ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹក​ខួប​អនុស្សាវរីយ៍​​លើក​ទី៦៦ថ្ងៃ​បង្កើត​កងកម្លាំង​នគរ​បាលជាតិ​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ពិធី​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦ ថ្ងៃបង្កើតកងកម្លាំង​នគរបាលជាតិកម្ពុជា​ត្រូវបានរៀបចំធ្វើ​ឡើង​កាល​ពី​ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ នៅ​ទី​ស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងមាន​ការ​ចូលរួមពីឧបនាយក​រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខា​ធិការ​

រាជធានីភ្នំពេញ ៖ ​ពិធី​​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៦ ថ្ងៃបង្កើតកងកម្លាំង​នគរបាលជាតិកម្ពុជា​ត្រូវបានរៀបចំធ្វើ​ឡើង​កាល​ពី​ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ នៅ​ទី​ស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងមាន​ការ​ចូលរួមពីឧបនាយក​រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខា​ធិការ​ ព្រមទាំងតំណាងឯកអគ្គ​រាជទូត ឯកអគ្គរដ្ឋទូត​ប្រចាំនៅកម្ពុជា ។

នៅក្នុងឱកាសនោះ​ លោកនាយឧត្តមសេនីយ៍​នេត ​សាវឿន អគ្គស្នងការនគរបាលជាតិ បាន មានប្រសាសន៍ថា ក្នុងឆ្នាំ២០១០កន្លងមក ការ​រក្សា និង​ពង្រឹងសន្តិសុខជាតិ អគ្គស្នងការដ្ឋាន​នគរ​បាលជាតិបានខិតខំប្រឹងប្រែងដាក់ចេញ​នូវបណ្តាវិធានការនានាតាមគ្រប់រូបភាព ដើម្បី​បង្ការបទ​ល្មើសនានាដែលកើតមានឡើងនៅក្នុង​សង្គម ។ ​អាស្រ័យដោយចំណាត់ការដ៏មាន​ប្រសិទ្ធ​​ភាព និង​មានកិច្ចសហការ​ល្អជា​មួយ​អាជា្ញធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់​ក្នុងឆ្នាំ២០១០​កន្លងមកនេះ ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការ​ថយចុះ​១០,៦៨% ធៀបទៅនឹងឆ្នាំ២០០៩ គឺ៣.០៨៧​លើក/៣.៤៥៦លើក ក្នុងនោះបទ​ឧក្រិដ្ឋបានថយ​ចុះ១១,០១% និងបទល្មើស​មជ្ឈិម ថយចុះ​១០,៥២% ។

ការបង្រ្កាបបទ​ល្មើស​ទទួលបាន​លទ្ធផលល្អ ដោយយើងបង្រ្កាប​បាន៧៤,៨២% លើរឿងហេតុដែលកើតឡើង​ស្មើនឹង២.៣១០​ករណី ចាប់ឃាត់ខ្លួនជនប្រព្រឹត្ត​បទ​ល្មើស​៣.៤១៣នាក់ បញ្ជូនទៅតុលាការ​ផ្តន្ទាទោស។ ចំពោះបញ្ហាក្មេងទំនើងក៏បានធ្វើ​កិច្ចការពីរស្រប​គ្នា គឺជំរុញការឃោសនាអប់រំជា​ចំហតាមសហ​គមន៍ និងភូមិ-ឃុំ គួបផ្សំនឹង​ជំរុញ​ការអនុវត្តច្បាប់​ដោយបានធ្វើការអប់រំចំនួន​២.៣០៤លើក បញ្ជូន​ទៅមណ្ឌលអប់រំមុខសញ្ញា​ក្មេងទំនើងចំនួន៨៩​នាក់ និងចាប់បញ្ជូនទៅ​តុលាការចំនួន៤៥៣ នាក់។​
ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែជា​ចំណុចក្តៅ ដែលបានប្រមូលផ្តុំតសូ៊ឆ្នាំនេះបាន​ស្រាវជ្រាវរកឃើញបណ្តាករណីធំៗ និងមុខ​សញ្ញា​មេ​ខ្លោងជាច្រើន ជាហេតុធ្វើឱ្យកិច្ចប្រតិ​បត្តិ​ការមានលទ្ធភាពបំផ្លាញការចរាចរណ៍ជួញ​ដូរ​គ្រឿងញៀន បានដល់ឫសគល់ និងចំខ្សែ បណ្តាញដែលមានលក្ខណៈចាក់ស្រេះច្រើនជាង​មុន ។ជាលទ្ធផល បង្រ្កាបបាន៣៤៧ករណី​ឃាត់​ខ្លួនជនល្មើស៦៨៩នាក់ ក្នុងនោះមានជន​បរទេស៦៤នាក់ ព្រមទាំងចាប់យកវត្ថុតាង​ជា​ច្រើនបញ្ជូនទៅតុលាការ ។

ដោយឡែកការ​ប្រយុទ្ធ​ប្រឆាំងការជួញដូរមនុស្ស តាមរយៈ​យន្តការដែលបានបង្កើតឡើង បានសហការ ជាមួយបណ្តាដៃគូពាក់ព័ន្ធអនុវត្តយ៉ាងសកម្ម​ការងារឃោសនា ការងារទប់ស្កាត់ និងការងារ គ្រប់​គ្រង ធ្វើឱ្យបទល្មើសនេះថយចុះ ហើយ​បង្រ្កាបបាន២៦១ករណី ឃាត់ខ្លួនបាន២១៦ នាក់ក្នុង​នោះ​ មានជនបរទេស២៥នាក់ បញ្ជូន​ទៅ​តុលា​ការ និងរំដោះជនរងគ្រោះបានចំនួន​៧៥៣​នាក់ បញ្ជូនទៅមជ្ឈមណ្ឌលស្តារ​នីតិ​សម្បទា​និងអាណាព្យាបាល ។

លោកអគ្គស្នងការនគរបាលជាតិបានសង្កត់​ធ្ងន់ថា អត្រាគ្រោះ​ថ្នាក់​ចរាចរណ៍ក្នុងឆ្នាំកន្លង​មកនេះ កាត់​​បន្ថយ​បានចំនួន៩,៨២% (៥.៤៣០លើក/៦.០២១លើក) ។ លទ្ធផល​អនុវត្ត​​ច្បាប់ គិតត្រឹមថ្ងៃទី២០​ ខែមីនា ឆ្នាំ ២០១១​បានអប់រំ និងពិន័យអ្នកប្រើប្រាស់​ម៉ូតូ​ចំនួន ៥១.៥៦៨គ្រឿង និងរថយន្ត​៦១.០៥៣​គ្រឿង ក្នុងនោះ​ធ្វើការត្រួតពិនិត្យជាតិ​ស្រវឹងក្នុង​ពេលបើកបរបានចំនួន៥.៤៣៥នាក់ ត្រួតពិនិត្យ​រថយន្តបើកបរហួសល្បឿនកំណត់១៣.៨៨៥​គ្រឿង ដឹកសំពីងសំពោង៥.៣៥៩គ្រឿង បំបាត់​ការកែច្នៃរថយន្ត​ខុសបច្ចេកទេស២៣៩គ្រឿង​ ដោយធ្វើការផាកពិន័យតាមច្បាប់ និងអនុវត្ត​តាមវិធានការតុលាការបានចំនួន៥៥៣ករណី ។ បញ្ហាគ្រោះថ្នាក់អគ្គិភ័យឆ្នាំនេះ បានបង្កគ្រោះ​ថ្នាក់ធ្ងន់ធ្ងរ សរុបមានចំនួន៣៥១ករណី កើន​លើសឆ្នាំមុនដែលបណ្តាលមកពីមូលហេតុជា​ច្រើន ក្នុងនោះកត់សម្គាល់មានទីតាំងមួយចំនួន​ទោះបីមានមធ្យោបាយ និងកម្លាំងគ្រប់គ្រាន់​សង្គ្រោះក៏ដោយ បុ៉ន្តែអាស្រ័យដោយលក្ខខណ្ឌ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាងទីតាំងមិនមាន​បំពាក់​ប្រព័ន្ធប្រកាសអាសន្នឬប្រព័ន្ធពន្លត់អគ្គិ​ភ័យបឋម ធ្វើឱ្យគ្មានលទ្ធភាពដោះស្រាយបញ្ហា​នេះបាន។ ​​ចំពោះ​ចំណុចនេះអនុវត្តតាម​អនុសាសន៍​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ​ក្រសួងមហាផ្ទៃបាន​ចង្អុលដឹកនាំឱ្យរដ្ឋបាល​ដែនដី​និងស្នងការដ្ឋាន​នគរបាលត្រួតពិនិត្យ​ឡើងវិញ និងណែនាំឱ្យរោង​ចក្រ សហគ្រាស សំណង់អគារធំៗ និងទីតាំង​ប្រមូលផ្តុំមួយចំនួន​កែលម្អឡើងវិញប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃបាន​ថ្លែង​ថា ការរៀបចំទិវារំលឹក​ខួប​អនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើតនគរ​បាល​ជាតិនេះ គឺជាព្រឹត្តិការណ៍មាន​អត្ថន័យជា​ប្រវត្តិសាស្រ្តឧត្តុង្គឧត្តមប្រកបដោយមោទន​ភាព​ក្រៃលែងសម្រាប់​ប្រជាជាតិខ្មែរទាំងមូល ដែល​បានស្ថាបនាឡើងនូវកម្លាំងប្រតិបត្តិច្បាប់ដ៏អង់​អាច​ក្លាហានមួយ ដើម្បីទទួលរ៉ាប់រងភារកិច្ច រក្សាការ​ពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិ​ភាពសង្គម ដោយកម្លាំងផ្ទាល់របស់ជាតិតាំងពី​ច្រើនឆ្នាំ​ណាស់មកហើយ ជាពិសេសចាប់ពីពេល​ដែល​កម្ពុជាទទួលបានឯករាជ្យពីអាណានិគម​និយម​បារាំងនាឆ្នាំ១៩៥៣ ។ ជាមួយនេះ ខិតខំ​​ប្រឹងប្រែងដោយ​សកម្មប្រយុទ្ធ ប្រឆាំង និង បង្ការទប់ស្កាត់បទ​ល្មើស​ផ្សេងៗ ជាពិសេសអំពើ​លួច ប្លន់ ការជួញ​ដូរ ចែកចាយ​និង​ប្រើប្រាស់ គ្រឿងញៀន ការជួញដូរ​មនុស្ស ការធ្វើអាជីវ​កម្ម​ផ្លូវ​ភេទលើស្រ្តី និង​កុមារ ។ បន្តកិច្ចសហ​ប្រតិ​បត្តិការឱ្យបានទូលំ​ទូលាយជាមួយប្រទេស​ជាមិត្តនិងអង្គការអន្តរ​ជាតិពាក់ព័ន្ធ លើកកម្ពស់​ស្មារតីទទួលខុសត្រូវក្នុង​ការបង្ការទប់ស្កាត់​ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ  ជាពិសេស​ចាត់​វិធានការរារាំងមិនឱ្យកើតមានដាច់ខាតសកម្ម​ភាព​ភេរវកម្មនៅកម្ពុជា ៕