ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បង្កឱ្យមានទឹកជំនន់ហូរច្រោះផ្លូវលំមួយខ្សែប្រវែង១០ម៉ែត្រ បណ្តាលឲ្យបា.ក់ស្រុ.ត ធ្វើឱ្យរថយន្ត និងគោយន្តកន្ត្រៃមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ គឺបានត្រឹមតែធ្វើដំណើរតាមម៉ូតូ ឬកង់ និងដើរថ្មើជើងតែប៉ុណ្ណោះ។ ហេតុការណ៍ននេះ បានកើតឡើងនៅក្នុងភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។

បើតាមប្រជាពលរដ្ឋដែលអ្នកភូមិត្រពាំងធំ បានរៀបរាប់ឲ្យដឹងថា នៅដើមខែកញ្ញា រហូតមកទល់នឹងចុងខែកញ្ញានេះ គេតែងតែសង្កេតឃើញទឹកភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ ចំណែកឯខ្យល់កន្ទ្រាក់ គឺឃើញថា មានសភាពស្ងប់ស្ងាត់ល្អ។ ប៉ុន្តែទោះបីជាបែបណាក៏ដោយ ផ្លូវលំមួយខ្សែដែលបំបែកចេញពីភូមិស្រឡៅស្រោង ឆ្ពោះមកភូមិត្រពាំងធំ ទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យបា.ក់ស្រុត ជាហេតុមិនអាចធ្វើដំណើរតាមរថយន្ត ឬធ្វើដំណើរតាមគោយន្តកន្ត្រៃបានទេ គឺបានត្រឹមតែធ្វើដំណើតាមម៉ូតូ កង់ ឬដើរថ្មើរជើងតែប៉ុណ្ណោះ។

ទាក់ទិនទៅនឹងព័តមានបា.ក់ស្រុតផ្លូវលំមួយខ្សែខាងលើនេះ ក្រុមការងាររដ្ឋបាលសាលាស្រុកអន្លង់វែង បានប្រាប់ឲ្យដឹងថា លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង បានយកចិត្តទុកដាក់ចាត់ចែងកម្លាំងមន្ត្រីស្រុក និងកម្លាំងមន្ត្រីឃុំលំទង ចុះធ្វើការជួសជុលឡើងវិញហើយ។ ខណៈផ្លូវលំមួយខ្សែនេះ វាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាកសិករ ក្នុងការដឹកជញ្ជូនផ្នែកកសិផលនានា មករកទីផ្សារ ព្រោះថា ភូមិត្រពាំងធំ គឺជាភូមិមួយដាច់ស្រយាលពីទីប្រជុំជនផងដែ៕
ចែករំលែកព័តមាននេះ