ខេត្តបាត់ដំបង ៖ ចាប់តាំងពីរដូវបិទនេសាទ រហូតមកដល់ពេលនេះ គេឃើញកម្លាំងសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន បានចុះបង្ក្រាបបទល្មើលនេសាទយ៉ាងសកម្ម រហូតដាក់កម្លាំងប្រចាំការ ដើម្បីតាមឃ្លាំមើល និងតាមបង្ក្រាបជាប្រចាំនៅតំបន់ទន្លេសាបទៀតផង តែហាក់ដូចជាពុំមានប្រសិទ្ធភាពប៉ុន្មានទេ។

ផ្ទុយទៅវិញ គេបែរជាសង្កេតឃើញបទល្មើសនេសាទនេះ ស្ទើរគ្រប់ប្រភេទ និងគ្រប់រូបភាពកើតមានស្ទើរគ្រប់កន្លែងពេលតំបន់បឹងទន្លេសាប ។ កាលពីថ្ងៃទី ០១ តុលា មន្ត្រីជលផល និងកម្លាំងសហគមន៍នេសាទជាង១០នាក់ បានចុះបង្ក្រាបបទល្មើសនេសាទនេះ និងបានកាប់បំផ្លាញចោល នូវឧបករណ៍នេសាទល្មើសច្បាប់ ដែលពួកជនល្មើសបានដាក់ពង្រាយ នៅក្នុងអតីតដែនឡូត៍នេសាទលេខ២ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ។

បើតាមរបាយការណ៍បានឲ្យដឹងថា ឧបករណ៍នេសាទល្មើសច្បាប់ ដែលមន្ត្រីជំនាញកាប់បំផ្លាញចោលនោះមាន សាច់អួនប្រវែល១១០០ម៉ែត្រ បង្គោលឈើចំនួន៧០០ដើម ឡុកចាប់ត្រីចំនួន០៤ឡុក និងព្រលែងកូនត្រីចម្រុះចូលទឹកវិញប្រហែល១០០គីឡូក្រាម តែរបាយការណ៍នេះ មិនបានបង្ហាញអត្តសញ្ញាណ ម្ចាស់បតល្មើសណាម្នាក់ទេ ។

ពាក់ព័ន្ធនឹងបទល្មើសនេសាទនេះដែរ បើតាមប្រភពព័ត៌មាន ដែលកោះសន្តិភាពទទួលបានពីប្រជានេសាទនៅឃុំកោះជីវាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី០២ តុលា នេះថា បច្ចុប្បន្ន គេឃើញមន្ត្រីជលផល ឬសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន បានចុះបង្ក្រាបបទល្មើសនេសាទនេះស្ទើររាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែង នៅតំបន់ទន្លេសាប ហើយថែមទាំងបានរឹបអូស ឬកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ (សាច់អួន) រាប់ពាន់ រាប់ម៉ឺនម៉ែត្រទៀតផង តែហាក់មិនបានគំរាមកំហែង ដល់សកម្មភាពរបស់ពួកជនល្មើសឡើយ ។

ប្រភពដដែលបានទម្លាយឲ្យដឹងថា ពេលនេះ ពួកជនល្មើសហាក់កំពុងបង្កើនសកម្មភាពប្រព្រឹត្តបទល្មើសទ្វេដង ហាក់ផ្គើនទៅនឹងកិច្ចប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច។ បើតាមការបញ្ជាក់ពីប្រប្រជាពលរដ្ឋ បទល្មើសនេសាទដែលគេប្រទះឃើញកំពុងកើតមានច្រើនស្អេកស្កះ គឺមាននៅចំណុច «ពាក់កន្ទេល» ក្នុងអតីតដែនឡូត៍មេសាទលេខ២ ក្នុងឃុំកោះជីវាំង និងនៅចំណុច«ស្វាឆ្លង» ស្ថិតក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ ។

បទល្មើសនេសាទបាននិងកំពុងពង្រីកខ្លួនយ៉ាងពេញទំហឹង នៅចំណុចខាងលើនេះ ដែលមន្ត្រីជំនាញ ឬសមត្ថកិច្ចហាក់មិនធ្លាប់ចុះបង្ក្រាបម្ដងណាឡើយ ។ យ៉ាងណា នេះគ្រាន់តែជាប្រភពព័ត៌មានបឋម ដែលកោះសត្តិភាពទទួលបានពីប្រជាពលរដ្ឋរស់នៅតំបន់ទន្លេសាប តែមន្ត្រីជំនាញ និងសមត្ថកិច្ចគួរតែចុះពិនិត្យនៅចំណុចខាងលើនេះ ដើម្បីមានវិធានការ ៕

ចែករំលែកព័តមាននេះ