ខេត្តកំពង់ចាម-ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ស្លាប់ និង៦នាក់របួសធ្ងន់ និងស្រាលដោយសារតែបាតុភូតរន្ទះបាញ់កាលពីថ្ងៃទី១៤ និង១៥ ឧសភា កន្លងមកនេះ។ នៅខេត្តកំពង់ចាមទទួលសេចក្តីរាយការណ៍ថា ភ្លៀងបានបង្អុរមករយៈពេល២ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១៤ និង១៥ ឧសភា ២០១១ នៅតំបន់ត្រើយខាងកើតទន្លេមេគង្គស្ថិតនៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បង្កឱ្យមានរន្ទះយ៉ាងសាហាវបណ្តាលឱ្យប្រជាពលរដ្ឋចំនួន៣នាក់ស្លាប់នៅកន្លែងផ្សេងគ្នា។
លោកវរសេនីយ៍ត្រីប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែកប្រាប់ឱ្យដឹងពីករណីទី១ថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ឧសភា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ហើយកសិករឈ្មោះកុង ទាង ភេទប្រុស អាយុ២៤ឆ្នាំ កំពុងតែជំរះស្មៅដាំដំឡូងមីនៅទីវាលខាងក្រោយផ្ទះចំងាយប្រហែល១០០ម៉ែត្រ ត្រូវបានរន្ទះបាញ់ស្លាប់ពេលកាន់ចបនៅក្នុងដៃ។
ករណីទី២ត្រូវលោកអនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំទទួលផែនព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៥ ឧសភា ពេលភ្លៀងកំពុងធ្លាក់នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ មានខ្យល់បោកបក់ខ្លាំង និងមានផ្លេកបន្ទោរខ្វាត់ខ្វែងនៅលើមេឃដែលមីរដេរដាសដោយពពកខ្មៅងងឹត។ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃដដែលមានកសិករប្រុស ស្រីចំនួន២នាក់នាំគ្នាជំរះស្មៅដាំដំឡូងមីនៅខាងកើតភូមិស្មោញប្រហែល២.៥០០ម៉ែត្រក្នុងពេលមេឃកំពុងតែភ្លៀងស្រិចៗ។ ពេលនោះស្រាប់តែរន្ទះបាញ់លាន់កក្រើកបណ្តាលឱ្យស្ត្រីឈ្មោះញ៉ សី អាយុ៣០ឆ្នាំ ដួលស្លាប់។ ចំណែក៥នាក់ទៀតមិនរងគ្រោះថ្នាក់ទេ ព្រោះតែនៅឃ្លាតពីគ្នាប្រហែលជា៤ទៅ៥ម៉ែត្រ។ ស្ត្រីដែលស្លាប់បានបន្សល់ទុកកូន២នាក់សុទ្ធតែប្រុសៗដោយកូនបងអាយុ៥ឆ្នាំ និងកូនពៅ អាយុ១ឆ្នាំ ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា ករណីទី៣នៅវេលាម៉ោង៨ និង៥៨នាទីយប់ ថ្ងៃទី១៥ ឧសភា ពេលមេឃបង្អុរភ្លៀងនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បុរសឈ្មោះអ៊ុំ ផៃ អាយុ៦១ឆ្នាំ បានលើកឆ្នាំងបាយឌឺរ៉ាពីរានបាយដែលមិនបានប្រក់ដំបូលចូលទៅក្នុងផ្ទះដែលមានទំហំ៣គុណ៤ម៉ែត្រប្រក់ស្លឹក ហើយស្រាប់តែត្រូវរន្ទះបាញ់បង្គោលអង់តែនទូរទស្សន៍ចំសសរកណ្តាលបណ្តាលឱ្យបែកសសរនោះ និងត្រូវបុរសចំណាស់ឆេះខោខ្លីអស់មួយចំហៀងខាងស្តាំ និងខ្លោចមួយចំហៀងខ្លួនដូចគេដុត បណ្តាលឱ្យស្លាប់ពេលរត់ទៅដួលមកលើស្ត្រីជាប្រពន្ធ។
នៅខេត្តពោធិ៍សាត់វិញ ស្ត្រី២នាក់ស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ និងស្រាលដោយរន្ទះបាញ់ដែលកើតឡើងក្នុងថ្ងៃតែមួយនៅស្រុកក្រគរ។ លោកមោក កោ មេឃុំស្នាអន្សារប្រាប់កោះសន្តិភាពថា នៅថ្ងៃទី១៥ ឧសភា នៅវេលាម៉ោង៥ និង៣០នាទីល្ងាចនៅឃុំរបស់លោកមាន ករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួសពីរនាក់ ខណៈពេលកំពុងជ្រកភ្លៀងក្រោមសំយាបផ្ទះ។ ជនរងគ្រោះឈ្មោះរ៉ន ប៉ក់ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិសារវន្ត ឯអ្នករបួស២នាក់សុទ្ធតែប្រុសនៅភូមិជាមួយគ្នា។
ចំណែកលោកឡាញ់ ស៊ីធុន មេឃុំអន្សារចំបក់ប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៥ ឧសភា វេលាម៉ោង៦ និង១០នាទីល្ងាចនៅឃុំរបស់លោកក៏មានករណីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួសធ្ងន់២នាក់ ស្រាល២នាក់ដែរ ខណៈពេលកំពុងជ្រកភ្លៀងក្នុងខ្ទមស្រែប្រាំងនៅឯព្រៃរនាមបឹងទន្លេសាប។ ជនរងគ្រោះឈ្មោះអ៊ិន គាលី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សារចំបក់។ រីឯអ្នករងរបួសទាំង៤នាក់ ក្នុងនោះប្រុស២នាក់ រស់នៅភូមិជាមួយគ្នា។
គ្រាន់តែរយៈពេល៣ថ្ងៃនេះនៅខេត្តពោធិ៍សាត់មានករណីរន្ទះបាញ់ស្លាប់មនុស្សដល់ទៅ៤នាក់ របួស៦នាក់ ដែលកាលពីថ្ងៃទី១៣ មិថុនាស្លាប់ឪពុក និងកូនស្រី ខណៈពេលជ្រកភ្លៀងក្រោមដើមស្តៅក្បែរស្រែ។ នេះមិនទាន់គិតរន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួស៩នាក់កាលពីប៉ុន្មានថ្ងៃមុននៅក្រុមហ៊ុនភាពីមិច ស្រុកក្រគរទេ ៕
(ថ្មកែវ+ចាន់ថេត)
ចែករំលែកព័តមាននេះ