មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា មានករណីបងប្អូនមួយចំនួនបានបង្ហោះសារព្រោងព្រាងថា ខ្លួនបានធ្វើប្រតិបត្តិការវេរលុយចូលទៅគណនីធនាគារ ឬកុងធនាគារនរណាម្នាក់ដោយច្រឡំ ហើយបានបង្ហោះស្នើសុំម្ចាស់គណនីដែលទទួលលុយដោយសារតែការវេរចូលច្រលំ ជួយបាញ់លុយត្រឡប់មកវិញជាដើម ។ មានករណីខ្លះ ម្ចាស់លុយបានទទូចសុំ ភាគីម្ខាងទៀតដែលបានទទួលលុយនោះ មេត្តាជួយបាញ់លុយដែលវេរច្រលំខុសគណនីនោះមកវិញ ។

យ៉ាងណាមិញ បើមានករណីនរណាម្នាក់បានវេរលុយចូលគណនីធនាគាររបស់អ្នកដោយច្រឡំ ឬអ្នកបានឃើញលុយក្នុងកុងធនាគារ កើនឡើងពីប្រភពណាមួយដែលអ្នកមិនស្គាល់ ឬមិនបានលក់ដូរអ្វីសោះស្រាប់តែមានលុយកើនឡើង សូមកុំគិតថា អ្នកមានសំណាង អ្វីនោះ ។ ព្រោះនោះ គឺជារឿងមិនធម្មតាដែលអ្នកត្រូវមើលរំលងឡើយ។

បើតាមលោកមេធាវី យឿង សុធារ៉ា ដែលលោកបានបង្ហោះសំណេរចែករំលែកចំណេះដឹងលើបណ្តាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា អំពើទទួលប្រាក់ដោយគ្មានមូលហេតុ (ដែលមានន័យយថា នៅស្ងៀមៗស្រាប់តែទទួលបានប្រាក់ ដោយគ្មានហេតុ) ដូចជា បុគ្គលអ្នកទទួលមិនបានផ្តល់សេវា ឬមិនបានប្រគល់ទំនិញឲ្យអ្នកផ្ទេរប្រាក់សោះ ឬប្រាក់ដែលផ្ទេរនោះមិនមែនជាអំណោយមកឲ្យខ្លួន អំពើនេះ បើតាមច្បាប់(រដ្ឋប្បវេណី) គេហៅថា «សេចក្តីចម្រើនដោយឥតហេតុ ឬ Unjust Enrichment» ។ អ្នកដែលទទួលប្រាក់ដែលគេផ្ទេរមកដោយច្រឡំ គឺជាអ្នកដែលទទួលសេចក្តីចម្រើនដោយឥតហេតុ។

បើតាមលោកមេធាវី យឿង សុធារ៉ា បានបន្តថា បុគ្គលដែលទទួលនោះ មានកាតព្វកិច្ចត្រូវប្រគល់ឲ្យម្ចាស់ប្រាក់វិញ ។ មាត្រា៧៣៦ នៃក្រមរដ្ឋប្បវេណីចែងថា ទោះបីជាគ្មានមូលហេតុលើផ្លូវច្បាប់ក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដោយសារទ្រព្យសម្បត្តិ ឬពលកម្មរបស់អ្នកដទៃ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍ដល់អ្នកដទៃ ដោយសារការទទួលនោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ត្រឹមកម្រិតដែលផលប្រយោជន៍នោះមាន។

លោកមេធាវី បានសរសេរបន្តថា «ដូច្នេះ អ្នកទទួលប្រាក់ជាទ្រព្យសម្បត្តិរបស់អ្នកដទៃ ដែលគេគ្មានបំណងឲ្យមកខ្លួន ដែលការទទួលប្រាក់នេះ ធ្វើឲ្យអ្នកផ្ទេរដោយច្រឡំបាត់បង់ ឬខាតផលប្រយោជន៍ អ្នកទទួលត្រូវសងត្រឡប់ទៅឲ្យម្ចាស់ប្រាក់វិញ តែក្នុងចំនួនដែលគេច្រឡំផ្ទេរមក គឺមិនគិតពីការប្រាក់»។ ករណីនេះ អាចបង្កើតជាបទល្មើសព្រហ្មទណ្ឌ ប្រសិនបើ ធាតុផ្សំនៃបទ «លួច» ត្រូវបានបំពេញ។
អ្នកទទួលបានប្រាក់ ដែលគេ ផ្ញើឲ្យច្រឡំ មានសិទ្ធិយកប្រាក់នោះ ទៅធ្វើជារបស់ខ្លួនដែរ ឬទេ? បើច្បាប់ មិនចែងឲ្យយកប្រាក់ ដែលគេផ្ញើឲ្យច្រឡំនោះ ទៅធ្វើជាកម្មសិទ្ធិ តែអ្នកទទួល បែរជាយកទៅធ្វើជាកម្មសិទ្ធិ (យកទៅប្រើប្រាស់ និងចាត់ចែង) ធ្វើដូចជាប្រាក់របស់ខ្លួន ទាំងដឹងហើយថា ប្រាក់នោះពុំមែនជារបស់ខ្លួន និងមិនព្រមប្រគល់ឲ្យម្ចាស់ប្រាក់វិញ នៅពេលម្ចាស់ប្រាក់ទាមទារឱ្យប្រគល់វិញ?

ក្នុងករណីលួច៖ ម្ចាស់ប្រាក់មិនមានបំណងឲ្យប្រាក់ទៅអ្នកលួចទេ តែអ្នកលួចបានដកហូតប្រាក់ ដែលជាកម្មសិទ្ធិរបស់ម្ចាស់ប្រាក់ដោយអំពើទុច្ចរិតផ្សេងៗ ក្នុងចេតនាយកប្រាក់នោះមកធ្វើជារបស់ខ្លួន។
ដូច្នេះថ្វីបើការទទួលយកប្រាក់ ដែលគេផ្ញើឲ្យច្រឡំ ឬបាញ់ឱ្យច្រឡំមានលក្ខណៈខុសពីអំពើលួច តែក៏អាចចាត់ចូលជាអំពើលួចដែរ អាស្រ័យលើកាលៈទេសៈនៅជុំវិញ និងចេតនារបស់អ្នកទទួលនោះ៕
ចែករំលែកព័តមាននេះ