រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញស្ថានភាពទឹកជំនន់ វាយប្រហារភូមិឋានប្រជាពលរដ្ឋ នៅតំបន់មួយចំនួន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត តាមដាន និងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដែលពួកគាត់រងគ្រោះដោយសារទឹកជំនន់ ។
យោងតាមសារសំឡេង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «ខ្ញុំសូមឲ្យឯកឧត្តម-លោកជំទាវ អភិបាលរាជធានី-ខេត្តទាំងអស់ គឺត្រូវក្ដាប់ឲ្យជាប់ តាមដានឲ្យជាប់ ដោះស្រាយឲ្យទាន់ពេលវេលា ក្នុងករណី ដែលមានបញ្ហាទឹកជំនន់ ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះ ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់» ។
សម្ដេចធិបតី បន្ដថា ក្នុងដំណាក់កាលនេះ គឺត្រូវត្រៀមរៀបចំកម្លាំងមធ្យោបាយសម្ភារ ដើម្បីធ្វើយ៉ាងណាសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណី ដែលមានទឹកជំនន់ប៉ះពាល់ ក្នុងតំបន់តាមបណ្ដារាជធានី-ខេត្ត។
សម្ដេចក៏បានណែនាំ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមដានឲ្យបានជាប់លាប់ សហការជាមួយគណៈអភិបាលរាជធានី-ខេត្ត ក្នុងការត្រៀមមធ្យោបាយអន្តរាគមន៍ សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្ត មានតម្រូវការ។ ក្រៅពីនេះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវត្រៀមកម្លាំង មធ្យោបាយ ជួយអន្តរាគមសង្គ្រោះប្រជាពលរដ្ឋដូចគ្នា ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័ន្ធពាក់ព័ន្ធ ត្រូវត្រៀមស្បៀង សម្ភារបរិក្ខា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងករណីមានការស្នើសុំពីរាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក៏ត្រូវត្រៀមស្រូវពូជ ក្នុងករណីផលរងប៉ះពាល់ធំ និងស្ដារឡើងវិញ នូវដំណាំរបស់កសិករ ៕






ចែករំលែកព័តមាននេះ