រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបង្ក្រាប ទីតាំងជួញដូរគ្រឿងញៀន ស្ថិតក្នុងហាងកាហ្វេយីហោកាសា ផ្ទះលេខ០២AEo ផ្លូវលេខ៤៧ ភូមិទី១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា ឆ្នាំ ២០១១ ជនសង្ស័យចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ ។
តាមព័ត៌មានពីមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ តាមការចង្អុលបង្ហាញពីលោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាស្នងការនគរបាលរាជធានី កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលហាងកាហ្វេយីហោកាសា ផ្ទះលេខ០២AEo ផ្លូវលេខ៤៧ ភូមិទី១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា ឆ្នាំ២០១១ ជាលទ្ធផលជនសង្ស័យចំនួន១៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្រី៨នាក់បញ្ជូនទៅការិយាល័យដើម្បីសាកសួរ។
ប្រភពបន្តថា នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ឧសភា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះថឺយ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិវៀតណាម នៅចំណុចច្រកឌឿងហែមមួយស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ខណៈពេលជននោះកំពុងជិះម៉ូតូ និងដកហូតបានថ្នាំញៀនមួយចំនួន ។
ក្រោយពីចាប់ជនសង្ស័យខាងលើ សមត្ថកិច្ចបានឈានទៅចាប់ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ឪពុក និងកូន នៅក្នុងហាងកាហ្វេខាងលើ ហើយបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួនផងដែរ។ ជនសង្ស័យជួញដូរថ្នាំញៀនពីរនាក់ឪពុក និងកូននោះ កូនឈ្មោះជា ខូយ ភេទប្រុស អាយុ៤១ឆ្នាំ និងឪពុកឈ្មោះឌិន យ៉ាំងអា អាយុ៦០ឆ្នាំ ជាម្ចាស់ហាងកាហ្វេកាសា និងដកហូតបានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ស៊េរី២០០៥ ពណ៌ស្ករ ។ ជនសង្ស័យបានសារភាពថា កន្លងមក រូបគេបានជួញដូរគ្រឿងញៀនតាមក្លឹបកម្សាន្តធំៗក្នុងរាជធានីភ្នំពេញតាមរយៈម៉ូយទូរស័ព្ទហៅ ហើយក៏យកថ្នាំញៀនតាមរថយន្តផ្ទាល់ខ្លួន ។
នៅព្រឹកថ្ងៃទី១៦ ឧសភា គេឃើញសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញាបានធ្វើការឆែកឆេរលំនៅឋានជនសង្ស័យឪពុក និងកូន ២កន្លែងទៀត ប៉ុន្តែសមត្ថកិច្ចរកមិនឃើញថ្នាំញៀនដែលលាក់ទុកនៅក្នុងផ្ទះនោះទេ ។ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលវេលាជាងមួយខែទើបតាមប្រមាញ់មុខសញ្ញាខាងលើនោះបានដោយជោគជ័យ ៕
ចែករំលែកព័តមាននេះ