រាជធានីភ្នំពេញ ៖ ត្រីមូរតិជាបន្សំទេព ធំៗចំនួនបីបញ្ចូលគ្នានៅក្នុងព្រហ្មញ្ញសាសនា រួមមាន ព្រះព្រហ្មជាទេពបង្កើតលោក ព្រះនារាយណ៍ជាទេពថែរក្សាលោក និងព្រះឥសូរជាទេពបំផ្លាញលោក ។
បើតាមឯកសារសារមន្ទីរជាតិ បដិមាត្រីមូរតិនេះ ព្រះឥសូរជាទេពធំមួយគង់នៅកណ្តាលមានព្រះសិរពីរជាន់ ដោយជាន់ទី១មានព្រះសិរ៤ និងជាន់ទី២មានព្រះសិរ១ មានចំណិតព្រះចន្ទ្រនៅលើផ្នួងសក់ ។
នៅគ្រប់ព្រះសិរទាំងអស់មានភ្នែកទីបីនៅលើថ្ងាស ហើយទ្រង់ដាក់ព្រះហស្ត២ប្រណម្យចូលគ្នាមកខាងមុខ និងព្រះហស្ត៨ទៀតពុំមានកាន់កេតនភណ្ឌឡើយ ។ នៅផ្នែកខាងស្តាំព្រះឥសូរ គឺទេពព្រះព្រហ្មដែលមានព្រះសិរ៤ និងព្រះហស្ត៤ ដោយព្រះហស្តមួយដាក់នៅក្រោយខ្នងព្រះឥសូរ និងមួយទៀតកាន់ថូ រីឯព្រះហស្តស្តាំខាងក្រោមរបស់ទ្រង់ប្រហែលជាកាន់ស្លាបព្រា ។
នៅផ្នែកខាងឆ្វេងព្រះឥសូរ គឺទេពព្រះនារាយណ៍ ដែលមានព្រះហស្ត៤ ហើយព្រះហស្តមួយដាក់នៅក្រោយខ្នងព្រះឥសូរ និងមួយទៀតដាក់នៅក្រោមព្រះហស្តព្រះឥសូរ ចំណែកព្រះហស្តពីរទៀតបានបាក់បែក ។
បដិមាត្រីមូរតិ មកដល់សារមន្ទីរជាតិប្រហែលអំឡុងឆ្នាំ១៩៧០-១៩៨០ មានប្រភពពីប្រាសាទព្រៃក្រូច ស្រុកពួក ខេត្តសៀមរាបស្ថិតក្នុងរចនាបថបន្ទាយស្រីនៅសតវត្សទី១០។ បដិមានេះត្រូវបានអភិរក្សជួសជុលឡើងវិញក្នុងឆ្នាំ២០០០ នៅរោងជាងថ្មនៃសារមន្ទីរជាតិ ។
ត្រីមូរតិគឺជាបដិមាដ៏ប្រណីតមួយដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ត្រូវបាននាំទៅតាំងពិព័រណ៍នៅបរទេសជាច្រើនលើក ដូចជា ប្រទេសជប៉ុន (២០០៥-២០០៦) ប្រទេសស្វីុស (២០០៧-២០០៨) សហរដ្ឋអាមេរិក ប្រទេសកាណាដា… ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ