ខេត្តកណ្តាល ៖ សំដៅចូលរួមចំណែក ក្នុងការរក្សាបរិស្ថានល្អ អាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ។
លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ បានឲ្យដឹងថា យុទ្ធនាការនេះ មិនគ្រាន់តែផ្សព្វផ្សាយឲ្យបងប្អូនអាជីវករ បានយល៎ដឹងបន្ថែមទៀតពីការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីកប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរស្រុក ក៏បានឲ្យដឹងពីការរៀបចំសណ្តាប់ឆ្នាប់ក្នុងការលក់ដូរ ការទទួលភ្ញៀវ និងណែនាំមិនឲ្យមានការឈរបក់ដៃ ឬទាញដៃភ្ញៀវ ដើម្បីបង្ខំឲ្យចូលក្នុងទីតាំងរបស់ខ្លួនទៀតឡើយ ។
លោកអភិបាលរង បានលើកទ្បើងថា អាជ្ញាធរបានអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនអាជីវករ ត្រូវរៀបចំកន្លែងឲ្យមានរបៀបរៀបរយល្អ និងមានអនាម័យ ហើយតម្លៃវិញ ក៏ត្រូវកម្រិតឲ្យបានសមរម្យ ដោយមិនអនុញ្ញាតឲ្យលក់លើសតម្លៃកំណត់ នោះទេ ។
លោកបន្តថា អ្វីសំខាន់ជាងនេះទៀតនោះ ក្នុងតូបនីមួយៗ ត្រូវរៀបចំឲ្យមានធុងសំរាម មិនឲ្យបោះសំរាមពាសវាលពាសកាលនោះទេ ខណៈដែលកន្លងមក តូបភាគច្រើន ពុំមានធុងសំរាម ហើយភ្ញៀវ ក៏មិនដឹងទុកដាក់សំរាមនៅទីណា ទាំងនេះហើយធ្វើអោយប៉ះពាល់ដល់បរិស្ថាន ។
លោក ពៅ គឹមលី ក៏បានទទួលស្គាល់ដែរថា មកដល់ពេលនេះ ម្ចាស់តូបមួយចំនួន នៅតែមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ លើបញ្ហាតម្លៃម្ហូបអាហារ ខណៈដែលពួកគាត់ នៅតែលក់ម្ហូបអាហារ ក្នុងតម្លៃខ្ពស់ហួសហេតុ និងបង្កការថ្នាំងថ្នាក់ពីភ្ញៀវទេសចរ ប៉ុន្តែការចុះមកលើកនេះជាការដាស់តឿន លោកអាចនិយាយថា ជាលើកចុងក្រោយហើយ បើម្ចាស់តូច នៅតែមិនគោរពតាមការណែនាំនោះ អាជ្ញាធរនឹងសម្រេចបិទតូបរបស់អាជីវករនោះ រយៈពេលមួយខែ ជាការដាក់ពិន័យលើកទី១ ហើយបើគាត់នៅតែបន្តឲ្យមានការខុសឆ្គងទៀតនោះ អាជ្ញាធរនឹងបិទជាស្ថាពរ តែម្តង ។
ជាថ្មីម្តងទៀតលោកអភិបាលរង ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរ កុំភ្លេច ឬមើលរំលង បណ្ដារមណីយដ្ឋាននៅស្រុកកៀនស្វាយ ពិសេសរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ហើយសូមមកកម្សាន្តឲ្យបានច្រើនកុះករ នារដូវបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។
ចំណែកលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក នៅរមណីដ្ឋានវត្តកៀនស្វាយក្រៅនេះ គឺជាទីតាំងទី៣ ក្នុងយុទ្ធនាការនៅថ្ងៃនេះ ហើយគោលដៅរបស់មន្ទីរបរិស្ថាន គឺដើម្បីឲ្យពួកគាត់ បានយល់ដឹងបន្ថែមទៀតពីផលប៉ះពាល់ នៃការប្រើប្រាស់ថង់ផ្លាស្ទីក និងចូលរួមក្នុងការបន្ថយការប្រើប្រាស់ ការសម្អាតបរិស្ថានអនាម័យល្អ ក្នុងរមណីយដ្ឋាន ។
លោកអះអាងថា មកដល់ពេលនេះ បងប្អូនអាជីវករ រួមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស មានការយល់ដឹងច្រើនហើយ អំពីផលប៉ះពាល់បរិស្ថានដោយសារការប្រើថង់ផ្លាស្ទីក ប៉ុន្តែយើងនៅតែបន្តការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ដោយធ្វើដូចភ្លៀងរលឹម ដើម្បីបំផុសការយល់ដឹង និងប្រមូលការចូលរួមការពារ សម្អាតបរិស្ថាន នៅទូទាំងមូលដ្ឋានស្រុកកៀនស្វាយ ក៏ដូចទូទាំងខេត្តកណ្តាល ។
កន្លងមក រមណីយដ្ឋានវត្តកៀនស្វាយក្រៅ ដែលជារមណីយដ្ឋានចំណាស់មួយ ក្នុងចំណោមរមណីយដ្ឋានផ្សេងៗទៀត ស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ ធ្លាប់ទទួលរងការរិះគន់ពីភ្ញៀវទេសចរជាច្រើនករណី រឿងកា.ប់ឆៅ គឺគិតថ្លៃម្ហូបកប់ពពក និងថ្លៃតូបជាដើម ៕
ចែករំលែកព័តមាននេះ