ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ភ្នំពេញ​ឆ្នាំ​នេះ មាន​ឆាក​ប្រគុំ​តន្ត្រី និង​កន្លែង​សប្បាយភាព ១៣​ទីតាំង ដែល​មាន​ជាង​៤០០​ស្តង់

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ក្នុង​ឆ្នាំ​២០២៤​នេះ មានការ​រៀបចំ​ជា​ឆាក​ប្រគុំ​តន្ត្រី ឬ​កន្លែង​សប្បាយភាព ចំនួន​១៣​ទីតាំង…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ក្នុង​ឆ្នាំ​២០២៤​នេះ មានការ​រៀបចំ​ជា​ឆាក​ប្រគុំ​តន្ត្រី ឬ​កន្លែង​សប្បាយភាព ចំនួន​១៣​ទីតាំង ដែល​មាន​ស្តង់​ជាង​៤០០​ស្តង់ ហើយ​ក៏​មាន​ស្តង់​ផ្សេង​ៗ ជា​ច្រើន​ទៀត​ផង​ដែរ ។

លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អោយ​ដឹង​ថា តាម​របាយការណ៍ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​បាន មាន​កន្លែង​សប្បាយភាព ដែល​មាន​ឆាក​ប្រគុំ​តន្ត្រី ចំនួន​១៣​កន្លែង ក្នុង​នោះ​ក៏​មាន ប្រដាល់​គុណ​ខ្មែរ​ផង​ដែរ ដែល​មាន​ស្តង់​ពិព័រណ៍ ចន្លោះ​ពី​៤៣០ ដល់​៤៥០​ស្តង់ ហើយ​ក៏​នៅ​មាន​ស្តង់​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ផង​ដែរ ។
លោកស្រី បន្ត​ទៀត​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ នឹង​មាន​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ច្រើន ហើយ​ការ​លក់ដូរ​ក៏​មាន​ច្រើន​ដែរ​។ ដូច្នេះ​ដើម្បី​ឱ្យ​កន្លែង​លក់ដូរ មាន​សោភ័ណ​ភាព មាន​អនាម័យ​ល្អ ក្នុង​នាម​រដ្ឋបាល​រាជ​ភ្នំពេញ លោកស្រី​ស្នើ​ឱ្យ​បងប្អូន​អាជីវករ ចូលរួម​ទុកដាក់​សម្ភារៈ និង​រៀបចំ​ទុកដាក់​ឱ្យ​មាន​អនាម័យ ដើម្បី​ភាព​ស្រស់​ស្អាត និង​ដើម្បី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។ លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ផង​ដែរ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

សូម​បញ្ជាក់​ថា កន្លែង​សប្បាយភាព ១៣​ទីតាំង​នោះ រួម​មាន ៖ នៅ​សួនច្បារ​វត្ត​បទុម​វ​តី ផ្នែក​ខាងត្បូង និង​ផ្នែក​ខាងជើង នៅ​ក្រោយ​ផ្សារ​រាត្រី នៅ​សួន​ព្រះ​នាង​ប្រាជ្ញា​បារមី នៅ​កោះ​ពេជ្រ កន្លែង​ចុះ​ចត Helicopter នៅ​កោះ​ពេជ្រ​ខាង​មុខ​អគារ L នៅ​កោះ​ពេជ្រ​កន្លែង​រៀបចំ​ស្តង់​ពិព័រណ៍​សម្រាប់​ជួល នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​រោង​អា​យ៉ៃ​វត្ត​ភ្នំ នៅ​សួន​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC នៅ​ក្បែរ​រង្វង់​មូល​នាង​មច្ឆា OCIC ជ្រោយចង្វារ និង​ពីរ​កន្លែង​ទៀត​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​សម្រាប់​លក់​ផលិតផល និង​សម្រាប់​កន្លែង​អង្គុយ​សាក​ថ្ម​ទូរស័ព្ទ​ដោយ​មិន​យក​ថវិកា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ