ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា ស្នើ​រដ្ឋសភា កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​របស់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​លុប​ចោល កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា បាន​សម្រេច​ស្នើ​ឲ្យ​រដ្ឋសភា កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​របស់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​លុប​ចោល កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា បាន​សម្រេច​ស្នើ​ឲ្យ​រដ្ឋសភា កែសម្រួល​ខ្លឹមសារ​មួយ​ចំនួន​របស់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​លុប​ចោល កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ។

ការ​សម្រេច​នេះ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​២ ព្រឹទ្ធសភា នីតិកាល​ទី​៥ ដោយ​ឱ្យ​យោបល់​ឯកភាព​ទាំងស្រុង ក្នុង​សម័យប្រជុំ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដោយ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចូលរួម​ចំនួន​៥៦​រូប​។

អង្គប្រជុំ​ព្រឹទ្ធសភា បានឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​លុប​ចោល កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ។

គោលបំណង នៃ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ គឺ​ដោយ​ផ្អែក​លើ​សមិទ្ធផល​នៃ “​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ឈាន​ដល់​ការ​សម្រេច​គោលដៅ​ជាតិ​របស់​ខ្លួន ហើយ​ជឿជាក់​ថា ប្រទេស​នីមួយ​ៗ មាន​សមត្ថភាព​ពេញលេញ ក្នុង​ការ​បន្ត និង​ធានា​បាន នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន និង​ការ​វាយតម្លៃ​យ៉ាង​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ស្វាហាប់ និង​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជូនដំណឹង​ជា​ផ្លូវការ ស្តី​ពី​ការ​ដកខ្លួន​របស់​កម្ពុជា​ចេញពី អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​បី ស្តី​ពី​គោលនយោបាយ​អនុគ្រោះ ជា​ពិសេស​សម្រាប់​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ជា​ហេតុ​នាំ​ឱ្យ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ក៏​ត្រូវ​បាត់បង់​សុពលភាព​តាម​អនុស្សរណៈ​គោល ផង​ដែរ ។

ឆ្លង​តាម​ការ​ពិនិត្យ​សិក្សា​ទៅ​លើ​ទិដ្ឋភាព​ជា​រួម នៃ​សេចក្តីព្រាងច្បាប់​នេះ និង​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ទាក់ទង​នឹង​តម្រូវការ និង​គោលបំណង​ដើម្បី​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​បាន​ដកខ្លួន​ចេញពី​អនុស្សរណៈ ក៏​ដូច​ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​សុពលភាព នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ព្រឹទ្ធសភា​បាន​ស្នើ​រដ្ឋសភា កែសម្រួល ចំណងជើង និង​ខ្លឹមសារ​មាត្រា​១ មាត្រា​២ និង​មាត្រា​៣ នៃ​សេចក្តីព្រាងច្បាប់​នេះ ។

នៅ​ល្ងាច​ថ្ងៃ​ដដែល សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។

អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​ភារកិច្ច ពិនិត្យ​និង​សិក្សា​យោបល់​របស់​ព្រឹទ្ធសភា លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ជូន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ និង គណៈកម្មការ​សាធារណការ ដឹក​ជញ្ជូន អាកាសចរណ៍​ស៊ី​វិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ធ្វើ​របាយការណ៍​ជូន​សម័យប្រជុំ​រដ្ឋសភា នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ