ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​ក​! TikTok រង​ពិន័យ​ជាង​៣០០​លាន​អឺ​រ៉ូ ជុំវិញ​ការ​បំពា.ន​ឯកជន​ភាព​ទិន្នន័យ​កុមារ

10 ខែ មុន

អៀរ​ឡង់ ៖ និយតករ​ប្រទេស​អៀរ​ឡង់​បាន​ពិន័យ​កម្មវិធី​កម្សាន្ត «​ទី​កតុក (TikTok)» រហូត​ដល់ ៣៤៥​

អៀរ​ឡង់ ៖ និយតករ​ប្រទេស​អៀរ​ឡង់​បាន​ពិន័យ​កម្មវិធី​កម្សាន្ត «​ទី​កតុក (TikTok)» រហូត​ដល់ ៣៤៥​លាន​អឺ​រ៉ូ សម្រាប់​ការ​រំលោភ​បំពាន​លើ​ឯកជន​ភាព​របស់​កុមារ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣​។

ពាក្យបណ្តឹង​នេះ ទាក់ទង​នឹង​របៀប​ដែល​កម្មវិធី​កម្សាន្ត​សង្គម​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ គ្រប់គ្រង​ទិន្នន័យ​របស់​កុមារ នៅ​ក្នុង​ឆ្នាំ ២០២០ ជា​ពិសេស​ជុំវិញ​ការ​ផ្ទៀងផ្ទាត់​អាយុ និង​ការ​កំណត់​ឯកជន​ភាព ដែល​នេះ​គឺជា​ការ​ផាកពិន័យ​ដ៏​ធំ​បំផុត​រហូត​មក​ដល់​បច្ចុប្បន្ន​សម្រាប់​កម្មវិធី TikTok ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា ខ្លួន​មិន​យល់​ស្រប​ចំពោះ​ការ​សម្រេចចិត្ត​នេះ ជា​ពិសេស​កម្រិត​នៃ​ការ​ផាកពិន័យ​តែ​ម្តង​។ ការ​រិះគន់ គឺ​ផ្តោត​លើ​លក្ខណៈ​ពិសេស និង​ការ​កំណត់​ដែល​បាន​កើតឡើង​កាលពី​៣​ឆ្នាំ​មុន ហើយ​ពួក​យើង​ក៏​បាន​ធ្វើការ​ផ្លាស់​ប្តូរ​យ៉ាង​ល្អ មុន​ពេល​ការ​ស៊ើបអង្កេត​បាន​ចាប់ផ្តើម ដូច​ជា ការ​កំណត់​ម្ចាស់​គណនី​ទាំងអស់​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ ទៅ​ជា​ឯកជន​ភាព តាម​លំនាំ​ដើម​។

ការ​ផាកពិន័យ​នេះ ត្រូវ​បាន​ចេញផ្សាយ​ដោយ​គណៈកម្មការ​ការពារ​ទិន្នន័យ​របស់​ប្រទេស​អៀរ​ឡង់ ដែល​ហៅ​កាត់​ថា DPC ក្រោម​ច្បាប់​ស្តី​ពី​ឯកជន​ភាព​ទូទៅ នៃ​បទ​ប្បញ្ញត្តិ​ការពារ​ទិន្នន័យ​ទូទៅ GDPR របស់​សហភាព​អឺរ៉ុប ដោយ​បាន​កំណត់​ច្បាប់ ដែល​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​នៅ​ពេល​គ្រប់គ្រង​ទិន្នន័យ​អ្នក​ប្រើប្រាស់ ខណៈ​ដែល TikTok ត្រូវ​បាន​ផ្តល់​ពេល​៣​ខែ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​ទិន្នន័យ​ខ្លួន អនុលោម​តាម GDPR ទាំងស្រុង​។

DPC បាន​រក​ឃើញ​ថា TikTok មិន​មាន​តម្លាភាព​គ្រប់គ្រាន់​ជាមួយ​កុមារ អំពី​ការ​កំណត់​ឯកជន​ភាព ហើយ​បាន​ចោទ​ជា​សំណួរ​អំពី​របៀប​ដែល​ទិន្នន័យ​របស់​ពួក​គេ ត្រូវ​បាន​ដំណើរការ​។ លោកស្រី Helen Dixon ស្នងការ​ការពារ​ទិន្នន័យ​របស់ DPC បាន​ប្រាប់ BBC ថា ការ​ស៊ើបអង្កេត​ក៏​បាន​រក​ឃើញ​ថា គណនី​បង្កើត​ឡើង​ដោយ​អ្នកមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៧​ឆ្នាំ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​លំនាំ​ដើម​នៅ​លើ​ការ​ចុះ​ឈ្មោះ ដែល​មាន​ន័យ​ថា ខ្លឹមសារ​ដែល​ពួក​គេ​បង្ហោះ គឺ​អាច​មើលឃើញ​ដោយ​អ្នក​ផ្សេង​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ នៅ​តែ​មានការ​ស៊ើបអង្កេត ដែល​កំពុង​ដំណើរការ​ថា តើ​កម្មវិធី TikTok បាន​ផ្ទេរ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ដោយ​ខុសច្បាប់​ពី​សហភាព​អឺរ៉ុប​ទៅ​ប្រទេស​ចិន​ដែរ​ឬទេ? ខណៈ​ដែល​កម្មវិធី​កម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​មួយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ByteDance ដែល​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ