ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ព្រៃ​​លិច​ទឹក​ព្រែក​​ស្លាប​គុក​រង​ការ​កា.ប់​បំផ្លាញ​​យ៉ាងដំណំ

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ជល​ផល​ ក្នុង​នោះ​មាន​លោក​កែវ ​ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​កំពង់ឆ្នាំង ព្រ​មទាំង​មន្ត្រី​ផ្នែក​​ និង​សង្កាត់​​ជល​ផល​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​​ភូមិ​សាស្ត្រ​​ព្រៃ​លិច​ទឹក​ នៅ​ចំណុច​ព្រែក​​ស្លាប​គុក ខាង​លិច បឹង​ដំរី​សម្រុត ស្ថិត​ក្នុង​ឃុំ​

ខេត្តកំពង់ឆ្នាំង ៖ លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ជល​ផល​ ក្នុង​នោះ​មាន​លោក​កែវ ​ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​កំពង់ឆ្នាំង ព្រ​មទាំង​មន្ត្រី​ផ្នែក​​ និង​សង្កាត់​​ជល​ផល​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​​ភូមិ​សាស្ត្រ​​ព្រៃ​លិច​ទឹក​ នៅ​ចំណុច​ព្រែក​​ស្លាប​គុក ខាង​លិច បឹង​ដំរី​សម្រុត ស្ថិត​ក្នុង​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់​លែង ដែល​រង​ការ​កាប់​បំផ្លាញ​​ពី​ជន​ខិល​ខូច។

​លោក​ពេញ​ វិបុល ​មាន​ប្រសាសន៍​ថា ដោយ​យោង​តា​ម​សេ​ចក្តីរាយ​ការណ៍​​រប​ស់​មន្ត្រី​ជំនាញ​ស្តីពី​សកម្ម​ភាព​ជន​ខិល​ខូច​លួច​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​​ត្រី​ពង​កូន​នោះ ទើប​​ថ្ងៃ​នេះ​លោក​​​ដឹក​នាំ​មន្ត្រី​ជំនាញ និង​ក្រុម​អ្នក​សារ​ព័ត៌​មាន​មក​​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង។ ​ការ​កាប់​បំផ្លាញ​នៅ​ចំណុច​នេះ​មាន​ប្រមាណ​ជាង​២​ហិកតា គឺ​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដូច​ជា​ដើម​រាំង ដើម​ចង្កែង ​ដែល​ខ្លះ​មាន​គល់​ធំៗ​ ។​ ការ​កាប់​បំផ្លាញ​ហើយ​ដុត​​រាន​​​យក​ដី​ធ្វើ​ចម្ការ​បែប​នេះ ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​ដល់​​ជម្រក​ត្រី​​ពង​កូន និង​មួយ​ផ្នែក​ទៀត​បាន​បំផ្លាញ​ជម្រក​សត្វ​ស្លាប​​ទឹក និង​សត្វ​ល្មូន​ផង​ដែរ ។

​លោក​កែវ ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​កំពង់​ឆ្នាំង​បាន​ថ្លែង​ថា ​តាម​ពិត​ពួក​ជន​ខិល​ខូច​បាន​លប​លួច​មក​កាប់​ទន្ទ្រា​ន​ព្រៃ​​​លិច​ទឹក​​នេះ​​កាល​ពី​ប្រហែល​មួយ​ខែ​មុន ហើយ​កាល​​​ណោះ​មន្ត្រី​​ជំនាញ​​ថ្នាក់​ក្រោម​បាន​ដឹង និង​បាន​ធ្វើ​កំណត់​ហេតុ​​ គឺ​​ក្រុម​ជន​ល្មើស​ទាំង​អស់​មាន​គ្នា​៦​នាក់​​ ​ប៉ុន្តែ​យើង​​ធ្វើ​កំណត់​ហេតុ​បាន​៤​នាក់ ដោយ​ពួក​គាត់​​ទទួល​ស្គាល់​ថា ​បាន​កាប់​រាន​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​​នោះ​មែន ឯ​ពីរ​នាក់​ទៀត​​យើង​ស្គាល់​តែ​ឈ្មោះ​​​មិន​ស្គាល់​អាសយ​ដ្ឋាន​ ម៉្លោះ​ហើយ​របាយ​ការណ៍​សំណុំ​រឿង​របស់​​មន្ត្រី​ជំនាញ​​​វា​ពុំ​ទាន់​ជុំ​ទើប​មិន​ទាន់​បាន​​រាយ​ការណ៍​ជូន​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ជា​លាយ​​លក្ខណ៍​អក្សរ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​គ្រាន់​តែ​បាន​រាយ​ការណ៍​ដោយ​ផ្ទាល់​មាត់​តាម​ទូរស័ព្ទ​មួយ​​ជំហាន​​​សិន ។
​លោក​​កែវ ថាយ បន្ត​ថា ​ជន​សង្ស័យ​ដែល​បាន​កសាង​សំណុំរឿង ហើយ​នឹង​ត្រៀម​​បញ្ជូន​ទៅ​តុលា​ការ​មាន ១-ឈ្មោះ​​អ៊ឹម ​រ៉េត​ អាយុ​៤០​ឆ្នាំ ​២-ឈ្មោះ​​សុន សុភ័ស្ស អាយុ​៣៩​ឆ្នាំ ៣-ឈ្មោះ​លឹម ​ចន អាយុ​២០ឆ្នាំ និង​៤-ឈ្មោះ​​គាន ​សំរេច អាយុ​៣០​ឆ្នាំ ​ទាំង​​៤​នាក់​ រស់​នៅ​​ភូមិ​ប្រឡាយ​មាស។ ពួក​គាត់​ទាំង​៤​នាក់​សុទ្ធ​តែ​​​ទទួល​​កំហុស​ថា ពិត​ជា​បាន​កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​នោះ​​មែន។ ​ដោយ​ឡែក​២​នាក់​ទៀត​ដែល​មាន​តែ​ឈ្មោះ ហើយ​មិន​ទាន់​បាន​ធ្វើ​កំណត់​ហេតុ​ ព្រោះ​​ចេះ​តែ​គេច​ពី​ការ​កោះ​ហៅ​​គឺ ម្នាក់​ឈ្មោះ​យឿង ស្រី និង​ម្នាក់​ទៀត​ឈ្មោះ​​វិន វី។ អ្នក​ទាំង​៦​​នាក់​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​មាន​ទំហំ​២,៨៩​ហិកតា (តាម​ការ​សារ​ភាព​របស់​ពួក​គាត់​) ប៉ុន្តែ​តាម​​​ការ​វាស់​វែង​របស់​មន្ត្រី​ជំនាញ​​ គឺ មាន​ទំហំ​២,២០​ហិកតា​ប៉ុណ្ណោះ ។ ​

លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាន​បន្ត​ថា ជន​​​ទាំង​​៦​នាក់​​ត្រូវបាន​ធ្វើ​កំណត់​ហេតុ​រួច​រាល់​អស់​ហើយ និង​ត្រៀម​​បញ្ជូន​ទៅ​​តុលា​ការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ ​តាម​ប្រភព​​ពី​ខាង​ក្រៅ​និយាយថា ក្នុង​ចំណោម​ជន​​ទាំង​៦​នាក់​មាន​មួយ​ចំនួន​​មិន​ខ្លាច​សមត្ថ​កិច្ច​ជំនាញ​ឡើយ ​ហើយ​​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នោះ គឺ​មិន​ធ្វើ​ដោយ​​ផ្ទាល់​ដៃ​ទេ គឺ​ជួល​គេ​ឱ្យ​ធ្វើ​។ ​សង្ឃឹម​ថា ច្បាប់​ពិតជា​មិន​​អត់​ឱន​ឱ្យ​អ្នក​ប្រព្រឹត្ត​បែប​នេះ​ទេ ដើម្បី​ជា​គំរូ​កុំ​ឱ្យ​មាន​ជន​ខិល​ខូច​ធ្វើ​តាម៕