ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​នេសាទ​ខុសច្បាប់​​​ត្រូវ​កម្លាំង​ជលផល​ខេត្តក្រចេះ​​បង្ក្រាប និង​លែងត្រី​​ជាង​៤៥០​​គីឡូ​ក្រាម​ចូល​ទន្លេ​វិញ​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន​ត្រូវ​បាន​កម្លាំង​សហការ​របស់ខណ្ឌ​រដ្ឋបាល​ជល​

ខេត្តក្រចេះ​ ៖ ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន​ត្រូវ​បាន​កម្លាំង​សហការ​របស់ខណ្ឌ​រដ្ឋបាល​ជល​ផល​​ខេត្តក្រចេះ​មាន​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​, ​ក្រុមប្រឹក្សា​ឃុំ​ចំបក់ និង​ឃុំ​ឫស្សី​កែវ​,​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​,​ សហគមន៍​នេសាទ និង​ប្រជា​ការពារ​ភូមិ​ចុះ​បង្ក្រាប​ហើយ​បាន​បំផ្លាញ់​ចោល​។

ការ​ចុះ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​តាម​កន្លែង​ទំនាប​ស្រែ​លិច​ទឹក​នៅ​ចំណុច​បឹង​ក្បាល​ខ្មោច ក្នុងភូមិ​ចំបក់​១.​ភូមិ​ចំបក់​២ ឃុំ​ចំបក់ និង​ភូមិ​ស្វាយ​ជុំ ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

តាម​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​រឹបអូស​បានឧបករណ៍​នេសាទ​រុះរើ​និង​ដុត​បំផ្លាញ​ចោល​រួម​មាន​របាំង​ស្បៃ​មុង​ចំនួន​២២​ខ្សែ ប្រវែង​២៥០០ ម៉ែត្រ​,​លូ​ស្បៃ​មុង​ចំនួន​២៦​មាត់​លូ​, បង្គោល​ចម្រឹង​ប្ញ​ស្សី​ចំនួន​២៨០​ដើម និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ​៤៥០​គីឡូក្រាម ចូល​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ផង​ដែរ​។

លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តក្រចេះ​ក៏​បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកនេសាទ​ទាំងអស់ សូម​មេត្តា​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ជា ស្បៃ​មុង សាច់​អួន​ក្រឡា​ញឹក ជាដើម និង​ឧបករណ៍​នេសាទ​ឆក់​ត្រី​,​ដាក់​ថ្នាំ​បំពុល​តាម​បឹង​,​ព្រែក​,​អូរ សូម​បញ្ឈប់​ជា​បន្ទាន់ ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ពាក់ព័ន្ធ​ដើម្បី​បង្ក្រាប និង​ទប់ស្កាត​បទល្មើស​ជលផល ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។

នៅ​រដូវ​បិទ​នេសាទ​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ក្រចេះ​តែងតែ​ចុះ​ល្បាត​បង្ក្រាប​បទល្មើស​នេសាទ​ជា​ញឹកញាប់​។

យ៉ាងណា​ក៏​ដោយ​វា​មិនមែន ជា​មោទនភាព​ដែល​បង្ក្រាប​បាន​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យល់​អំពី​បញ្ហា​ច្បាប់​ជលផល​និង​រួម​គ្នា​ការពារ​ធនធាន​មច្ឆជាតិ ជា​ពិសេស​ច្បាប់​ស្ដី​ពី​ជលផល​នៅ​ក្នុង​រដូវ​បិទ​នេសាទ​។

លោកនាយ​ខណ្ឌ​បញ្ជាក់​ទៀត​ថា បើ​បងប្អូន​អ្នកនេសាទ នៅ​តែ​ឆ្លៀត​លួច​ប្រព្រឹត្ត​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​បាន​ហាមឃាត់​ដូច​ជា ឧបករណ៍​ឆក់​ត្រី​, ប្រើប្រាស់​របាំង​ស្បៃ​មុង ,​សាច់​អួន​ក្រឡា​ញឹក​, ឬ​ដាក់​ថ្នាំ​បំពុល​តាម​ព្រែក អូរ នោះ នៅ​ថ្ងៃ​ណាមួយ បងប្អូន​និង​ត្រូវ​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ​បទល្មើស​ឆក់​ត្រី ត្រូវ​ជាប់​ពន្ធនាគារ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ