ខេត្តកំពង់ធំ ៖ ដោយបន្តមុខរបរធ្វើត្រីងៀតលក់តាមបែបប្រពៃណីពីម្តាយក្មេក តាំងពីឆ្នាំ ២០១១ មក ឥឡូវនេះលោក សួង សោភ័ណ មានសេចក្តីប្រាថ្នាធំក្នុងការនាំផលិតផលរបស់ខ្លួនដាក់លក់នៅក្នុងផ្សារទំនើបនានា ជាពិសេសលក់នៅក្រៅប្រទេស ដោយសិប្បកម្មរបស់លោកកំពុងអនុវត្តគោលការណ៍មួយចំនួនដើម្បីទទួលបានស្តង់ដារនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ។
ដោយទទួលបានកិច្ចគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ ទទួលបានការបណ្តុះបណ្តាលពីគុណភាព អនាម័យ និងពីសុវត្ថិភាពចំណីអាហារ ។ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលម្ចាស់សិប្បកម្មរូមនេះបានតាំងចិត្តថា កែប្រែទម្លាប់ប្រពៃណី មកប្រើប្រាស់ឧបករណ៍ទាន់សម័យ ដើម្បីសម្រួលដល់ច្រវាក់ផលិតកម្មរបស់ខ្លួនឱ្យរីកចម្រើន និងពង្រឹកសុវត្ថិភាពដល់អ្នកទទួលទាន ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish) គាំទ្រដល់សហគ្រាសជលផល ក្នុងការធ្វើទំនើបកម្មប្រតិបត្តិការអាជីវកម្ម ការបង្កើតការងារ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញបានកាន់តែច្រើន គឺជាកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ។
ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលទទួលផលពីគម្រោង CAPFish កាលពីពេលថ្មីៗមកនេះ លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានប្រាប់ពីភាពខុសគ្នារវាងការធ្វើត្រីងៀតតាមបែបប្រពៃណី និងតាមបែបទំនើបបច្ចុប្បន្នថា គឺពីមុនជួបបញ្ហាច្រើន ជាពិសេសពេលហាលត្រីជួបការលំបាកពេលមានភ្លៀងម្តងៗ ធ្វើឱ្យការផ្គត់ផ្គង់ដល់អតិថិជនមិនគ្រប់គ្រាន់ ខាតបង់ ព្រោះគ្មានកន្លែងហាលត្រី និងឧបករណ៍ត្រឹមត្រូវ និងមិនយល់ពីគោលការណ៍ អនាម័យ ។ លោកបន្តថា តែក្រោយពីទទួលបានការគាំទ្រពីគម្រោង CAPFish លោកបាន កែប្រែទីតាំងផលិតដែលផលិតផលអាចផ្គត់ផ្គង់ទីផ្សារទាន់ពេលវេលា ។
សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ ស្ថិតនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលនូវឧបករណ៍ និងសម្ភារមួយចំនួនពីគម្រោង CAPFish មានដូចជា ៖ ឡសម្ងួតត្រី ប្រព័ន្ធចម្រោះទឹកស្អាត តុលាងត្រី ទូរក្លាសេ ម៉ាស៊ីនអ៊ុតប៊ឺត ខ្យល់ និងម៉ាស៊ីនក្រឡុកគ្រឿង ។ បច្ចុប្បន្នមានបុគ្គលិកបម្រើការងារពេញម៉ោង ៨ នាក់ ក្នុងនោះស្រី ៤ នាក់ និងបុគ្គលិកក្រៅម៉ោង ៥ នាក់ថែមទៀត ។ ផលិតផលសំខាន់ៗ គឺ ត្រីឌៀប និងត្រីរ៉ស់ ត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមដើម្បីផលិតជា ត្រីងៀត និងអាចផលិតបានជាមធ្យម ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ ។ សិប្បកម្មបានផ្គត់ផ្គង់ផលិតផលខ្លួនជាចម្បងទៅកាន់ទីផ្សារក្នុងស្រុក ក្នុងខេត្តកំពង់ធំ ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តរតនគិរី ។
គម្រោង CAPFish ផ្តល់កិច្ចគាំទ្រដល់សហគ្រាសនេះ នូវកម្មវិធីសហវិនិយោគ ជួយឱ្យសិប្បកម្មអនុវត្ត CQS និងបង្កើនសមត្ថភាពផលិតពី ៥០០ គីឡូក្រាមដល់ ១០០០ គីឡូក្រាមក្នុងមួយថ្ងៃ ។ កែលម្អទីតាំង សម្ភារ និងបរិក្ខារកែច្នៃឱ្យស្របតាមតម្រូវការអប្បបរហស្តង់ដារ CQS រួមទាំងប្រព័ន្ធលូទឹកកខ្វក់ ។ បន្តទិញត្រីស្រស់ពីកសិដ្ឋានវារីវប្បកម្មក្នុងស្រុក និងអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ត្រីស្រស់ក្នុងស្រុក លើកទឹកចិត្តពួកគេឱ្យអនុវត្ត អនាម័យល្អ បណ្តុះបណ្តាលផ្ទាល់លើការងារអំពីតម្រូវការអប្បបរមា CQS ដល់បុគ្គលិក បង្កើតសម្ភារទីផ្សារ ផ្លាកសញ្ញាផលិតផល និងកែលម្អសម្បកវេចខ្ចប់ ។ ពិនិត្យមើលឡើងវិញ និងកែលម្អកំណត់ត្រាអាជីវកម្ម និងកំណត់អ្នកទិញថ្មីនៅខេត្តកំពង់ចាម និងទីផ្សារនៅរាជធានីភ្នំពេញ ។
ទន្ទឹមនេះម្ចាស់សិប្បកម្មមានបំណងលក់ផលិតផលត្រីងៀតរបស់ខ្លួនទៅក្រៅប្រទេស ដោយអះអាងថា ត្រូវបំពេញស្តង់ដារ CQS ឱ្យបានពេញលេញ ឬ ស្តង់ដាផ្សេងទៀតជាមុនសិន ។ ហើយដើម្បីឈានទៅមុខទៀតបានត្រូវការឱ្យគម្រោង CAPFish ជួយ ជាពិសេសឧបករណ៍នៅក្នុងច្រវាក់ផលិតកម្មតែម្តង ដែលនឹងធ្វើឱ្យការផលិតមានការកើនឡើង ។
ទោះជាយ៉ាងណាក៏ដោយលោកបានសំណូមពរឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជួយពង្រឹងវារីវប្បកម្មក្នុងស្រុកឱ្យបានច្រើន ជាពិសេសផ្តោតទៅលើអ្នកចិញ្ចឹមឱ្យមាន លក្ខណៈស្តង់ដារត្រឹមត្រូវ និងមានតម្លៃថេរ ៕
ចែករំលែកព័តមាននេះ