សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាល មិនទាន់កំណត់ពេលអនុវត្តការយកពន្ធលើប្រាក់ចំណេញ ពេលណានៅឡើយទេ!
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងសារជាសំឡេង ផ្ញើជូនគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
ភ្នំពេញ៖ ក្នុងសារជាសំឡេង ផ្ញើជូនគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
ភ្នំពេញ៖ ក្នុងសារជាសំឡេង ផ្ញើជូនគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា មកដល់ពេលនេះ គោលការណ៍ ដែលត្រូវអនុវត្តក្នុងការយកពន្ធលើប្រាក់ចំណេញ ឬចំណេញមូលធន គឺរាជរដ្ឋាភិបាល មិនទាន់សម្រេចនៅឡើយទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្តេច នឹងធ្វើវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តាប់នូវការលំបាក និងសំណូមពររបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាល នឹងត្រៀមដាក់ចេញវិធានការ ក្នុងការជួយគាំទ្រ និងដោះស្រាយសម្រាប់វិស័យឯកជន។ ក្នុងនោះ ក៏មានពាក់ព័ន្ធនឹងពន្ធដារនេះផងដែរ។
ក្នុងសារជាសំឡេងដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មិនមានការបង្កើតពន្ធថ្មី ឬក៏បង្កើនអត្រាពន្ធ ដើម្បីដាក់បន្ទុកលើវិស័យឯកជន ឬក៏លើប្រជាពលរដ្ឋនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពន្ធនេះ មិនមែនជាពន្ធប្រភេទថ្មី ដែលត្រូវបានបង្កើតឡើងទេ ហើយកន្លងទៅ យើងបានពន្យារក្នុងការអនុវត្តរយៈពេល ៣ឆ្នាំកន្លងមកហើយ រហូតដល់ដើមឆ្នាំ២០២៤ ដូចដែលតាមអ្វីដែលឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាស នោះគឺគ្រោងនឹងអនុវត្ត នៅដើមឆ្នាំ២០២៤ ក្នុងករណី មិនមានការប្រែប្រួល។ ចំពោះការអនុវត្តជាក់ស្តែង ខ្ញុំសូមបញ្ជាក់ថា គោលការណ៍ចុងក្រោយ ដែលត្រូវអនុវត្តនោះ គឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលទេ ដែលត្រូវអនុវត្ត ឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «កិច្ចការងារនេះ គឺខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាំងពីថ្ងៃប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី២៤ ខែ៨ ឆ្នាំ២០២៣ ដែលខ្ញុំគ្រោងធ្វើវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន នៅខែ១១ខាងមុខនេះ ដែលនឹងត្រូវពិនិត្យទៅលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយទៅដល់វិស័យឯកជន ដែលជាចលករមួយសំខាន់សម្រាប់សេដ្ឋកិច្ចរបស់យើង ហើយក្នុងនោះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ដើម្បីធ្វើការពិគ្រោះយោបល់ជាបន្តបន្ទាប់គ្រប់ភាគីពាក់ព័ន្ធ នៅក្នុងវិស័យឯកជន ដើម្បីស្តាប់នូវសំណូមពរផ្សេងៗពីវិស័យឯកជន ដើម្បីយើងយកមកពិចារណា ហើយរៀបចំជាកញ្ចប់វិធានការជួយទៅដល់វិស័យឯកជន ក៏ដូចជាការលើកទឹកចិត្តផ្សេងៗ ដែលក្នុងនោះ ក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរ ដែលគ្រោងនឹងប្រកាស នៅពេលដែលខ្ញុំជួបជាមួយវិស័យឯកជន នៅខែ១១ ខាងមុខនេះ»។
សូមរម្លឹកថា ការចេញមកបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ គឺខណៈដែលមានការលើកឡើងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពីសំណាក់មហាជនទូទៅ ដោយសារតែអគ្គនាយកពន្ធដារ បានប្រកាសពីការយកពន្ធលើប្រាក់ចំណេញ ឬពន្ធចំណេញមូលធន។
ក្នុងនោះ អគ្គយកដ្ឋានពន្ធដារ ក៏បានចេញសេចក្តីបំភ្លឺ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយលើកឡើងថា ចំពោះការយកពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធ ដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។ ជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានា បានបង់ពន្ធលើប្រាក់ចំណូល ដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះ សហគ្រាស ដែលប្រកបអាជីវកម្ម លើវិស័យអចលនទ្រព្យ ក៏បានបង់ពន្ធនេះដែរ។
អគ្គនាយកដ្ឋានពន្ធដារ ក៏បានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលិខិតបទដ្ឋានគតិយុត្តិ បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលរួចរាល់ តាំងពីឆ្នាំ២០២០ ដោយផ្នែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។ ប៉ុន្តែជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលពីការរីករាលដាលជំងឺកូវីដ រាជរដ្ឋាភិបាល បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣លើករួចមកហើយ ដោយចុងក្រោយ កំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។
ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ ដែលមហាជនលើកឡើងថា រដ្ឋនឹងគិតពន្ធ ២០% លើប្រាក់ចំណេញលក់ដី និងផ្ទះនោះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយ ចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ៕
ចែករំលែកព័តមាននេះ