ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសថា «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor» ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើង ចន្លោះពីថ្ងៃទី២១ – ២៣ ខែកញ្ញា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ ស្តែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។
ក្រសួងទេសចរណ៍ ក៏បានប្រកាសថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត តែងតែកើតឡើង ចំនួន ២ដង ជារៀងរាល់ឆ្នាំ។ លើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ «ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរ-Equinox Angkor» លើកទី១ បានកើតឡើង ក្នុងខែមីនា ( ដោយព្រះអាទិត្យ រះចំកណ្តាលកំពូលប្រាសាទចំតែម្តង) ដោយមានអ្នកចូលរួមទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនេះ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើននាក់ផងដែរ។
ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត Equinox Angkor លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថា នឹងកើតមានឡើង នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះពីម៉ោង ៥ ដល់ម៉ោង ៧ព្រឹក៕
ចែករំលែកព័តមាននេះ