រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញសន្លប់នៅក្បែរផ្លូវរថភ្លើងមួយកន្លែង ក្នុងស្ថានភាពរងរបួសបែកក្បាល និងជើងធ្ងន់ធ្ងរ ហើយពុំទាន់ដឹងថា តើបុរសរូបនេះត្រូវរថភ្លើង ឬរថយន្តបុ.ក ឬមួយក៏គ្រោះថ្នាក់នៅទីតាំងផ្សេង ហើយត្រូវជនណាវា.យឲ្យរបួស រួចដឹកយកទៅទម្លាក់ចោលនៅចំណុចខាងលើនោះនៅឡើយទេ?។

សេចក្តីរាយការណ៍បានបន្តថា ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្បែរផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត ត្រង់ចំណុចភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមអ្នកភូមិនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា «បុរសរងគ្រោះម្នាក់នោះ មានអាយុប្រមាណជាង៣០ឆ្នាំ សម្បុរខ្មៅ ស្លៀកខោជើងវែងពណ៌ស្លែ ពាក់អាវពណ៌ផ្កាប្រផេះ ដៃវែងពីខាងក្នុង និងអាវយឺតពណ៌ប្រផេះពីខាងក្រៅ១ជាន់ទៀត។ ហើយពួកគាត់ដែលជាអ្នកភូមិពុំធ្លាប់ឃើញ និងស្គាល់បុរសរូបនេះពីមុនមកទេ ក៏មិនដឹងថា តើជាអ្នករស់នៅស្រុក-ភូមិណាឡើយ?»។

អ្នកភូមិ បានប្រាប់ឲ្យដឹងបន្តថា «នៅមុនពេលភ្ញាក់ផ្អើល គឺមានអ្នកភូមិម្នាក់ធ្វើដំណើរទៅចម្ការ លុះពេលទៅដល់ត្រង់ចំណុចខាងលើ ក៏ស្រាប់តែប្រទះឃើញបុរសរងគ្រោះរូបនេះ ដេកសន្លប់ក្នុងស្ថានភាពមានរបួសស្នាមបែកក្បាល និងជើង ទើបអ្នកភូមិដែលប្រទះឃើញនោះ ស្រែកហៅអ្នកផ្សេងទៀតឲ្យទៅជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដងទៅ»។

ប្រភពដដែលប្រាប់ឲ្យដឹងបន្តទៀតថា «ភ្លាមៗនោះ ពុំមាននរណាម្នាក់ហ៊ានទៅប៉ះពាល់ជនរងគ្រោះឡើយ បានត្រឹមតែនាំគ្នាឈរមើលតែប៉ុណ្ណោះ ហើយក៏ពុំបានដឹងថា តើបុរសនេះជួបគ្រោះចរាចរណ៍ដោយសាររថភ្លើង ឬរថយន្តបុ.ក ឬមួយក៏ត្រូវគេវា.យដំឲ្យរបួសនៅកន្លែងផ្សេង រួចដឹកយកទៅទម្លាក់ចោលនៅទីនោះនៅឡើយទេ?»។

ប្រភពដដែលបន្តទៀតថា «បន្ទាប់មក ពួកគាត់ក៏បានរាយការណ៍ជូនប្រជាការពារភូមិ ដើម្បីឲ្យជួយរាយការណ៍បន្តទៅកាន់នគរបាលប៉ុស្តិ៍កន្ទោក ឱ្យចុះទៅពិនិត្យមើល និងឆែកឆេរខ្លួនប្រាណបុរសរូបនេះ ក្រែងមានអត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់ខ្លួនផ្សេងៗនៅជាប់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណជនរងគ្រោះបាន និងចាត់ចែងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ព្រមទាំងធ្វើការស្រាវជ្រាវរកមូលហេតុនេះផងដែរ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយបន្តទៀត៕
ចែករំលែកព័តមាននេះ