រាជធានីភ្នំពេញ ៖ ជនម្នាក់ត្រូវលោកនាយករងអនុវិទ្យាល័យចំរើនជាតិប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីជននោះលួចកាច់ជើង តុ កៅអីយកទៅលក់ឱ្យអេតចាយ។ សមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវបានស្រាវជ្រាវដកហូតបានជើងតុ កៅអីជាច្រើនដែលត្រូវជននោះលួច ហើយយកទៅលាក់ទុកប្រុងលក់ឱ្យអេតចាយ។
ជនសង្ស័យឈ្មោះទឹម សុភាព អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ តាមសំដីលោកនាយករងអនុវិទ្យាល័យចំរើនជាតិសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា តុ កៅអីអនុវិទ្យាល័យ និងបឋមសិក្សាចំរើនជាតិចំនួន២៥០ត្រូវក្រុមចោរចូលលួចយកដោយតុ កៅអីខ្លះត្រូវក្រុមចោរកាច់យកតែជើងដែកយកលក់ឱ្យអេតចាយ។ នៅក្នុងសកម្មភាពលួចកាច់ជើង តុ កៅអីនេះ គឺរយៈពេលប្រមាណ១ឆ្នាំមកហើយៗ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំកន្លងទៅត្រូវក្រុមចោរចូលលួចយកតុកៅអីអស់ជាច្រើន។
លោកនាយករងរូបនោះឱ្យដឹងទៀតថា បន្ទាប់ពីចោរចូលលួចយកកៅអី និងតុមកសាលាបានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចទើបតែនៅព្រឹកថ្ងៃទី១៦ ខែឧសភា សមត្ថកិច្ចឃាត់ខ្លួនចោរបាន។ តាមមន្ត្រីប៉ូលិសមូលដ្ឋានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរលួចយ៉ាងសកម្មបំផុតនៅក្នុងមូលដ្ឋាន តែមិនដែលចាប់ខ្លួនបានទេ គឺបន្ទាប់ពីធ្វើសកម្មភាព រួចបានរត់គេចខ្លួនបាត់។ ដោយសារតែមានប្រជាពលរដ្ឋល្អទើបជនសង្ស័យត្រូវចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ