ខេត្តបន្ទាយមានជ័យ ៖ ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានសេចក្តីរាយការណ៍មកថា ពលករខ្មែរជាច្រើននាក់ត្រូវបានតម្រួតព្រំដែនថៃចាប់ខ្លួនតាំងពីព្រលប់ រហូតទល់នឹងវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៥ ឧសភា ២០១១ ហើយចាត់បញ្ជូនទៅកាន់ខេត្តស្រះកែវជាបន្តបន្ទាប់។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ដែរថា ពលករខ្មែរដែលថៃចាប់ខ្លួននោះភាគច្រើនជាពលករខុសច្បាប់ ដែលលួចចូលដីថៃតាមច្រករបៀងក្បែរៗកាស៊ីណូប៉ោយប៉ែត គឺលួចចូលទៅតាមរយៈមេខ្យល់ ។
ទោះជាយ៉ាងណា សេចក្តីរាយការណ៍មិនបានបញ្ជាក់ពីចំនួនពិតប្រាកដនៃពលករខ្មែរដែលថៃចាប់នោះទេ ដោយសារការចាប់ខ្លួននេះធ្វើឡើងនៅវេលាយប់ គ្រាន់តែដឹងថា មានចំនួនច្រើន (ខ្លះថា ជាង១០០នាក់) តាមរយៈឃើញរថយន្តថៃជាច្រើនគ្រឿងបានដឹកពលករទាំងនោះចេញទៅខេត្តស្រះកែវរបស់ថៃតែប៉ុណ្ណោះ ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា ការចាប់ពលករខ្មែរជាច្រើននាក់នេះក៏មានថតផ្សាយតាមទូរទស្សន៍របស់ថៃផងដែរ ។ កោះសន្តិភាពមិនទាន់អាចទាក់ទងតាមទូរស័ព្ទភ្លាមៗបាននៅឡើយទេ ដើម្បីសុំអត្ថាធិប្បាយពីមន្ត្រីអាជ្ញាធរខ្មែរនៅវេលារសៀលថ្ងៃទី១៦ ឧសភា ២០១១ នេះ ៕
ចែករំលែកព័តមាននេះ