រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងប្រារព្ធពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅទូទាំងខេត្តកំពង់ឆ្នាំង។ ពិធីនេះ នឹងធ្វើឡើង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ព្រឹក នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅជាមួយនឹងការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្ដីពី យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ។
សូមជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីឱ្យសិស្សានុសិស្ស នៅតាមសាលារៀនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង ១សប្ដាហ៍ ឡើងទៅ ដើម្បីភាពស្រស់ស្អាត ផ្ដើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាត៕ អ៊ាង ប៊ុនរិទ្ធ



ចែករំលែកព័តមាននេះ