ខេត្តបាត់ដំបង ៖ ដោយសារជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែហក់ឡើងខ្លាំងនៅពេលនេះ រហូតបែកចេញហូរហៀរលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងលិចកំណាត់ផ្លូវជាច្រើនកន្លែងនៅក្នុងស្រុកបាណន់ នៅព្រឹកថ្ងៃទី ២៩ កញ្ញា នេះ គេឃើញអ្នកភូមិមួយចំនួនបាននាំគ្នាចម្លងម៉ូតូ និងអ្នកដំណើរយកលុយតាមរយៈគោយន្តច្នៃផង និងរទេះអូសផងយ៉ាងសប្បាយដៃ ។

កំណាត់ផ្លូវដែលត្រូវជំនន់ទឹកស្ទឹងហៀរលិចធ្ងន់ធ្ងរជាងគេ គឺកំណាត់ផ្លូវប៉ែកខាងលិចស្ទឹង ភ្ជាប់ពីក្រុងបាត់ដំបង ឆ្ពោះទៅស្រុកបាណន់ ។ ប៉ុន្តែកន្លែងជន់លិចខ្លាំងដែលអ្នកភូមិនាំគ្នាចម្លងម៉ូតូ និងអ្នកដំណើរយកលុយនៅចំណុចភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ។ បើតាមអ្នកភូមិបានប្រាប់ថា ចំណុចនេះត្រូវទឹកហូរកាត់លិចថ្នល់ចម្ងាយប្រហែល១០០ម៉ែត្រ ដែលអាចលិចពាក់កណ្ដាលម៉ូតូ ។

អ្នកភូមិនៅទីនោះបាននិយាយថា ទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំងចាប់តាំងពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ កញ្ញា ហើយនៅវេលាទៀបភ្លឺ ស្រាប់តែទឹកស្ទឹងចាប់ផ្ដើមហៀរលិចក្នុងភូមិ លិចផលដំណាំ និងលិចកំណាត់ផ្លូវត្រង់ចំណុចភូមិឥន្ទជិតនេះតែម្ដង ។ ចាប់តាំងពីព្រឹករហូតដល់រសៀលថ្ងៃដដែលនេះ គេឃើញក្រុមយុវជនជាច្រើននាក់បានគ្នាចម្លងម៉ូតូ និងអ្នកដំណើរយកលុយយ៉ាងគគ្រឹកគគ្រេង ដោយអ្នកខ្លះប្រើរទេះអូស រីឯអ្នកខ្លះទៀតប្រើប្រាសគោយន្តច្នៃដឹកម៉ូតូ ឬអ្នកដំណើរតែម្ដង ។

ក្រុមអ្នកស៊ីឈ្នួលចម្លងម៉ូតូ និងអ្នកដំណើរទាំងនោះបានប្រាប់ថា ចម្ងាយផ្លូវដែលលិចទឹកប្រវែងប្រហែល១០០ម៉ែត្រ ចម្លងម៉ូតូ០១គ្រឿងថ្លៃ៣០០០រៀល រីឯមនុស្សម្នាក់ថ្លៃ១០០០រៀល។ ពួកគេបានប្រាប់ថា បើមនុស្សប្រុសខ្លះគាត់ចេះជិះឆ្លងទឹក មិនរលត់ម៉ាស៊ីនទេ តែបើនារីៗហ៊ានជិះឆ្លងទឹកដឹងតែរលត់ម៉ាស៊ីនក្នុងទឹក១០០%តែម្ដង ។ ដូច្នេះហើយទើបអ្នកដំណើរភាគច្រើនត្រូវការចម្លងតាមរទេះអូស ឬដឹកតាមរថយន្តច្នៃ ជាពិសេស យុវសិស្ស ដែលត្រូវទៅសាលា ឬត្រឡប់ពីសាលាវិញ ។

ពាក់ព័ន្ធនឹងទឹកជំនន់បែកហៀរចេញពីស្ទឹងលិចភូមិលិចដំណាំ និងលិចផ្លូវនេះ អភិបាលស្រុកបាណន់ លោក ស្រេង សុខ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី២៩ កញ្ញា នេះថា សន្ទុះទឹកស្ទឹងសង្កែ បានចាប់ផ្ដើមឡើងខ្លាំងនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ កញ្ញា ហើយវាចាប់លិចលង់លំនៅឋានប្រជាពលរដ្ឋ និងផ្លូវថ្នល់នៅព្រឹថ្ងៃដដែលនេះ ។

លោកអភិបាលបានបញ្ជាក់ថា ផ្លូវថ្នល់នៅប៉ែកខាងលិខដងស្ទឹងសង្កែបានរងគ្រោះធ្ងន់ធ្ងរជាងគេ ត្រូវទឹកលិចចំនួន០៦កន្លែង ។ លោកបានបន្ថែមថា ក្នុងចំណោច០៦កន្លែង ដែលរងគ្រោះដោយសារទឹកបែកហៀរពីស្ទឹង គឺនៅចំណុច «អូរស្នោរ» ត្រូវលិចជ្រៅជាងគេ ដែលជាចំណុចប្រសព្វឃុំចំនួន០៣ គឺឃុំកន្ទឺ១ ឃុំកន្ទឺ២ និងឃុំចែងមានជ័យ រីឯចំនួន០៥កន្លែងទៀតនៅក្នុងឃុំឈើទាល ។

លោកស្រេង សុខា បានថ្លែងថា នៅត្រង់ចំណុច «អូរស្នោរ» ត្រូវទឹកលិចប្រវែងប្រហែល៧០ម៉ែត្រ តែពេលនេះ លោកបានឲ្យអាជ្ញាធរដែនដីបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្នហើយ ព្រោះទឹកជ្រៅ ហើយបង្វែរឲ្យអ្នកដំណើរត្រូវធ្វើដំណើរវាងចូលតាមភូមិវិញ ។ ដោយឡែក ចំពោះកំណាត់ផ្លូវដែលលិចលង់ចំនួន០៥កន្លែងទៀតអាចធ្វើដំណើរបាន ។

ចំពោះលំនៅឋានប្រជាពលរដ្ឋវិញ លោកស្រេង សុខា បានបញ្ជាក់ដែរថា ទំនងប៉ះពាល់ច្រើនណាស់ ទាំងផ្ទះសម្បែង ទាំងដំណាំកសិកម្ម និងផ្លូវថ្នល់ ដែលនៅតាមដងស្ទឹង ។ ប៉ុន្តែលោកពុំទាន់អាចនិយាយឲ្យជាក់លាក់បានទេ ព្រោះពេលនេះមន្ត្រីមូលដ្ឋាន បាននិងកំពុងមមាញឹកក្នុងការចុះតាមដាន និងពិនិត្យជាក់ស្ដែងនៅតាមមូលដ្ឋាន ។

លោកអភិបាលបានបញ្ជាក់បន្ថែមថា ជំនន់ទឹកដែលហូរហៀរចេញពីដងស្ទឹងនេះ បានប៉ះពាល់ខ្លាំង គឺប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងតែម្ដង ។ សូមបញ្ជាក់ដែរថា បើគិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៩ កញ្ញា កំពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់កំពស់១៤ម៉ែត្រហើយ ដែលជាកំរិតនៃការប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។ នេះបើតាមមន្ត្រីជំនាញដែលបានចុះតាមដាននិងពិនិត្យនៃការវិវឌ្ឍន៏សន្ទុះទឹកស្ទឹងសង្កែ ៕


ចែករំលែកព័តមាននេះ