ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple កំណត់​អំពី​បញ្ហា ​បណ្ដាល​ឱ្យ​ស៊េរី iPhone 15 ឡើង​​កម្តៅ​ខ្លាំង

6 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​ប្រកាស​ថា

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ បាន​ប្រកាស​ថា ខ្លួន​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន ដែល​បណ្តាល​ឱ្យ​ទូរស័ព្ទ iPhone 15 ដែល​ស៊េរី​ចុង​ក្រោយ​បំផុត​របស់​ខ្លួន ឡើង​ក្តៅ​ជាង​ការ​រំពឹង​ទុក រួម​ទាំង​បញ្ហា​កម្មវិធី​ដំណើរការ​នៅ​ក្នុង iOS 17 ដែល​នឹង​ត្រូវ​ជួសជុល​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) នា​ពេល​ខាង​មុខ​។

បន្ទាប់​ពី​មានការ​ត្អូញត្អែរ​យ៉ាងច្រើន​ពី​អ្នក​ប្រើប្រាស់​ថា iPhone ស៊េរី​ចុង​ក្រោយ​បំផុត​ឡើង​កំ​ដៅ​ខ្លាំង អំឡុង​ពេល​ប្រើប្រាស់ និង​ពេល​សាក​ថ្ម​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ Apple ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា iPhone ស៊េរី​ថ្មី​របស់​ខ្លួន អាច​ក្តៅ​ខ្លាំង​ក្នុង​រយៈពេល ២-៣ ថ្ងៃ​ដំបូង បន្ទាប់​ពី​ដំឡើង (Setting Up) ឬ​ការ​ស្តារ​ប្រតិបត្តិការ​ឡើង​វិញ (Restoring) ។

ក្រុមហ៊ុន​បន្ថែម​ទៀត​ថា បញ្ហា​មួយ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ៗ មួយ​ចំនួន ចំពោះ​កម្មវិធី​ភាគី​ទី​៣ (Third-party Apps) ដែល​បណ្តាល​ឱ្យ​ទូរស័ព្ទ​ផ្ទុក​លើស​ទម្ងន់​ប្រព័ន្ធ​ប្រតិបត្តិការ​។ នៅ​ត្រង់​ចំណុច​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ខ្លួន​កំពុងធ្វើការ​ជាមួយនឹង​អ្នក​បង្កើត​កម្មវិធី​លើ​ការ​ជួសជុល ដែល​កំពុង​ដំណើរការ​។ កម្មវិធី​ភាគី​ទី​៣ ដែល​បាន​បង្ក​បញ្ហា​រួម​មាន​ហ្គេ​ម Asphalt 9 កម្មវិធី Instagram និង​កម្មវិធី Uber ខណៈ​ដែល​កម្មវិធី Instagram បាន​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មវិធី​របស់​ខ្លួន​រួច​ហើយ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា កន្លង​ទៅ​។ បន្ថែម​លើស​ពី​នេះ​ទៀត ការ​ជួសជុល​កំហុស iOS 17 នា​ពេល​ខាង​មុខ នឹង​មិន​កាត់​បន្ថយ​ដំណើរការ ដើម្បី​ដោះស្រាយ​បញ្ហា​ឡើងក​ម្តៅ​របស់ iPhone នោះ​ទេ​។

ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង Cupertino រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​មួយ​នេះ បាន​គូសបញ្ជាក់​ថា iPhone 15 Pro និង Pro Max មិន​ទទួល​រង​ការ​ឡើង​កំ​ដៅ​ខ្លាំង ដោយសារ​តែ​ការ​រចនា​របស់​វា​នោះ​ទេ (Design) ផ្ទុយ​ទៅ​វិញ​សំបក​ទី​តានី​ញ៉ូ​ម​ថ្មី នាំ​ឱ្យ​ការ​សាយភាយ​កំ​ដៅ​មាន​ភាព​ប្រសើរ​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ម៉ូ​ដែល​ពី​មុន ដែល​ត្រូវ​បាន​រចនា​ឡើង​ពី​ដែក​អ៊ី​ណុ​ក​។ បញ្ហា​នេះ​មិនមែន​ជា​ហានិភ័យ​សុវត្ថិភាព ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ហើយនឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រើប្រាស់​រយៈពេល​វែង​របស់ iPhone ផង​ដែរ​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ