ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​ម៉ឺន​នាក់​ចាញ់បោក​អស់ប្រាក់​រាប់រយ​លាន​ដុល្លារ​ពី​គម្រោង​អចលនទ្រព្យ​ខ្យល់

6 ខែ មុន

វៀតណាម ៖ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​វៀតណាម​បាន​ប្រកាស​ថា ក្រុមហ៊ុន​អភិ​វឌ្ឍន៍​អចលនទ្រព្យ Nhat Nam Group បាន​ឆបោក​មនុស្ស​ចំនួន​២​ម៉ឺន​នាក់ ដោយ​បាន​ប្រមូលប្រាក់​ប្រហែល​៩​ទ្រី​លាន​ដុ​ង ស្មើនឹង​ជាង​៣៧០​លាន​ដុល្លារ​អា​មេ​រិ​ក…

វៀតណាម ៖ ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​វៀតណាម​បាន​ប្រកាស​ថា ក្រុមហ៊ុន​អភិ​វឌ្ឍន៍​អចលនទ្រព្យ Nhat Nam Group បាន​ឆបោក​មនុស្ស​ចំនួន​២​ម៉ឺន​នាក់ ដោយ​បាន​ប្រមូលប្រាក់​ប្រហែល​៩​ទ្រី​លាន​ដុ​ង ស្មើនឹង​ជាង​៣៧០​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​គម្រោង​លក់​អចល​ន​ទ្រព្យ​ខ្យល់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ ។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា កន្លង​ទៅ​ថ្មី​ៗ​នេះ លោក To An Xo អ្នក​នាំ​ពាក្យ​ក្រសួង​សន្តិសុខ​សាធារណៈ​បានឱ្យ​ដឹង​ថា ប្រាក់​ទទួល​បាន​តាម​រយៈ​កិច្ចព្រមព្រៀង​ពា​ណិជ្ជកម្ម​ចំនួន ៤៥,៥២៥​កិច្ចព្រមព្រៀង អំឡុង​ឆ្នាំ ២០២០ ដល់ ២០២២ ។ អ្នកនាំពាក្យ​ដដែល​រូប​នោះ បាន​បញ្ជាក់​បន្ថែម​ថា លោកស្រី Vu Thi Thuy ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន Nhat Nam Group បាន​ប្រើប្រាស់​ប្រាក់​ជាង​២៦​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​ចំណាយ​ផ្ទាល់ខ្លួន​ ។

វិនិយោគិន​ជាង​១១០​នាក់ បាន​សហការ​ជាមួយ​អាជ្ញាធរ អំឡុង​ពេល​ការ​ស៊ើបអង្កេត​ដោយ​បាន​អះអាង​ថា ពួក​គេ​បាន​ចាញ់បោក​អស់ប្រាក់​ជាង ៥.៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោកស្រី Vu Thi Thuy បាន​និយាយ​ថា ការ​វិនិយោគ និង​អាជីវកម្ម​របស់​ក្រុមហ៊ុន Nhat Nam Group មិន​ទាន់​ទទួល​បាន​ប្រាក់​ចំណេញ​នៅឡើយ​ទេ ហើយ​ការ​ស៊ើបអង្កេត​ដំបូង​បាន​បង្ហាញ​ថា ក្រុមហ៊ុន​នេះ គ្មាន​គម្រោង​អចលនទ្រព្យ​ណាមួយ នៅ​ក្នុង​ខេត្ត​ហូ​វ​ប៊ិ​ញ (Hoa Binh) និង​ខេត្ត​ប៊ិ​ញ ធួន (Binh Thuan) ដូច​អ្វី​ដែល​ពួក​គេ​បាន​ផ្សព្វផ្សាយ​ដល់​អតិថិជន​ខ្លួន​នោះ​ទេ​ ។

នៅ​ឆ្នាំ​២០១៩ លោកស្រី Vu Thi Thuy បាន​បង្កើត​ក្រុមហ៊ុន Nhat Nam Group ប៉ុន្តែ​គ្មាន​ភាគហ៊ុន​ណាមួយ នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទេ ខណៈ​ដែល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចាប់ពី​ឆ្នាំ ២០១៩ ដល់​ដើមឆ្នាំ ២០២១​បាន​បង្ហាញ​ថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​ដោយ​មានការ​ខាតបង់ អំឡុង​ពេល​នោះ​ ។

អាជ្ញាធរ​វៀតណាម​បាន​ចោទប្រកាន់​លោកស្រី Vu Thi Thuy ថា បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​លើ​គម្រោង​អចលនទ្រព្យ​មួយ​ចំនួន​ដោយ​សន្យា​ថា អតិថិជន​នឹង​ទទួល​អត្រា​ការ​ប្រាក់​ត្រឡប់​វិញ នៅ​ក្នុង​អត្រា​ចន្លោះ​ពី​៣៤-៤៦%​។ ប៉ុន្តែ​តាម​ពិត​អគ្គ​នាយិកា​រូប​នេះ បាន​ប្រើ​ប្រាក់​លុយ​ទទួល​បាន ដើម្បី​សង​ទៅ​អ្នក​ដែល​ឱ្យ​នាង​ខ្ចី​លុយ​ពី​មុន​។

អគ្គ​នាយិកា​រូប​នេះ ក៏​បាន​រៀបចំ​ស​ន្និ​សិ​ទ​សារព័ត៌មាន​ចំនួន​២ នៅ​ក្នុង​ខែមីនា និង​ខែកក្កដា ឆ្នាំ ២០២២ ដោយ​បាន​ទាក់ទាញ​មនុស្ស​ជាង​៥,៥០០​នាក់​។ លោកស្រី​ក៏​បាន​បើក​ការិយាល័យ​តំណាង​ចំនួន​៣២ នៅ​ទីក្រុង​ហាណូយ ហូ​ជី​មិ​ញ និង​តំបន់​ផ្សេង​ទៀត ដើម្បី​ផ្សព្វផ្សាយ​ក្រុមហ៊ុន និង​ប្រមូលប្រាក់​បន្ថែម​ទៀត​ ។

យ៉ាងណាមិញ អគ្គ​នាយិកា​រូប​ស្រស់​ខាងលើ ត្រូវ​បាន​ប៉ូលិស​ទីក្រុង​ហាណូយ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ស៊ើបអង្កេត​ពី​បទ​ទទួល​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាម​រយៈ​ការ​ឆបោក​៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ