រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធាឆ្មាំអង្គរផ្នែកមនុស្សធម៌ ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ២០១១ ដោយមានទាហានប្រមាណ៥០០នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទ និងកងយោធាបរទេសមកពី៤ប្រទេសរួមមានសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងនេប៉ាល់ ។ កម្មវិធីសមយុទ្ធយោធានេះនឹងប្រើរយៈពេលជាង១០ថ្ងៃ មានវិញ្ញាសាចំនួន៣ គឺទី១-ការហ្វឹកហ្វឺនផ្នែកបញ្ជាការ ទី២-ការហ្វឹកហ្វឺនផ្នែកវិស្វកម្មដូចជាការសាងសង់សាលារៀន និងជួសជុលមន្ទីរពេទ្យជាដើម និងទី៣-ការព្យាបាលជំងឺផ្សេងៗ ។
នេះជាលើកទី២ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធឆ្មាំអង្គរផ្នែកមនុស្សធម៌ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក និងជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗទៀត ហើយវាជាមោទនភាពមួយផងដែរ របស់ប្រទេសកម្ពុជា ក្នុងការបង្ហាញពីភាពរីកចម្រើនរបស់វិស័យយោធា និងសន្តិសុខជាតិ៕
ចែករំលែកព័តមាននេះ