បរទេស ៖ យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស «LiveScience» បានរាយការណ៍ប្រាប់ឱ្យដឹងថា មានត្រីឆ្លាមមួយប្រភេទ ត្រូវគេស្គាល់ឈ្មោះថា «Methuselah» គឺជាត្រីសួតមួយក្បាល ដែលគេដាក់នៅក្នុងអាងចិញ្ចឹមត្រី Steinhart ស្ថិតក្នុងទីក្រុង San Francisco ហើយវាក៏ជាត្រីមួយក្បាលមានវ័យចំណាស់ជាងគេបំផុត ដែលមានអាយុប៉ាន់ស្មានប្រហែលជាចន្លោះចាប់ពី៩២ឆ្នាំរហូតទៅដល់១០១ឆ្នាំឯណោះ។

ត្រី Methuselah នេះដែរ វាត្រូវបានគេដឹកមកដល់ទឹកដីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៣៨ នៅលើទូកចំហុយយកមកពីប្រទេសអូស្ត្រាលី រួមជាមួយនឹងត្រីចំនួន២៣០ក្បាលផ្សេងទៀត។ ហើយសព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វាជាសត្វត្រីញី បើទោះបីជាពួកគេមិនអាចប្រាកដច្បាស់យ៉ាងណាក៏ដោយ អាចនិយាយបានថា វាគឺជាត្រីតែមួយគត់នៅក្នុងចំណោមត្រីទាំងអស់ដែលបានចាកចេញពីទូកចំហុយ។

ត្រីមួយក្បាលនេះ កាលពីមុនគ្រាន់តែជាត្រីដ៏សែនតូចមួយក្បាលតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ វានៅតែខំប្រឹងបន្តលូតលាស់រហូត ដូចឆ្នាំកន្លងទៅអញ្ចឹង ហើយជីវិតរបស់ត្រីនេះត្រូវបានគេដាក់នៅក្នុងអាងចិញ្ចឹមត្រី ដែលមើលទៅដូចជាសាកសមនឹងវាខ្លាំងណាស់។ ជាពិសេស អ្នកដែលសម្លឹងមើលត្រីនេះ នៅតាមជញ្ជាំងកញ្ចក់ហាក់មិនមានអារម្មណ៍តានតឹង ឬមួយក៏មានអារម្មណ៍ថា ភ័យខ្លាចចំពោះត្រីមួយក្បាលនេះសូម្បីតែបន្តិចឡើយ។ ហើយត្រីនេះ នៅតែហែលចុះឡើងៗ ដូចជាសប្បាយរីករាយជាមួយនឹងការសម្លឹងមើលរបស់អ្នកទស្សនាជាខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។

ដើមឡើយ ត្រីក្បាលមួយនេះ ត្រូវបានគេផ្តល់ងារឱ្យថា ជាត្រីមួយប្រភេទដែលចំណាស់ជាងគេបំផុតនៅក្នុងការចាប់ចងកាលពីឆ្នាំ២០១៧ ខណៈពេលដែលអ្នកជំនាញប៉ាន់ស្មានថា ត្រីនេះមានអាយុប្រហែល៨៤ឆ្នាំ។ យ៉ាងណាមិញ បើទោះជាការធ្វើតេស្តថ្មីៗនេះ បានបើកបង្ហាញឱ្យឃើញថា ត្រី Methuselah មានអាយុច្រើនជាងគេនៅក្នុងការរំពឹងទុកពីមុន។ យ៉ាងហោចណាស់ វាប្រហែលជាមានអាយុ៩២ឆ្នាំ ឬរហូតដល់១០១ឆ្នាំក៏ថាបាន។

ត្រី Methuselah ឬហៅថា lungfish គឺជាប្រភេទត្រីដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅលើផែនដី ប៉ុន្តែក៏ជាប្រភេទត្រីដែលពិបាករក និងពិនិត្យមើលបំផុតនៅក្នុងកាលបរិច្ឆេទត្រឹមត្រូវផងដែរ។ ព្រោះថា វាច្រើនតែមានការទាក់ទងទៅនឹងភាពខុសគ្នានៃប្រភេទត្រីផ្សេងទៀត ហេតុដូចនេះហើយ អ្នកវិទ្យាសាស្ត្រក៏បានរំលឹកថា ជាធម្មតាពួកគេតែងតែប្រមូលឆ្អឹងត្រចៀករបស់ត្រីយកមកទុក បន្ទាប់ពីការងា.ប់របស់ពួកវា ហើយរាប់វាដូចជាចិញ្ចៀនដើមឈើ ដើម្បីប៉ាន់ស្មានអាយុរបស់ពួកវា ប៉ុន្តែត្រីសួត ហាក់មានឆ្អឹងត្រចៀកខុសគ្នាខ្លាំងណាស់។

តាមពិតទៅ ពួកវាមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមនុស្ស ឬគោ ជាជាងត្រីសាម៉ុង ឬត្រីឆ្ដោ។ ត្រី Methuselah ឬហៅថា Lungfish នេះ វាអាចដកដង្ហើមខ្យល់បាន ដោយប្រើសួតតែមួយ នៅពេលដែលពួកវាចេញផុតពីទឹក ឬនៅពេលដែលសមាសធាតុទឹកមានការផ្លាស់ប្តូរ ហើយពួកវាក៏មានហ្សែនធំជាងគេ ក្នុងចំណោមសត្វដែលគេស្គាល់ទាំងអស់ផងដែរ គឺ៤៣ពាន់លានគូមូលដ្ឋាន។ នេះគឺប្រហែល១៤ដង នៃចំនួនគូនៅក្នុងមនុស្ស។

ភ្លាមៗនោះផងដែរ លោក David T Roberts ត្រូវជាអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ ស្ថិតនៅ Seqwater បានប្រាប់កាសែតមួយ ដែលមានឈ្មោះ «The Guardian» បែបនេះថា «ពន្ធុវិទ្យា គឺពិតជាសាមញ្ញណាស់សម្រាប់ត្រីធម្មតា ប៉ុន្តែសម្រាប់ត្រីសួត ពួកវាមានលក្ខណៈប្លែក និងខុសគ្នាខ្លាំង ដែលបច្ចេកទេសទាំងអស់នោះមិនដំណើរការ ឬមិនអាចពិនិត្យមើលឃើញអំពីដំណើរការមួយនេះបានទេ។ វាតែងតែរុញស្រោមសំបុត្រជានិច្ចនៅពេលចាប់ផ្ដើមយកវាទៅពិនិត្យ លើការចង់ដឹង ដើម្បីលាតត្រដាងបង្ហាញនូវអាថ៌កំបាំងខ្លះៗរបស់វា ដើម្បីអាចគ្រប់គ្រង និងអភិរក្សវាបាន ហើយអាយុរបស់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើត្រីនោះ ពិតជាមានអារម្មណ៍កា.ចសា.ហាវ ឬធ្វើសកម្មភាពដែលពួកគេធ្លាប់ធ្វើនៅពេលវាចាស់ យើងមិនអាចគ្រប់គ្រងពួកវាបាននោះឡើយ បើប្រៀបធៀបទៅនឹងត្រីដែលក្មេងជាង។

នោះជាការពិបាកប្រាប់ខ្លាំងណាស់ ប៉ុន្តែអ្នកជំនាញមួយចំនួនទៀត បានជឿជាក់យ៉ាងមុតមាំថា ត្រីដែលមានវ័យចំណាស់មានសញ្ញាណខ្លះៗ ដូចជា ៖ ការផ្លាស់ប្តូរឆ្អឹងខ្នង ការសម្រកទម្ងន់ ភ្នែកពពក សូម្បីតែជញ្ជីងពណ៌ប្រផេះ។ ទោះជាយ៉ាងណាក៏ដោយ គ្មានឃើញអ្វីទាំងអស់ ដែលស្ថិតនៅជុំវិញរាងកាយរបស់វាទេ ដោយពួកគេបានសង្កេតមើល តែរកមិនឃើញមាននៅក្នុងត្រី Methuselah នោះឡើយ។

បន្ទាប់មក នាយកអាងចិញ្ចឹមត្រី ក៏បានចេញមុខមកនិយាយប្រាប់អំពីការផ្លាស់ប្តូរពណ៌បន្តិចបន្តួចរបស់ត្រី Methuselah ផងដែរ រយៈពេលប៉ុន្មានឆ្នាំមកនេះថា «យើងមិនដឹងថា តើវាពិតជាមានជាប់ទាក់ទងទៅនឹងអាយុរបស់វា ឬក៏អត់នោះទេ? ប៉ុន្តែវាជារឿងតែមួយគត់ ដែលយើងបានឃើញនៅលើរូបរាងកាយរបស់វា ដែលមើលទៅខុសពីត្រីនេះ»។

គួរឱ្យដឹងផងដែរថា ត្រី Methuselah គឺជាប្រភេទសត្វមួយមិនងាយរកឃើញនៅអ្វីដែលពាក់ព័ន្ធនឹងវាដោយងាយៗនោះទេ វានៅតែរក្សាអាថ៌កំបាំងជាច្រើនដែលមិននឹកស្មានដល់ ប៉ុន្តែអ្នកវិទ្យាសាស្ត្របានប្តេជ្ញាចិត្តពិនិត្យមើលឱ្យឃើញ ដើម្បីស្វែងរកការពិតអំពីពួកវាឱ្យបាន។ ទន្ទឹមនឹងនោះដែរ សម្រាប់ពេលនេះ យើងនៅមិនទាន់អាចដឹងថា វាគឺជាត្រីដែលចំណាស់ជាងគេបំផុតនៅក្នុងការជាប់ឃុំឃាំងដែរ ឬក៏អត់នោះទេ? ប៉ុន្តែបើតាមការវិនិច្ឆ័យសម្លឹងមើល ដោយរូបរាងដ៏រស់រវើករបស់ត្រីនេះវិញ វាអាចនឹងក្លាយទៅជាត្រីប្រវត្តិសាស្ត្រមួយក្បាល ដែលមានអាយុច្រើនជាងគេបង្អស់ ចំពោះត្រីដទៃនៅលើពិភពលោក៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ