រាជធានីភ្នំពេញ ៖ ការប្រកាសផ្តល់សេវាលិខិតឆ្លងដែនដល់កាំជណ្តើរពលករនៅក្រៅប្រទេសជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី ។ តាមរយៈការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលត្រូវគេមើលឃើញថា ជារបត់មួយថ្មីបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងវិស័យការងារកម្ពុជា គឺជាលើកដំបូងហើយ ដែលប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងទៀត មានការគិតគូរដល់សុខទុក្ខ និងបញ្ហាចោទរបស់ពលករខ្មែរនៅក្រៅប្រទេស មិនត្រឹមតែកម្មករនៅក្នុងប្រទេសនោះទេ ។
ជាទូទៅ ការដែលប្រមុខរដ្ឋាភិបាលកម្ពុជាបនបង្ហាញនូវសុឆន្ទៈដ៏មោះមុតក្នុងការធ្វើឲ្យប្រសើរឡើងនូវសេវាកម្មធ្វើលិខិតឆ្លងដែនដល់ៗទីកន្លែង ដែលពលករស្នាក់នៅ និងធ្វើការឯក្រៅប្រទេសដូច្នេះ វាជាការឆ្លុះបញ្ចាំងនូវទំនុកចិត្តដ៏ខ្ពស់ និងការយកចិត្តទុកដាក់ដ៏ធំធេងទៅលើតម្លៃនៃកម្លាំងពលកម្ម ខណៈដែលរដ្ឋាភិបាលថ្មី ទើបតែចេញដំណើរមិនដល់មួយខែផង។ កន្លងមកនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឲ្យក្រសួងការងារ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ រួមនឹងស្ថាប័នពាក់ព័ន្ធសហការគ្នាផ្តល់លិខិតឆ្លងដែនដល់ពលករនៅក្រៅប្រទេសដល់កន្លែងពួកគេធ្វើការតែម្តងនោះ ដែលជាគុណសម្បតិមួយដ៏ធំធេង និងជាការផ្តល់ផលប្រយោជន៍ដ៏ក្រាស់ក្រែលសម្រាប់ពលករកម្ពុជា ដែលធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស ។
តួយ៉ាង ដូចជានៅប្រទេសកូរ៉េខាងត្បូងជាដើម ដែលជាការចាប់ផ្តើមមុនគេនេះ គឺពិតជាជួយសម្រួលដល់ពលករខ្មែរដ៏ច្រើនមិនអាចប្រកែកបាន ខណៈពលករខ្មែរនៅកូរ៉េខាងត្បូងប្រមាណ៦ម៉ឺននាក់នឹងទទួលបានអត្ថប្រយោជន៍នេះយ៉ាងពិតប្រាកដ ។ ក្រសួងការងរបានលើកឡើងថា ផលប្រយោជន៍ដែលពលករខ្មែរទទួលបាននោះគឺការជួយបង្កើនប្រាក់ចំណូលដល់ពួកគេបន្ថែមទៀត នៅពេលដែលការចំណាយមួយចំនួនរបស់ពលករមិនត្រូវបានបាត់បង់តាមរយៈយន្តការថ្មីរបស់ប្រមុខរដ្ឋាភិបាល ។
តាមសភាពជាក់ស្តែង ពលករម្នាក់ៗដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េ ពិតជាមានភាពចាំបាច់នឹងត្រូវការជំនួយពីរាជរដ្ឋាភិបាល ដោយហេតុថា ពួកគេមានការលំបាកក្នុងការធ្វើលិខិតឆ្លងដែនថ្មី ខណៈដែលលិខិតឆ្លងដែនចាស់អស់សុពលភាព និងមិនអាចពន្យារបាន ហើយត្រូវចំណាយពេលវេលា និងថវិកាធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី និងឯកសារផ្សេងៗទៀត ដូចជាលិខិតថ្កោលទោសជាដើម ។
មួយវិញទៀត ការដែលត្រូវចាកចេញពីកន្លែងធ្វើការមួយរយៈ ក៏ព្រោះតែដើម្បីវិលត្រលប់ទៅប្រទេសកំណើត ដើម្បីធ្វើលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ មិនមែនជាការងាយស្រួលទេ។ ពលករខ្លះបានប្រឈមនឹងការសុំអនុញ្ញាតច្បាប់តឹងតែងពីនិយោជកសហគ្រាស ក្រុមហ៊ុន ឬកសិដ្ឋាន ដោយគេបារម្ភថាអវត្តមានរបស់បុគ្គលិកច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់ច្រវ៉ាក់ផលិតកម្មរបស់គេ។ ពេលខ្លះនិយោជកអាចនឹងកាត់ប្រាក់ខែក៏មាន ក៏ប៉ុន្តែបញ្ហាលំបាកទាំងនេះ នឹងលែងមានទៀតហើយ ហើយនឹងត្រូវបានដោះស្រាយតាមរយៈការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងការគិតគូរដ៏ធំធេង របស់ប្រមុខរដ្ឋាភិបាលកម្ពុជាថ្មី។
ក្រសួងការងារដដែលថា ដូច្នេះ ការដាក់ការរិយាល័យនៅតាមទីតាំងការងារពលករ ដែលមានចំងាយរាប់ពាន់គីឡូម៉ែត្រពីមាតុប្រទេស ដើម្បីធ្វើលិខិតឆ្លងដែនដល់ពលករនៅប្រទេសកូរ៉េពេលនេះ គឺជាសាក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបន្ថែមទៀត បន្ថែមពីលើការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយរកការងារឲ្យពលរដ្ឋរបស់ខ្លួនធ្វើនៅក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារ ។
សូមជម្រាបថា នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអនុញ្ញាតឱ្យសមត្ថកិច្ចពាក់ព័ន្ធ រៀបចំធ្វើលិខិតឆ្លងដែនជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងដល់ទីតាំងនោះផ្ទាល់តែម្តង ដើម្បីសម្របសម្រួលមធ្យោបាយ កាត់បន្ថយពេលវេលា ការចំណាយរបស់ពលករខ្មែរនៅទីនោះ ។ សម្តេចគូសបញ្ជាក់ថា សម្តេចបានសម្រេចអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែន(Passport) បាននៅក្រៅប្រទេសតែម្ដង ដោយចាប់ផ្ដើមពីកូរ៉េខាងត្បូងមុនគេ ។
ចែករំលែកព័តមាននេះ