

លោក​មេ​ភូមិ​ប៉ាត​ឡា​ង បាន​បញ្ជាក់​ថា «​ភាព​ល្បីល្បាញ​របស់​ព្រះ​អង្គ​ចៅអធិការ​វត្ត តា​សុត នេះ គឺ​ដោយសារ​តែ​ប្រហែល​ជាង​១​ខែ​មុន មាន​ព្រះសង្ឃ​ថៃ ដង្ហែ​ព្រះ​បដិមា​ចូល​មក​តម្កល់​នៅ​ទី​អារាម​មួយ​នេះ ដោយ​មាន​ពុទ្ធ​បរិ​ស័​ទ្ធ​ដង្ហែ​មក​ជា​ច្រើន ហើយ​ក៏​ចេះ​តែ​មានឈ្មោះ​បោះ​សំឡេង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​ល្បីល្បាញ​វត្ត និង​ព្រះ​កេ​ត្ត​នាម ព្រះ​អង្គ​ទៅ​»​។

លោក​ជា​មេ​ភូមិ​ប៉ាត​ឡា​ង បញ្ជាក់​បន្ត​ថា «​ចំពោះ​ព្រះ​ចៅអធិការ​វត្ត តា​សុត ដែល​ថា និមន្ត​មក​ពី​ប្រទេស​ថៃ ឬ​មក​ពី​ភ្នំ​ត្បែង​យ៉ាងណា​នោះ លោក​មិន​ប្រាកដ​ទេ គ្រាន់តែ​ដឹង​ថា ព្រះ​អង្គ​គង់នៅ​ក្នុង​វត្ត​អារាម​មួយ​នេះ តាំង​តែ​ពី​៥​ឆ្នាំ​មុន គ្រា​ដែល​មាន​ដី​ត្រឹម​១០​ម៉ែត្រ​៤​ជ្រុង និង​ជា​អាស្រម​តូច​មួយ​ប៉ុណ្ណោះ​។ តែ​ឮ​ថា ព្រះ​អង្គ​មាន​ញាត្តិ​ញោម​នៅ​រមាស ស្រុក​ទឹកផុស ។ យ៉ាងនេះ​ក្តី ក្រោយ​ពី​មាន​ភាព​ល្បីល្បាញ ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​ស្កាត់​មក​ជួប​ព្រះ​អង្គ​តាម​ជំនឿ បស់បង​ប្អូន គួប​ផ្សំ​នឹង​រដូវ​ដាក់​បិណ្ឌ​ផង ធ្វើ​ឱ្យ​ចំនួន​ពុទ្ធបរិស័ទ​កាន់តែ​ច្រើន​ឡើង ហើយ​ក្នុង​នាម​អាជ្ញាធរ ក៏​បាន​ចាត់ចែង​ក្រុម​ប្រជា​ការពារ ដោយ​ដាក់​វេន​គ្នា​ពេល​ថ្ងៃ​មានការ​រៀបចំ​សណ្តាប់ធ្នាប់ និង​យាមកាម​២០​នាក់ លុះ​ពេល​យប់​១០​នាក់ ដើម្បី​សុវត្ថិភាព​ផង​ដែរ​»​។

ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា លោក ស លាង បាន​បញ្ជាក់​ថា «​ទី​អាស្រម តា​សុត បាន​ក្លាយជា​វត្ត​អារាម តាម​ច្បាប់​កាលពី​ជាង​២​ឆ្នាំ​មុន ដោយ​ទទួលស្គាល់​ដោយ​ក្រសួង និង​មន្ទីរ​ធម្មការ​ចុះបញ្ជី​ការ​ត្រឹមត្រូវ មិនមែន​ជា​អាស្រម​ទៀត​ឡើយ​»​។

ហើ​យើ​ចំពោះ​បាតុភាព មិន​ប្រក្រតី​ធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​បណ្ដាញ​សង្គម ដែល​មាន​រូបថត​មួយ​សន្លឹក​ដោយ​ព្រះ​អង្គ​ដាក់​ជើង​លើ​ក្បាល​ពុទ្ធបរិស័ទ​ម្នាក់​កាលពី​កន្លង​ទៅ ត្រូវ​បាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពង់ឆ្នាំង ធ្វើការ​សាកសួរ​ព័ត៌មាន ដែល​មាន​សេចក្តី​បំភ្លឺ​ពី​ព្រះ​អង្គ​ចៅអធិការ​វត្ត​តា​សុត​ថា «​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៣ មាន​លោក ថោ​ង នី​ដា​មុនី រួម​នឹង​ពុទ្ធបរិស័ទ​ប្រមាណ​១០០​នាក់ បាន​ទៅ​ជួប​ព្រះ​អង្គ និង​បាន​សួរ​សំណួរ​ពី​ព្រះធម៌​២​ចំណុច​។ ពេល​ព្រះ​អង្គ​មាន​ថេរ​ដិ​ការ​បកស្រាយ​សំណួរ​បាន​ត្រឹមត្រូវ លោក ថោ​ង នី​ដា​មុនី ក៏​បាន​ថ្វាយបង្គំ និង​សុំ​ឱ្យ​អាត្មា​លើកជើង​ដាក់​លើ​ក្បាល តែ​អាត្មា​មិន​ព្រម សុំ​ត្រឹមតែ​ថ្វាយបង្គំ​បាន​ហើយ​។ តែ​ពេល​គាត់​ក្រាបថ្វាយបង្គំ​អាត្មាភាព លោក ថោ​ង នី​ដា​មុន ក៏​បាន​ទាញ​ជើង​អាត្មាភាព​ដាក់​លើ​ក្បាល​គាត់ ដោយ​អាត្មា​មិនដឹង​ខ្លួន​ឡើយ​»​។

តាម​សេចក្តី​បំភ្លឺ​ពី​ព្រះ​អង្គ​ចៅអធិការ​វត្ត​តា​សុត បាន​បន្ត​ទៀត​ថា «​ពាក់ព័ន្ធ​នឹង​រឿង​ព្រះ​ជន្ម​១២២​ព្រះ​វស្សា គឺ​លោក ថោ​ង នី​ដា​មុនី និង​ក្រុម​ញាតិ​របស់​គាត់​បាន​សួរ​តា​អាចារ្យ​នៅ​ក្នុង​វត្ត មុខ​រូបសំណាក​លោក​ឪ​សួង ហើយ​លោក​អាចារ្យ​បកស្រាយ​បញ្ជាក់​លោក​ថា លោក​ឪ​សួង បាន​សុគត​ក្នុង​ព្រះ​ជន្ម​៧៨​ព្រះ​វស្សា ហើយ​បើ​លោក​ឪ​សួង នៅ​មាន​ព្រះ​ជន្ម​ដល់​បច្ចុប្បន្ន​នេះ​វិញ គឺ​ប្រហែល​១២០​ព្រះ​វស្សា ដូច្នេះ​មិនមែន​អាត្មា​ព្រះ​ជន្ម​១២២​ព្រះ​វស្សា ដូច​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​កតាម​អាក់​ខោ​ន​ឈ្មោះ smey loy នោះ​ឡើយ​»​។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​រថយន្ត​រាប់រយ​គ្រឿង និង​មនុស្ស​ស្ទើរតែ​រាប់​ពាន់​នាក់ បាន​សម្រុក​នាំ​គ្នា​ទៅ​ទី​អារាម​លោកតា​សុត ក្នុង​គោលបំណង​ទៅ​គោរព​បូជា​ព្រះពុទ្ធ​សាសនា​ដាក់​បិណ្ឌ​៤ ផង និង​បាន​ជួប​ព្រះ​ភ័ក្ត្រ​របស់​ព្រះ​អង្គ​ផង​។ ប៉ុន្តែ​មិន​បាន​ជួប​នោះ​ទេ ដោយសារ​ព្រះ​អង្គ​និមន្ត​ចេញ​ទៅ​រាជធានី​ភ្នំពេញ​បាត់​ទៅ​ហើយ​។

យ៉ាងនេះ​ក្តី ពុទ្ធបរិស័ទ​ដែល​បាន​ចូល​វត្ត ក្រោយ​ពី​ប្រគេន​ចង្ហាន់​រួចរាល់ ខ្លះ​ក៏​ទៅ​ថ្វាយបង្គំ​រូបសំណាក​លោក​ឪ​សួង ខ្លះ​ទៀត​ក៏​ដើរទៅ​ក្រោយ​វត្ត​ដែល​មាន​ចម្ងាយ​ប្រហែល​ជាង​២០០​ម៉ែត្រ​ឆ្លង​អូរ ដើម្បី​ឃើញ​អាស្រម​លោកគ្រូ​ចៅអធិការ ដែល​មាន​រោង​៣-៤​ទៀត​នៅ​ក្បែរ​ៗ​គ្នា​។ ហើយ​ក៏​នាំ​គ្នា​ថតរូប​ជាមួយ​អាស្រម ដោយ​ការ​សោកស្ដាយ​ដែល​មិន​បាន​ជួប​ព្រះ​អង្គ​ផ្ទាល់​។

ជុំវិញ​ករណី​ល្បីល្បាញ​តាម​បណ្ដាញ​សង្គម ដោយ​ម្នាក់​ៗ​អះអាង​ថា «​ព្រះ​អង្គ​ចេះ​មន្តអាគម ព្យាបាល​ជំងឺ ទស្សន៍​ទាយ​ជោគវាសនា និង​ល្បីល្បាញ​ពូកែ​ស័ក្តិសិទ្ធិ​នោះ​» ព្រះ​អង្គ​ធ្លាប់​មាន​ថេរ​ដីកា​ហើយ​ថា «​ព្រះ​អង្គ​ពុំ​មាន​ចេះ​មើលជំងឺ ចេះ​មន្ត​វិជ្ជាការ​អ្វី​នោះ​ទេ គឺ​ព្រះ​អង្គ​ចេះ​តែ​ធម៌​ព្រះពុទ្ធ​តែ​ប៉ុណ្ណោះ​»​។ ចំណែក​ប្រវត្តិ​របស់​ព្រះ​អង្គ​ផ្ទាល់ មិន​បានដឹង​នោះ​ទេ គ្រាន់តែ​មាន​រូបថត​ខ្លះ ឃើញ​ព្រះ​អង្គ​ថត​នៅ​វត្ត ឬ​ទី​សក្ការៈ​ណាមួយ​នៅ​ប្រទេស​ថៃ​។

កោះសន្តិភាព​នឹង​ព្យាម​ស្វែង​យល់​ពី​ប្រវត្តិ​របស់​ព្រះ​អង្គ​បន្ថែម​ទៀត ដើម្បី​ជំរាប​ជូន​បន្ត​ឱ្យ​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ