ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ​ទស្សនៈកិច្ច​នៅ​ចិន ដើម្បី​បង្ហាញ​ជំហរ​របស់​រាជរដ្ឋាភិបាល​ថ្មី ចិន​តែ​មួយ គឺ​មិន​ខុស​ទេ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ប្រកាន់​ជំហរ​ចិន​តែ​មួយ​របស់​រាជរដ្ឋាភិបាល​ថ្មី គឺ​មិន​ខុស​នោះ​ទេ ព្រោះថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​ប្រកាន់​ជំហរ​ចិន​តែ​មួយ​របស់​រាជរដ្ឋាភិបាល​ថ្មី គឺ​មិន​ខុស​នោះ​ទេ ព្រោះថា មាន​ប្រទេស​ជា​ច្រើន ដែល​ជា​សមាជិក​អង្ក​ការ​សហប្រជាជាតិ ប្រកាន់​ជំហរ​ចិន​តែ​មួយ ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ចង់​ដឹង​ពី​គោល​ជំហរ​រាជរដ្ឋាភិបាល​ថ្មី នៅ​ពេល​ទស្សនកិច្ច នៅ​ប្រទេស​ចិន កន្លង​មកនេះ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្ម​ការ​រិ​នី ជិត​២​ម៉ឺន​នាក់ នៅ​ស្រុក​បាទី ខេត្តតាកែវ ថា មានការ​លើក​ឡើង​បកស្រាយ​ច្រើន​ណាស់ ពាក់ព័ន្ធ​នឹង​សម្តេច​ទៅ​ប្រទេស​ចិន​ពិសេស​នោះ គោល​ជំហរ​នយោបាយ​អន្តរជាតិ តែ​ម្តង ។

សម្តេច​ធីប​តី បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​ថា កម្ពុជា​ប្រកាន់​គោល​ជំហរ​ចិន​តែ​មួយ គឺ​មាន​ភាពអាក្រក់ ប៉ុន្តែ​សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ប្រាប់​វិញ​ថា ទៅ​ស្រាវជ្រាវ​ឡើង​វិញ​ទៅ សមាជិក​អង្ក​ការ​សហប្រជាជាតិ មាន​ចំនួន​១៩៣​ប្រទេស នៅ​ក្នុង​នោះ មាន​១៨១​ប្រទេស គឺ​ប្រកាន់​ជំហរ​ចិន​មួយ រួម​ទាំង​អា​មេ​រិ​ក​ដែរ ដូច្នេះ​កម្ពុជា ប្រកាន់​ជំហរ​ចិន​តែ​មួយ គឺ​មិន​ខុស​ទេ​» ។

សម្តេច​ធិ​បតី គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា យើង​សូម​បញ្ចេញ​ជំហរ​នយោបាយ​អាណត្តិ ទី​៧ គឺ​ប្រកាន់​ជំហរ​និរន្ត​ភាព និង​សុក្រឹតភាព ជាមួយ​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ពី​មុន គឺ​គោលនយោបាយ​ឈរ​លើ​មូលដ្ឋាន​អធិបតេយ្យភាព ឯករាជ​ភាព ផ្អែក​លើ​ច្បាប់ អនុវត្ត​ដោយ​ច្នៃប្រឌិត វៃឆ្លាត ដោយ​ផ្អែក​លើ​ការ​តម្កល់​ជាតិ​ជា​ធំ ។ នេះ​ជា​គោលនយោបាយ​របស់​យើង​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ កុំ​ព្រួយបារម្ភ ព្រោះ​រាជរដ្ឋាភិបាល​ធ្វើ​អ្វីមួយ​គិត​ប្រយោជន៍​ជា​ធំ និង​មិន​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ​នោះ​ទេ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​ទៅ​ចិន ដើម្បី​បញ្ជាក់ គោលនយោបាយ​ការទូត ជាមួយ​ចិន រក្សា​នៅ​ដដែល ដោយសារ គឺជា​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​អនុម័ត ដោយ​អង្គ​ស​ន្និ​បាទ​វិសាមញ្ញ​។ ហើយពី​ណា ក៏​ដោយ​ដឹកនាំ ត្រូវ​អនុវត្ត​គោលនយោបាយ​ហ្នឹង​» ។

សម្តេច​ធិ​បតី បាន​បន្ត​ថា ៖ «​ខ្ញុំ​សូម​ជូន​សារ​ទៅ​ផង ហើយ​អ្នក ដែល​វាយប្រហារ​ខ្ញុំ ក៏​កំពុង​អង្គុយ​មើល​ស្តាប់​ផង​ដែរ និង​រក​គន្លឹះ​វ៉ៃ​ទៀត​។ ខ្ញុំ​សូម​សរសើរ​តែ​ម្តង វាយប្រហារ​ម្តង​ថា ខ្ញុំ​កូន​វៀតណាម ម្តង​ជា​កូន​ឪ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សូម​បញ្ជាក់​តិច​ថា ថា​តើ​ទស្សនកិច្ច​ទៅ​ចិន​ប៉ុន្មាន​ថ្ងៃនេះ ដើម្បី​ធ្វើ​អ្វី ? មាន​អ្នកខ្លះ​លើក​ឡើង​ថា ខ្ញុំ​ទៅ​ចិន ដើម្បី​បញ្ជាក់​ជំហរ​ពី គោលនយោបាយ​របស់​កម្ពុជា​ថា ចិន​ចង់​ដឹង​ថា រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី ប្រកាស​គោលនយោបាយ​យ៉ាងម៉េច ? ពិសេស​ដំណើរ​ការទូត​នៅ​ចិន​» ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​ថា ការ​យក​សេដ្ឋកិច្ច មក​អនុវត្ត​នៅ​កម្ពុជា​មិនល្អ​នោះ​ទេ ប៉ុន្តែ​សម្តេច​ថា​ការ​បង្កើត​មិត្ត​ជា​ច្រើន នៅ​លើ​អន្តរជាតិ តើ​វា​ខុស​ឬអ្វី ? ខ្មែរ​គួរតែ​អបអរសាទ​នៅ​ពេល​មាន​មិត្ត​កាន់តែ​ច្រើន កាន់តែ​ល្អ ព្រោះថា ខ្មែរ​ប្រទេស​មួយ​តូច ហើយ​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម យើង​ត្រូវ​តែ​ធ្វើ ដើម្បី​យក​ផលប្រយោជន៍​មក​ក្នុង​ប្រទេស​កាន់តែ​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា បើ​ការ​ធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​ចិន​អាក្រក់​មែន សូម​សួរ​ទៅ​អា​មេ​រិ​ក ជប៉ុន​ផង​ថា ធ្វើ​ទំនាក់ទំនង​ជាមួយ​ចិន​ធ្វើ​អី ? នៅ​ក្នុង​ពិ​ព័ណ៌​នៅ​ក្រុង​ណា​ន​នី​ង ប្រទេស​ចិន មាន​តំណាង​ប្រទេស​ជា​ច្រើន បាន​ទៅ​ធ្វើការ​ទាក់ទង ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​មក​ប្រទេស​គេ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ