ខេត្តត្បូងឃ្មុំ ៖ ភី ចាន់រង្សី នៅខេត្តត្បូងឃ្មុំ អាយុ២៧ឆ្នាំ គឺជានិស្សិតឧស្សាហ៍ និងមាន សុបិន្តខ្ពស់ចង់រៀនឱ្យបានចប់ថ្នាក់បរិញ្ញានៅទីក្រុងភ្នំពេញ។ ប៉ុន្តែក្តីស្រមៃរបស់គាត់ និងជីវិតរបស់គាត់កំពុងតែបំផ្លាញ ដោយសារជំងឺដ៏កា.ចសា.ហា.វដែលធ្វើឱ្យគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ហើយស្គមស្គាំងខ្លាំងសល់តែស្បែកដណ្តប់ឆ្អឹង និងគ្មានកម្លាំងកំហែងឡើយ ទោះបីជាម្តាយមេម៉ាយរបស់គាត់បានលក់អស់ដីធ្លី ដើម្បីព្យាបាលជំងឺរបស់កូនក្តី។

ទាំង ភីចាន់រង្សី និងម្តាយរបស់គាត់ រស់នៅក្នុងភូមិម៉ង់ទី៦ ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហាក់ដូចជាបាត់ក្តីសង្ឃឹម នៅពេលដែលការព្យាបាលជំងឺរយៈពេលប្រមាណ១ឆ្នាំ មិនហុចលទ្ធផល ហើយធ្វើឱ្យស្ថានភាពជំងឺរបស់ ភី ចាន់រង្សី កាន់តែធ្ងន់ធ្ងរទៅៗ។ រហូតមកទល់ពេលនេះ ភី ចាន់រង្សី ដេកតែលើកន្ទេល និងក្នុងសភាពគ្មានកម្លាំង និងស្គមស្គាំងខ្លាំងណាស់។

ជាមួយនឹងទឹកភ្នែកធ្លាក់លើផ្ទៃមុខរបស់គាត់ ស្ត្រីឈ្មោះ ឯក សាឡី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ បាននិយាយរៀបរាប់ទាំងអួលដើម.កថា «កូនប្រុសរបស់គាត់ គឺជាក្មេងប្រុសម្នាក់ដែលល្អ ឆ្លាត និងរៀនពូកែ ដោយបានចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ខែ នៅពេលគាត់រៀនថ្នាក់មហាវិទ្យាល័យ»។

ជាស្ត្រីមេម៉ាយ បាននិយាយរៀបរាប់ទាំងអួលដើម.កបន្តថា «បន្ទាប់មក ភី ចាន់រង្សី ក៏បានប្រឡងជាប់នៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ហើយជួលបន្ទប់រស់នៅទីក្រុងភ្នំពេញ។ ក្រោយមក ភី ចាន់រង្សី ស្រាប់តែធ្លាក់ខ្លួនឈឺ ប៉ុន្តែ ចាន់រង្សី នៅតែប្រឹងបន្តសិក្សាផ្នែកច្បាប់ទាំងខ្លួនមានជំងឺ រហូតដល់រៀនបានដល់ចប់ឆ្នាំទី៣ ចូលឆ្នាំទី៤»។

យុវជន ចាន់រង្សី មិនត្រឹមតែប្រឹងរៀនទេ ថែមទាំងប្រឹងធ្វើការ ដើម្បីរកលុយផ្គត់ផ្គង់ជីវភាពរបស់ខ្លួន និងម្តាយជាស្ត្រីមេម៉ាយទៀតផង។ ប៉ុន្តែជាអកុសល មានថ្ងៃមួយ ភី ចាន់រង្សី បានដួលសន្លប់ បន្ទាប់ពីបានធ្វើការឱ្យក្រុមហ៊ុនឯកជនមួយ នៅក្នុងទីក្រុងភ្នំពេញ។ គាត់ក៏ធ្លាក់ខ្លួនឈឺខ្លាំង ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។

ជាមួយនឹងបេះដូងស្រឡាញ់ និងអាណិតកូនយ៉ាងខ្លាំង ម្តាយរបស់គាត់ក៏បានប្រឹងរកពេទ្យ ដើម្បីព្យាបាលកូននៅមន្ទីរពេទ្យមួយចំនួន ដោយលក់អស់ដីធ្លីដែលគាត់មាន។ ម្តាយជាស្ត្រីមេម៉ាយលក់អស់ទ្រព្យសម្បិត្ត ក៏ព្រោះតែចង់ឱ្យកូនជាទីស្រឡាញ់របស់គាត់ជាសះស្បើយពីជំងឺឡើងវិញ។ ប៉ុន្តែក្តីសង្ឃឹមរបស់គាត់ ហាក់ដូចជា រសាត់បាត់អស់បន្តិចម្តងៗ ខណៈពេលដែលស្ថានភាពជំងឺកូនរបស់គាត់កាន់តែធ្ងន់ទៅៗ។

លោកស្រីនិយាយថា «ខ្ញុំអស់សង្ឃឹមណាស់ នៅពេលឃើញស្ថានភាពកូនរបស់ខ្ញុំកាន់ តែធ្ងន់ធ្ងរទៅៗ»។
បើតាមម្តាយរូបនេះ បានឱ្យដឹងទៀតថា «ពេទ្យបានច្រឹបសាច់មើល ដើម្បីបញ្ជាក់ថា តើ ចាន់រង្សី មានជំងឺមហារីកឬយ៉ាងណា? ប៉ុន្តែលទ្ធផលនៃការវិភាគដុំសាច់ មិនបានបង្ហាញថា ចាន់រង្សី កើតជំងឺមហារីកឡើយ។

អ្នកសារព័ត៌មានកោះសន្តិភាពបានទៅជួបគាត់នៅកន្លែងរស់នៅរបស់គាត់។ ម្តាយ របស់គាត់បានទាល់តម្រិះ ហើយ ភី ចាន់រង្សី ដេកតែនៅលើកន្ទេលជាមួយនឹងស្ថានភាពស្គមស្គាំងខ្លាំង ស្លេងស្លាំងខ្លាំង និងគ្មានកម្លាំងកំហែងឡើយ។

ម្តាយរបស់ ភី ចាន់រង្ស៊ី បាននិយាយថា «គាត់អស់ធនធានទ្រព្យសម្បត្តិ ដើម្បីជួយកូនគាត់ហើយ។ ចំណែកមិត្តភក្តិរបស់ ភី ចាន់រង្ស៊ី ក៏ធ្លាប់បានជួយថវិកាបន្តិចបន្តួចតាមសមត្ថភាព ដើម្បីជួយសង្គ្រោះ ភី ចាន់រង្សី ដែរ»។

ឥឡូវនេះ លោកស្រីបានអស់លុយពីខ្លួន ហើយក៏បានអំពាវនាវដល់សប្បុរសជនជួយថវិការបន្តិចបន្តួចតាមទឹកចិត្តជ្រះថ្លា ដើម្បីជួយដល់កូនរបស់គាត់។
ហើយបើបងប្អូនណាដែលមានបំណងចង់ជួយដល់ម្តាយ និងកូនទាំង២នាក់របស់កាត់ អាចទំនាក់ទំនងគាត់ដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖ ០៩៧ ៧៥ ៥៣ ១៨០ និងតាមរយៈ ៖ ABA 001 240 919 Phireak chan reangsey៕ ដោយ ៖ ចាន់ថេត


ចែករំលែកព័តមាននេះ