កងទ័ពអ៊ីស្រាអែលបានប្រកាសពីការពន្យារពេល២៤ម៉ោងទៀតនូវការហ៊ុមព័ទ្ធតំបន់ស៊ីសហ្ស៊កដានី រហូតដល់ពាក់កណ្តាលយប់ថ្ងៃទី១៦ ឧសភា ក្រោយអំពើហិង្សានានាដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ និងជាច្រើនរយនាក់ត្រូវរបួសកាលពីថ្ងៃទី១៥ ឧសភា ក្នុងឱកាសខួប NAKBA (គ្រោះមហន្តរាយ) ជាពាក្យដែលពិភពអារ៉ាប់បានហៅពេលបង្កើតរដ្ឋអ៊ីស្រាអែលកាលពីឆ្នាំ១៩៤៨ ហើយញ៉ាំងឱ្យមានការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនជាច្រើនម៉ឺននាក់ ។
វិធានការនេះធ្វើឡើងតាមការណែនាំរបស់ក្រសួងការពារប្រទេសអ៊ីស្រាអែល និងយោងទៅតាមការវាយតម្លៃនានាទាក់ទិនដល់សភាពការណ៍ ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែលក្នុងសេចក្តីប្រកាសមួយ ។ ក្នុងរយៈពេល២៤ម៉ោងនោះពួកប៉ាឡេស្ទីន នឹងមិនអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់អ៊ីស្រាអែលឡើយ លើកលែងតែករណីមនុស្សធម៌ និង សម្រាប់បណ្តាមនុស្សដែលចាំបាច់ត្រូវទទួលការព្យាបាល ។ ការហ៊ុមព័ទ្ធរបស់កងទ័ពអ៊ីស្រាអែលត្រូវបានដាក់កាលពីយប់ថ្ងៃទី១៤ ឧសភា មកហើយត្រូវបញ្ចប់នាពាក់កណ្តាលយប់ថ្ងៃទី១៥ ឧសភា តែពេលនេះត្រូវពន្យារពេល២៤ម៉ោងទៀត ។
បាតុកម្មហិង្សានានាកើតមានកាលពីថ្ងៃទី១៥ ឧសភា នៅតំបន់ស៊ីសហ្ស៊កដានី ក៏ប៉ុន្តែការប៉ះទង្គិចបង្ហូរឈាមគ្នាខ្លាំងបំផុតកើតមាននៅព្រំដែននៃបណ្តាដែនដីប៉ាឡេស្ទីន នៅលីបង់ និងក្នុងតំបន់ហ្គោឡង់របស់ស៊ីរីដែលអ៊ីស្រាអែលកាន់កាប់ ។ តុល្យការ គឺធ្ងន់ធ្ងរបំផុតដោយបាតុករប៉ាឡេស្ទីន២នាក់ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់នៅខ្ពង់រាបហ្គោឡង់ ហើយមនុស្ស១០នាក់ត្រូវសម្លាប់នៅតាមព្រំដែនជាមួយលីបង់ ៕
ចែករំលែកព័តមាននេះ