ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស ជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ ស្តីពី ការងារ ឱ្យបានជ្រាបថា លោក លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣ថ្ងៃឈប់សម្រាកពីការងារនេះ ថ្ងៃទី១៤-១៥តុលា គឺចំថ្ងៃសៅរ៍-ថ្ងៃអាទិត្យ ដែលមិនមានលើកថ្ងៃឈប់សម្រាកនោះឡើយ។
សេចក្តីប្រកាសរបស់ក្រសួងការងារ បន្តថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នា ក្នុងពេលតែមួយ នាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់វេនគ្នា។
ក្រសួងការងារ បានបញ្ជាក់ថា កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបន្ថែមថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាស ស្តីពី ការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣៕
ចែករំលែកព័តមាននេះ