អ្នកទទួលខុសត្រូវប៉ាឡេស្ទីនម្នាក់រាយការណ៍កាលពីថ្ងៃទី១៥ ឧសភា ថា អ៊ីស្រាអែល បានយល់ព្រមឱ្យដកយកមូលនិធិទាំងឡាយរបស់ប៉ាឡេស្ទីនដែលមានទឹកប្រាក់ជាច្រើនលានដុល្លារដែលទឹកប្រាក់ទាំងនោះជាចំណូលពន្ធគយ និងពន្ធដាដទៃៗទៀតប្រមូលក្នុងនាមរបស់ប៉ាឡេស្ទីន ។
យោងតាមអ្នកទទួលខុសត្រូវរូបនេះថា អ៊ីស្រាអែលយល់ព្រមឱ្យមានការផ្ទេរប្រាក់ចំនួន ប្រមាណជា៣០០លាន SHEKELS (៨៨លានដុល្លារ) ក្នុងខែនេះ បន្ទាប់ពីការចុះហត្ថលេខាដោយប្រធានាធិបតីប៉ាឡេស្ទីនលោកម៉ាម៉ូដអាប់ បាស់លើកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នាមួយជាមួយក្រុមហាម៉ាស់ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែលលោក YUVAL STEINITZ បានអនុម័តលើការផ្ទេរមូលនិធិឡើងវិញដោយបញ្ជាក់ក្នុងសេចក្តីប្រកាសមួយថា អ៊ីស្រាអែលទទួលបានការធានាចាំបាច់ទាំងឡាយដែលថាក្រុមហាម៉ាស់ ដែលគ្រប់គ្រងជ្រោយហ្គាហ្សានឹងពុំទទួលបានប្រាក់ទាំងនោះឡើយ ។
អ្នកទទួលខុសត្រូវម្នាក់នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក SALAM FAYYAD ថ្លែងថា ព័ត៌មានអំពីការយល់ព្រមផ្ទេរប្រាក់នេះគឺទទួលពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហ៊ីលឡារីគ្លីនតុន និងតាមរយៈបេសកជនពិសេធប្រចាំតំបន់មជ្ឈឹមបូព៌ាលោកតូនីប្ល៊ែរ ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាងហ៊ូ យល់ព្រមធ្វើការផ្ទេរប្រាក់នេះឡើងវិញមក៕
ចែករំលែកព័តមាននេះ