ខេត្តបន្ទាយមានជ័យ ៖ អគារប៉ុស្តិ៍អូរល្ហុងមួយខ្នង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ឹម សុផល អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីលោកអ៊ុក វណ្ណនី តំណាងក្រុមហ៊ុនលី ឈួង សំណង់អាហរ័ណ នីហរ័ណ ព្រមទាំងអស់លោកឧត្តមសេនីយ៍ វរសេនីយ៍ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ពិធីនេះបានប្រារព្ធធ្វើនាព្រឹកថ្ងៃទី១៤ ឧសភា នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកវរសេនីយ៍ឯក ចាន់ កុសល ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ថា ថ្វីដ្បិតនៅភូមិភាគ៤ ទាហានសៀមបានធ្វើការរំលោភឈ្លានពានបង្កសង្គ្រាមម្តងហើយម្តងទៀតចង់បានទឹកដី និងវត្ថុបុរាណរបស់ខ្មែរយើង ប៉ុន្តែនៅតាមខ្សែបន្ទាត់ព្រំដែននៃខេត្តបន្ទាយមានជ័យពុំមានអ្វីគួរឱ្យកត់សម្គាល់ទេ គ្រាន់តែទាហានសៀមចល័តកម្លាំងនិងសម្ភារសឹកឆ្លងភូមិសាស្ត្រទល់មុខប៉ុណ្ណោះ ។ ឯទំនាក់ទំនងគឺយោគយល់គ្នាដោយប្រកាន់ខ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាល បង្រួមទំនាស់ពង្រីកកិច្ចសហប្រតិបត្តិការ មិនធ្វើឱ្យជម្លោះរីករាលដាលដល់ចំណុចទំនាក់ទំនងដទៃ ។
លោកស្នងការរងមានប្រសាសន៍បន្តថា អគារប៉ុស្តិ៍អូរល្ហុង១ខ្នងនិងអគារផ្ទះបាយ១ខ្នងនេះកសាងឡើងតាមស្តង់ដាក្រសួងមហាផ្ទៃ ជាអំណោយរបស់លោកលី ឈួង អគ្គនាយកក្រុមហ៊ុនលីឈួង សំណង់ អាហរ័ណ នីហរ័ណ ដែលជាសក្ខីភាពនៃលទ្ធផលសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុន និងវរសេនាតូចលេខ៨៩១ ដើម្បីឱ្យមានកន្លែងធ្វើការនិងស្នាក់នៅសមរម្យ ។
លោកអ៊ុក វណ្ណនី តំណាងក្រុមហ៊ុនលីឈួង សំណង់ អាហរ័ណ នីហរ័ណ ថ្លែងថា កន្លងមក ក្រុមហ៊ុនបានផ្តល់កុំព្យូទ័រចំនួន២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ហើយពេលនេះបានកសាងអគារប៉ុស្តិ៍នគរបាលការពារព្រំដែនអូរល្ហុង១ខ្នង ផ្ទះបាយ១ខ្នង នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ធ្វើអំពីបេតុងប្រក់ក្បឿង ទំហំ២៥២ម៉ែត្រការ៉េ (ទទឹង១២ម៉ែត្រគុណនឹងបណ្តោយ២១ម៉ែត្រ) និងផ្ទះបាយទំហំ១១២ម៉ែត្រការ៉េ (ទទឹង៨ម៉ែត្រគុណនឹងបណ្តោយ១៤ម៉ែត្រ) ចំណាយអស់ថវិកា ៥១.០៥៧ដុល្លារ កសាងរយៈពេល១៥០ថ្ងៃ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ លោកអ៊ុក វណ្ណនី បន្តទៀតថា ក្រុមហ៊ុនតែងបានចូលរួមថវិកាផ្ទាល់តាមរយៈមូលនិធិនិងស្ថាប័ននានា ដើម្បីជួយយុទ្ធជននិងជនរងគ្រោះដោយសង្គ្រាម ។ ដោយឡែកសម្រាប់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ក្រុមហ៊ុនសង្ឃឹមថា ជំនួយនេះនឹងផ្តល់ភាពងាយស្រួលក្នុងការបំពេញការងារ និងកិច្ចការពារព្រំដែន ។ លោកឧត្តមសេនីយ៍ឯក ស៊ឹម សុផល អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារព្រំដែន បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អត់ដែលណែនាំឬលើកទឹកចិត្តឱ្យធ្វើសង្គ្រាមទេ តែក៏អត់ឈរឱ្យគេបាញ់ទទេៗដែរ ។ សម្តេចឱ្យបង្រួមទំនាស់ពង្រីកកិច្ចសហប្រតិបត្តិការ កសាងព្រំដែនសន្តិភាព មិត្តភាព ដើម្បីជីវភាពប្រជាជននិងសេដ្ឋកិច្ចប្រទេស ។ លោកអគ្គស្នងការរងបន្តទៀតថា អគារដ៏ថ្មីសន្លាងនេះ ជាអំណោយពីសម្ព័ន្ធមេត្រីភាព គឺក្រុមហ៊ុនលីឈួង សំណង់ អាហរ័ណ នីហរ័ណ ។ កងកម្លាំងនគរបាលព្រំដែនអត់ត្រូវធ្វេសប្រហែស១វិនាទីណាឡើយ ត្រូវតែប្រុងប្រយ័ត្ន ពិសេសត្រូវពង្រឹងការហ្វឹកហាត់យុទ្ធសាស្ត្រ ពង្រឹងរបៀបរបបការងារ ការគ្រប់គ្រងអាវុធយុទ្ធភ័ណ្ឌ និងការកសាងជម្រកលេណដ្ឋាន។ល។
លោកឧត្តមសេនីយ៍បានណែនាំឱ្យមេប៉ុស្តិ៍អូរល្ហុងត្រូវចេះប្រើប្រាស់សមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង ។ បន្ទាប់មក គណៈអធិបតីបានប្រគល់ថវិកាចំនួន២លានរៀល ប្រហុក៤៤០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ៥៤យួរ មី៥០កេស តូច ជាអំណោយរបស់លោកអគ្គស្នងការនគរបាលជាតិ និងអំណោយរបស់ក្រុមហ៊ុនដល់វរសេនាតូចទាំង៤ ។
ចំណែកប្រជាពលរដ្ឋ តាជី យាយជី ដែលចូលរួមនាឱកាសនោះ ម្នាក់ៗផ្តល់ជូនសារុង១ ដើម្បីជាវត្ថុអនុស្សាវរីយ៍ផងដែរ ៕
ចែករំលែកព័តមាននេះ