ខេត្តកោះកុង ៖ ទាហានឈ្លានពានសៀមប្រមាណ២០០នាក់បានចូលមកជីកត្រង់សេ ធ្វើលេណដ្ឋាន ពោលគឺបោះជំរំយោធានៅលើចំណុច-សព្រំដែនទល់មុខចំណុច៣២៦ ភូមិកោះប៉ោ ឃុំប៉ាក់ខួង ស្រុកមណ្ឌលសីមា បង្កឱ្យមានការតានតឹងផ្នែកយោធាឡើងមួយកម្រិតកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ឧសភា ២០១១ ។ សូមបញ្ជាក់ថា ចំណុច៣២៦ គឺគ្រប់គ្រងដោយវរសេនាតូចលេខ៣០៣ ចំណុះប្រតិបត្តិការសឹករងខេត្ត ប៉ុន្តែត្រូវបានទាហានសៀមប្រើល្បិចត្រជាក់បោកប្រាស់ចូលមកកាន់កាប់បំពានតំបន់-សទល់មុខគ្នាយ៉ាងងងើល។
តាមប្រភពព័ត៌មានពីមន្ត្រីយោធានៅតាមខ្សែបន្ទាត់ព្រំដែនបានឱ្យដឹងថា ដំបូងឡើយគឺនៅម៉ោង១០ព្រឹកថ្ងៃទី១៤ ឧសភា ២០១១ ទាហានសៀម៨នាក់បានចូលមកកាន់ចំណុច៣២៦ភូមិ កោះប៉ោ-ឃុំប៉ាក់ខ្លង ទឹកដីកម្ពុជា ដោយអត់មានកាន់កាំភ្លើងមកជាមួយទេ ហើយពួកគេបានស្នើសុំឱ្យទាហានកម្ពុជាជូនពួកគេ ដើរមើលខ្សែបន្ទាត់ព្រំដែនពីកន្លែងមួយនៅកន្លែងមួយ ទាហានកម្ពុជា ក៏យល់ព្រម។ លុះចេញផុតពីចំណុច៣២៦បន្តិច ស្រាប់តែទាហានសៀមជាង១០០នាក់ផ្សេងទៀត បានចូលមកឈរជើងនៅទីនោះប្រដាប់ដោយអាវុធគ្រប់ដៃធំ-តូច ច្រូងច្រាង ហើយភ្លាមៗនោះទាហានកម្ពុជាដែលការពារទឹកដីនៅសមរភូមិមុខបានព្យាយាមបណ្តេញពួកទាហានសៀមទាំងនោះឱ្យថយទៅក្រោយវិញ ប៉ុន្តែពួកទាហានសៀមដែលមានមហិច្ឆតាអាក្រក់ទាំងនោះមិនព្រមចាកចេញឱ្យផុតពីតំបន់-សទេ គឺគ្រាន់តែដកថយពីចំណុច៣២៦ប្រមាណ២០ម៉ែត្រប៉ុណ្ណោះ ហើយពួកគេ (ទាហានសៀម) បានជីកត្រង់សេធ្វើលេណដ្ឋាននៅលើតំបន់-សតែម្តង គឺបំពានតំបន់-សយ៉ាងងងើលបំផុត ។
មន្ត្រីយោធាកម្ពុជាបានឱ្យដឹងទៀតថា ឃើញសកម្មភាពឈ្លានពានរបស់ទាហានសៀមបែបនេះ ទាហានកម្ពុជាមិនបានប្រើចុងអាវុធបណ្តេញពួកគេទេ ដោយព្យាយាមប្រើការចរចាលុះដំណាក់កាលចុងក្រោយសិន ប៉ុន្តែចរចាយ៉ាងណាក៏ពួកទាហានសៀមមិនព្រមចាកចេញពី តំបន់-សដែរ ។ លុះព្រឹកឡើងថ្ងៃទី១៥ ឧសភា ២០១១ ស្រាប់តែភាគីសៀមបន្ថែមទាហានរបស់គេ៣ឡានតូច មកថែមទៀត គឺជាង៥០នាក់ មកឈរជើងបោះជំរំយោធានៅទល់មុខចំណុច៣២៦ប្រមាណ២០ម៉ែត្រ ហើយបើសរុបទាំងមុនទាំងក្រោយ គឺទាហានសៀមឈរជើងលើតំបន់-សប្រមាណ២០០នាក់ហើយ ។ សកម្មភាពគឃ្លើនរបស់ទាហានសៀមបែបនេះ ធ្វើឱ្យទាហានកម្ពុជាកាន់តែពង្រឹងការការពារ ប្រុងជើងការយ៉ាងម៉ឺងម៉ាត់…ប៉ុន្តែទោះជាយ៉ាងណា ទាហានកម្ពុជាមិនផ្ទុះអាវុធមុនទេ គឺគោរពគោលការណ៍ និងបទឈប់បាញ់របស់រដ្ឋាភិបាល និងអន្តរជាតិ លុះត្រាណាតែទាហានសៀមចូលមកច្រាងច្រូង បណ្តេញទាហានកម្ពុជា ទើបទាហានកម្ពុជា ប្រឆាំងតបតដើម្បីការពារទឹកដី ។
ខណៈធម្មយាត្រារបស់សង្ឃ តាជីយាយជីថៃមកសុំសន្តិភាពមុខប៉ោយប៉ែត
ជាមួយគ្នានេះ អ្វីដែលគួរឱ្យអស់សំណើចនោះគឺបែរជាមានការហែក្បួនធម្មយាត្រារបស់សង្ឃថៃនិងមានតាជី យាយជី ព្រមទាំងប្រជាពលរដ្ឋប្រមាណ២០០នាក់បាននាំគ្នាមកឈរនៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ទល់មុខច្រកទ្វារប៉ោយប៉ែត ហើយបានសុំសុខសន្តិភាពសម្រាប់ប្រទេសទាំង២។ ចំពោះឥរិយាបថនេះមិនដឹងថា តើខាងណាជាអ្នកផ្តល់សន្តិភាពឱ្យខាងណានោះទេ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៦ ឧសភា ទាហានសៀមក៏បានបិទច្រករបៀងនៅតំបន់ខាវវង្ស មិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ដែលសកម្មភាពនេះបង្កជាបញ្ហាកាន់តែស្មុគស្មាញឡើង តែទោះបីជាយ៉ាងណាកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅចំណុចនោះបានប្រកាន់ភាពអត់ធ្មត់អនុវត្តបានយ៉ាងម៉ឺងម៉ាត់ក្នុងជំហរថា ឈរជើងត្រឹមទីតាំងរបស់ខ្លួន ។ តាមព័ត៌មានចុងក្រោយថា យោធាទាំងពីរភាគីកំពុងព្យាយាមទាក់ទងជួបគ្នាធ្វើការចរចាដើម្បីដោះស្រាយភាពតានតឹងដែលកើតមានឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។
គួររំលឹកថា កាលពីថ្ងៃទី២៦ មេសា កន្លងទៅ ទាហានសៀមនៅចំណុចខាងលើ ដែលមានគ្នាប្រមាណពី២០ទៅ២៥២នាក់ ធ្លាប់បានរំកិលមកកៀកនឹងទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅចំណុចភ្នំតាមីននេះម្តងហើយ ហើយនៅថ្ងៃទី១ ឧសភា ទាហានសៀមបានព្រមព្រៀងដកថយទៅវិញ បន្ទាប់ពីមានការជួបគ្នារវាងលោកឧត្តមសេនីយ៍ត្រី យន្ត មីន េមបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងមេបញ្ជាការរងទ័ពជើងទឹកចន្ទបុរី-ត្រាត។
ជាមួយនឹងការរំលោភបំពានខាងលើ យោងតាមសេចក្តីរាយការណ៍នារសៀលថ្ងៃទី១៦ ឧសភា បានឱ្យដឹងថា ព្រះសង្ឃក៏ដូចជាតាជី យាយជី និងប្រជាពលរដ្ឋសៀមប្រមាណ២០០នាក់ បានធ្វើធម្មយាត្រាដោយមានទាំងបដាផងដើរសំដៅមកច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត របស់កម្ពុជា ព្រមទាំងបានបាចផ្កានៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-សៀម និងមានការបួងសួងដើម្បីសុំសេចក្តីសុខ និងសន្តិភាពឱ្យកើតមានដល់ប្រទេសទាំង២ កម្ពុជា-ថៃ កុំឱ្យមានជម្លោះតទៅទៀត ព្រោះវាបង្កការលំបាកដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ ។
ការធ្វើធម្មយាត្រាបួងសួងសុំសុខសន្តិភាពរបស់ព្រះសង្ឃ តាជី យាយជី ព្រមទាំងប្រជាពលរដ្ឋសៀមនេះ គឺបានឈរបួងសួងនៅគល់ស្ពានខាងទឹកដីសៀម ព្រមទាំងបាចផ្កាប្រហែល១៥នាទីក៏ត្រឡប់ទៅវិញ តែគេពុំដឹងថា ក្បួនធម្មយាត្រានេះបានចាប់ផ្តើមចេញពីចំណុចណាមួយនោះទេ ក្នុងទឹកដីសៀម ។ បើតាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ម្នាក់ បានបង្ហើបថា ការធ្វើធម្មយាត្រានេះ ភាគីសៀមមិនបានផ្តល់សេចក្តីជូនដំណឹងទេ ហើយពេលលោកសួរនាំគឺគេប្រាប់ថា មកបួងសួងសុំសុខសន្តិភាពដល់ប្រទេសទាំង២តែប៉ុណ្ណោះ ។
ទោះបីជាការធ្វើធម្មយាត្រាសុំសុខសន្តិភាពត្រូវបានភាគីសៀមប្រារព្ធធ្វើឡើងយ៉ាងនេះក្តី ប៉ុន្តែមតិជាច្រើនបានលើកឡើងថា ភាគីសៀមសុំសន្តិភាពតែបបូរមាត់ក្រៅប៉ុណ្ណោះ ហើយនៅតែបង្កជម្លោះមកលើភាគីកម្ពុជាដែលចង់បានសន្តិភាពពិតប្រាកដ ចង់បានការអភិវឌ្ឍ និងមិនចង់បានសង្គ្រាមម្តងណាឡើយ៕
ចែករំលែកព័តមាននេះ