ខេត្តកំពង់ធំ ៖ ទីបំផុត សាកសពក្មេងស្រីដែលលោតទឹកសម្លាប់ខ្លួនលើស្ពានកំពង់ធំ ត្រូវបានរកឃើញនៅវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ នេះ ស្ថិតនៅទឹកស្ទឹងសែន ក្នុងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សូមរំលឹកថា នៅរសៀលថ្ងៃទី០២ ខែតុលា ចាប់តាំងពីពេលដែលជនរងគ្រោះបានលោកពីលើស្ពានចូលទៅក្នុងទឹកស្ទឹងសែន កាលពីយប់ថ្ងៃទី០១ តុលា មកទល់រសៀសថ្ងៃទី០២ តុលានេះ កម្លាំងសមត្ថកិច្ចយើង និងកងរាជអាវុធហត្ថ គឺនៅមិនទាន់រកឃើញសាកសពរបស់យុវតីដែលលោតទឹកសម្លាប់ខ្លួននោះឃើញនៅឡើយទេ ។

ក្មេងស្រីរងគ្រោះខាងលើ ឈ្មោះ ម៉ៅ សុភាព អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី០៩ រៀននៅវិទ្យាល័យកំពង់ធំ ។ ជនរងគ្រោះជាក្មេងកំព្រាឪពុក មានម្ដាយឈ្មោះ ហាប់ សុផាន អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ គាត់បានចេញទៅរកស៊ីនៅខេត្តផ្សេង បច្ចុប្បន្ន ជនរងគ្រោះរស់នៅជាមួយដូនឈ្មោះ ជឹម ផាត អាយុ៧៦ឆ្នាំ នៅភូមិក្តី សង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ហេតុការណ៍ដែលយុវតីម្នាក់ខឹងជីដូន និងម្ដាយមីងស្ដីបន្ទោស គិតខ្លីលោតទឹកសម្លាប់ខ្លួនខាងលើនេះ បានបង្កការភ្ញាក់ផ្អើលមួយកើតឡើង កាលពីវេលាម៉ោងប្រមាណជា១៩ និង២៥នាទីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលើស្ពានថ្មកំពង់ធំ(ប៉ែកខាងកើត ដែលស្ពាននេះ ត្រូវបានកសាងឡើងកាលពីជំនាន់បារាំង) ស្ថិតនៅក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ។

មូលហេតុដោយសារតែជនរងគ្រោះខឹងជីដូនដែលនាងរស់នៅជាមួយស្ដីបន្ទោសអោយរូបនាងថា«មួយថ្ងៃៗគិតតែរឿងដើរលេង និងមើលមើលទូរស័ព្ទ មិនខំរៀនសូត្រ ត្រូវជិតប្រឡងផង ការងារផ្ទះក៏មិនចេះជួយ ដែលជាហេតុនាំអោយនាងខឹង គិតខ្លីក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនទៅ។



ចែករំលែកព័តមាននេះ