ខេត្តតាកែវ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើកការបង្ក្រាបសាច់មាន់ខូចគុណភាព និងដកហូតបានពីឈ្មួញជាង២០០គីឡូក្រាមមកដុតកម្ទេចចោល ខណៈក្រុមឈ្មួញតែងតែលួចដឹកជញ្ជូនតាមម៉ូតូពីប្រទេសវៀតណាម តែលើកនេះ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែតែម្តង ។

លោកឧត្តមសេនីយ៍ត្រី ជា សំបូរណ៍ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹង នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយទទួលបានបទបញ្ចាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ត្រីជំនាញបានធ្វើការដុតកម្ទេចចោលនូវសាច់មាន់ខូចគុណភាព ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង២២និង៤០នាទី យប់ថ្ងៃទី១៨ ដោយបានធ្វើការចាប់ឃាត់បានម៉ូតូ ០១គ្រឿង ម៉ាកស៊ីរ៉ុស ពណ៌ខ្មៅ គ្មានផ្លាកលេខ ពីឈ្មោះ ហ៊ាង មិញសឺ ភេទប្រុស អាយុ ៧៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ជននេះបានលួចដឹកតាមម៉ូតូ ប្រភេទសាច់មាន់ខូចគុណភាព និងមានក្លិនស្អុយចំនួន១៥បេ ស្មើនឹង២២៥គីឡូក្រាម នាំចូលមកពីប្រទេសវៀតណាម ប្រុងនាំយកមកចែកចាយនៅក្នុងខេត្ត និងរាជធានីភ្នំពេញ ។ លោក លៀង សុភា ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ បានឱ្យដឹងដែរថា សាច់មាន់ខូចគុណភាពនេះ ត្រូវបានកម្លាំងនគរបាល សហការជាមួយ មន្ត្រីជំនាញ កបប និងមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការដុតកម្ទេចចោលនៅទីលានចាក់សំរាម ស្ថិតក្នុងក្រុងដូនកែវ ។

បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបាន គឺមន្ត្រីជំនាញបានយកសំណាកទៅពិនិត្យ និងធ្វើការពិសោធន៍ឃើញថា សាច់មាន់នេះ បានខូចគុណភាព និងមានក្លិនស្អុយ ប៉ុន្តែមិនមានផ្ទុកសារធាតុគីមីអ្វីនោះទេ គ្រាន់តែការដឹកជញ្ជូនរបស់គាត់មិនមានបច្ចេកទេសត្រឹមត្រូវ បណ្ដាលឱ្យសាច់ខូចគុណភាព និងមានក្លិនស្អុយបែបនេះ មិនគួប្រើប្រាស់នឹងទិញយកទៅទទួលទានឡើយ (បរិភោគមិនបាន) ។









ចែករំលែកព័តមាននេះ