រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរដើររើសអេតចាយត្រូវបានប្រពន្ធប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលលេខ១៣៨ ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ឧសភា ២០១១ ក្រោយពីបុរសនោះត្រូវបានសាច់ញាតិជិតខាងរិះគន់ថា រស់ដោយសារប្រពន្ធចិញ្ចឹម ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសដែលគិតខ្លីសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងផ្ទះនោះមានឈ្មោះវរៈ ថាណាត់ អាយុ២៩ឆ្នាំ មុខរបរដើររើសអេតចាយ ប្រពន្ធឈ្មោះអោក បូរី អាយុ២៣ឆ្នាំ មុខរបររត់តុ នៅភោជនីយដ្ឋានរាត្រីសំបូរ ស្នាក់នៅផ្ទះជួលលេខ១៣៨ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រពន្ធបុរសរងគ្រោះបានរៀបរាប់ឱ្យសមត្ថកិច្ចដឹងថា មុនពេលធ្វើអត្តឃាតនេះបុរសជាប្តីបានអង្វរករគាត់សុំប្តូរផ្ទះ ព្រោះគេមិនអាចទ្រាំទ្រពាក្យសម្តីរិះគន់ពីអ្នកជិតខាងថា «រស់ដោយសារប្រពន្ធរកស៊ីចិញ្ចឹម» នោះទេ តែស្ថានភាពបច្ចុប្បន្នមិនអាចឱ្យគាត់ផ្លាស់ប្តូរផ្ទះបាន ក៏កើតរឿងទំនាស់សម្តីជាមួយគ្នា ហើយមិននឹកស្មានថា ប្តីហ៊ានធ្វើអត្តឃាតបែបនេះឡើយ ។ កាលដែលគាត់មិនព្រមប្តូរផ្ទះនេះ ព្រោះប្រាក់ខែជាអ្នករត់តុវាមិនបានតម្លៃខ្ពស់នោះទេ ហើយថ្លៃឈ្នួលផ្ទះបច្ចុប្បន្នត្រឹម២០ដុល្លារសឹងតែរកឱ្យគេមិនបានផង ធ្វើការមួយខែសម្រាប់រស់តែមួយខែ វាពិបាកណាស់ ។ គាត់តែងតែអង្វរករប្តី ទោះបីប្តីមិនមានការធ្វើក៏ដោយ ពេលខ្លះដើររើសអេតចាយផ្សំគ្នា ។ អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលគាត់បានគ្នាជាមួយប្តីម្នាក់នេះ ដោយគ្មានឪពុកម្តាយទាំងសងខាងដឹងឮនោះទេ គ្រាន់តែដឹងថា ស្រុកកំណើតប្តីជាអ្នកបាត់ដំបង រីឯរូបគាត់ជាអ្នកកំពង់ធំប៉ុណ្ណោះ ។
ក្រោយពីទំនាស់ពាក្យសម្តីគ្នារួចមកនៅល្ងាចថ្ងៃកើតហេតុគាត់បានទៅធ្វើការដូចធម្មតា លុះដល់ម៉ោងជាង១២យប់ក៏បានត្រឡប់មកផ្ទះវិញ ខណៈពេលនោះគោះទ្វារដើម្បីឱ្យប្តីបើកទ្វារ ប៉ុន្តែស្ងាត់ជ្រៀបទើបមានការសង្ស័យហែកប្រលោះទ្វារមើលស្រាប់តែឃើញបុរសជាប្តីបានចង.កនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចរាយការណ៍ឱ្យមេភូមិចុះមកពិនិត្យ៕
ចែករំលែកព័តមាននេះ