ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​គ្រប់គ្រង និង​បញ្ជៀ​ស​ទឹក​មិន​ឱ្យ​លិច​តំបន់​ប្រាសាទ ខណៈ​ទឹក​ហក់​ឡើង​​​​ខ្លាំង

2 ឆ្នាំ មុន
  • សៀមរាប

ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ខ្លាំង ដើម្បី​គ្រប់គ្រង និង​បញ្ជៀ​ស​ទឹក ដែល​កំពុង​ហូរ​ពី​ផ្នែក​ខាងលើ មក​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ

ខេត្តសៀមរាប ៖ នៅ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៣​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​មមាញឹក​ខ្លាំង ដើម្បី​គ្រប់គ្រង និង​បញ្ជៀ​ស​ទឹក ដែល​កំពុង​ហូរ​ពី​ផ្នែក​ខាងលើ មក​ដល់​តំបន់​រមណីយដ្ឋាន​អង្គរ​។

លោក ភឿន សុ​ឃី​ម ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែតុលា​នេះ ស្ថានភាព​ទឹក​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​កំពុង​តែ​ហក់​ឡើង​ខ្លាំង​។ ហើយ​ដើម្បី​បង្ការ​បញ្ហា​ជន់​លិច​តំបន់​ប្រាសាទ តាម​ការ​ណែនាំ​របស់​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​មន្ត្រី​បើកទ្វារ​ទឹក និង​ត្រៀម​បញ្ជៀ​ស​ឱ្យ​បាន​ទាន់​ពេលវេលា​។ ជាក់ស្ដែង អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​ទឹកបាន​ទាំងស្រុង និង​មិន​មាន​ហានិភ័យ​ឡើយ​»​។

លោក ភឿន សុ​ឃី​ម បន្ថែម​ថា «​ទឹក​ទាំងនោះ បាន​បញ្ជៀ​ស​ទៅ​តាម​ទ្វារ​ទឹក​សំខាន់​ៗ​ដូច​ជា ៖ អូរ​ខ្លូត​, អូរ​រកា​ជាដើម​, ទម្លាក់​ទៅ​ស្ទឹង​ពួក​, ស្ទឹង​ព្រះ​ស្រុក និង​មួយ​ចំនួន​ទៀត បញ្ចូល​ទៅ​តា​មក​សិន្ធុ និង​បារាយណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​»​។

ស្ថានភាព​ទឹក​នៅ​ពេល​នេះ លោក ភឿន សុ​ឃី​ម បញ្ជាក់​ថា «​មាន​ស្ថានភាព​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​២០១៤»​។ យ៉ាងណាមិញ លោក​បញ្ជាក់​ថា «​អាជ្ញាធរ​ជាតិ​អប្សរា អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន ដោយ​មិន​បារម្ភ​ពី​ការ​ជន់​លិច​តំបន់​ប្រាសាទ និង​ក្រុង​សៀមរាប​ឡើយ ដ្បិត​សមត្ថភាព​ទ្វារ​ទឹក ដែល​បាន​សាងសង់​ថ្មី និង​ស្ដារ​ប្រព័ន្ធ​ទឹក​បុរាណ​មួយ​ចំនួន​ធំ​ឡើង​វិញ បម្រើ​ដល់​ការងារ​គ្រប់គ្រង​ទឹក​នេះ​»​។

ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​ថ្ងៃ​ខាង​មុខ ស្ថានភាព​ទឹកភ្លៀង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ធូរស្រាល​ទៅ​វិញ ហើយ​ទឹកនឹង​ស្រក​វិញ​ឆាប់​ៗ​ផង​ដែរ​។ លោក ភឿន សុ​ឃី​ម ស្នើ​ឱ្យ​ពលរដ្ឋ​យោគយល់​កំឡុង​ពេល​បើកទ្វារ​ទឹក​នេះ ដែល​អាច​ឱ្យ​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​អូរ​ជន់​លិច​ដោយសារ​បរិមាណ​ទឹក​ហូរ​ទៅ​ខ្លាំង និង​ច្រើន តែ​ថា​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ