ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​មួយ​កន្លែង រឹបអូស​ឈើ​ប្រណីត​ជិត​១០០​ដុំ

1 អាទិត្យ មុន
  • បាត់ដំបង

កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផង បាន​ចុះ​បង្ក្រាប និង​រឹបអូស​យក​ឈើ​ប្រណីត​ជិត​១០០​ដុំ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ជនល្មើស​ដឹក​ជញ្ជូន​ដោយ​គ្មាន​លិខិតអនុញ្ញាត រួច​យក​ទៅ​ស្ដុក​ទុក​ក្នុង​ទីតាំង​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផង បាន​ចុះ​បង្ក្រាប និង​រឹបអូស​យក​ឈើ​ប្រណីត​ជិត​១០០​ដុំ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ជនល្មើស​ដឹក​ជញ្ជូន​ដោយ​គ្មាន​លិខិតអនុញ្ញាត រួច​យក​ទៅ​ស្ដុក​ទុក​ក្នុង​ទីតាំង​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ទាំងនេះ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​កាម​រី និង​គោ​យន្ត​កន្ត្រៃ យក​ទៅ​ដាក់​នៅ​ក្នុង​ទីតាំង​ស្ដុក​ឈើត្រង់​ចំណុច​ខាងលើ​។ ដោយ​បុរស​ម្នាក់​មានឈ្មោះ ច​យ សុខា អាយុ​៤៥​ឆ្នាំ រស់នៅ​ចំណុច «​អក្សរ តេ T» ស្ថិត​ក្នុង​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ជា​អ្នក​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ទាំងនេះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ពេល​ដឹក​ចូល​ដល់ទី​តាំងនៅ​ភូមិ​អង់ សង្កាត់​អូរ​ចា​។

មន្ត្រី​កងរាជអាវុធហត្ថ ដែល​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ បាន​ប្រាប់​ឱ្យ​ដឹង​ថា ព្រះរាជអាជ្ញា​រង​មួយ​រូប គឺ​លោក ដួង សា​រ៉​ន ជា​អ្នកដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ឈើ​ប្រណីត​ទាំងនេះ ដឹក​ចេញពី​តំបន់​ណា​មក​ទេ? ព្រោះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​សួរនាំ​រឿង​នេះ​។

កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដែល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កំណាត់ឈើ​ប្រណីត​ទាំងនេះ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចេញពី​ស្រុក​សំឡូត​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ឈើ​ទាំងនេះ ភាគច្រើន​គេ​ដឹក​ជញ្ជូន​ពេល​យប់​តាម​រយៈ​គោ​យន្ត ឬ​រថយន្ត​ចាស់​ៗ​ខ្នាត​តូច​។

ហើយ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ បើ​តាម​របាយការណ៍ គឺ​សមត្ថកិច្ច​បាន​រឹបអូស​ឈើ​ជា​ច្រើន​ប្រភេទ តែ​ជា​ប្រភេទ​ឈើ​ប្រណីត មាន​ដូច​ជា ៖ ឈើ​បេង​ចំនួន​៤២​ដុំ​, ឈើ​កកោះ និង​ឈើ​គគី​ចំនួន​៣០​ដុំ ព្រមទាំង​ប្រភេទ​ដើម​មៀនព្រៃ​ចំនួន​២៧​ដុំ សរុប​គឺ​ជិត​១០០​ដុំ​ឯណោះ​។

សមត្ថកិច្ច បាន​អះអាង​ថា អ្នក​ដឹក​ជញ្ជូន​ឈើ​ទាំងនេះ គ្មាន​លិ​ខិ​ត្រ​អនុញ្ញាត​ទេ ហើយ​ត្រូវ​បាន​រឹបអូស​យក​ទាំងអស់ រួច​ប្រគល់​ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕