ខេត្តបាត់ដំបង ៖ ក្រុមយុវជន២នាក់ ក្នុងចំណោមចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីប្រើខ្សែក្រវ៉ាត់ និងជំពាមកៅស៊ូ ដេញតាមវា.យ និងបា.ញ់ទៅលើយុវសិស្សម្នាក់ បណ្ដាលឲ្យរងរបួស នៅចំណុចភូមិវាលទ្រា ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ព្រោះតែខឹងជនរងគ្រោះជិះម៉ូតូកិនកម្ទេចថ្ម ហើយខ្ទាតត្រូវបន្តិចបន្តួច។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ឱ្យដឹងថា អំពើហិ.ង្សារវាងក្រុមជនយុវជនខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ហើយក្រោយកើតហេតុ នៅថ្ងៃទី២៣ ខែកញ្ញា ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹង ហើយកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ ក្នុងចំណោមបក្សពួកចំនួន៦នាក់ ដែលជិះម៉ូតូ២គ្រឿង។

យោងតាមរបាយការណ៍ អធិការស្រុកថ្មគោល ថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននេះ ម្នាក់មានឈ្មោះ អឿន លីហួរ អាយុ១៥ឆ្នា រស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល និងម្នាក់ទៀតឈ្មោះ ឈឿន វ៉ាន់ឆាយ អាយុ១៥ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល។ រីឯបក្សពួកចំនួន៤នាក់ទៀតដែលកំពុងរត់គេចខ្លួន រួចមាន ៖ ១- ឈ្មោះ វីន អាយុ១៥ឆ្នាំ, ២- ឈ្មោះ វ៉ាន់ សុណុច អាយុ១៥ឆ្នាំ, ៣- ឈ្មោះ ឌី អាយុ១៥ឆ្នាំ និង៤- ឈ្មោះ វី អាយុ១៩ឆ្នាំ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់។
បើតាមការបំភ្លឺពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា «នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូតាមផ្លូវទន្ទឹមនឹងក្រុមជនបង្កហេតុ ដែលមានបក្សពួកចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង។ ពេលនោះ ខ្លួនជិះកិនត្រូវកម្ទេចថ្ម ធ្វើឲ្យខ្ទាតត្រូវលើក្រុមជនសង្ស័យ ទើបពួកគេខឹងក៏ដកខ្សែក្រវ៉ាត់ និងដកជំពាមកៅស៊ូជិះដេញតាមវា.យ និងបា.ញ់មកលើខ្លួនតែម្ដង»។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចបន្តថា «ក្រុមជនដៃដល់នាំគ្នាវា.យមកលើខ្លួន និងបានបា.ញ់ជំពាមកៅស៊ូត្រូវចំខ្លួនចំនួន៣គ្រាប់។ ហើយក្រោយពេលកើតហេតុ ខ្លួនក៏ទៅប្ដឹងសមត្ថកិច្ចតែម្ដងទៅ»។
ប៉ុន្តែបើតាមប្រភពព័ត៌មានខ្លះបាននិយាយដែរថា «ជនរងគ្រោះគប់ក្រុមជនសង្ស័យ ទើបក្រុមជនសង្ស័យជិះម៉ូតូដេញតាមវា.យ និងបា.ញ់ជំពាមកៅស៊ូតែម្ដង»។
លោក សេង លុច អធិការស្រុកថ្មគោល បានប្រាប់ថា បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ពិតជាបានប្រើប្រាស់ជំពាមកៅស៊ូបា.ញ់ជនរងគ្រោះមែន ព្រោះជនរងគ្រោះជិះម៉ូតូធ្វើឲ្យខ្ទាតដុំថ្មត្រូវចំលើខ្លួនពួកគេ។ លោកអធិការបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ និងកំពុងតាមឃាត់ខ្លួនបក្សពួកចំនួន៤នាក់ទៀត ដែលកំពុងរត់គេចខ្លួន៕


ចែករំលែកព័តមាននេះ