ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ បដិវត្តន៍​ថ្មី ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស​ច្រើន ក្នុង​ការ​ដឹង​ព័ត៌មាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​រយៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ថ្លែង​ថា​៖…

រាជធានី​ភ្នំពេញ​៖ តាម​រយៈ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​នេះ បដិវត្ត​ន៍ថ្មី គឺ​ឌី​ជី​ថ​ល ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​បាន​ដើរ​មុខ ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ គាត់​មិន​អាច​ទទួលយក​ព័ត៌មាន ដែល​ស្ថា​ប័​ន្ត​របស់​យើង​តម្រូវ​អោយ​គាត់​ត្រូវ​តែ​ដឹង​នោះ​ទេ គឺ​ពួក​គាត់​មាន​ជម្រើស​ផ្សេង ដែល​គាត់​អាច​ទៅ​រក​ព័ត៌មាន​ផ្សេង​ប្រសិនជា​គាត់​អត់​ចូល​ចិត្ត​អាន​ព័ត៌មាន​នឹង​។ នេះ​គឺជា​ជម្រើស​បែប​ថ្មី​មួយ​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ជម្រើស​» ។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បកស្រាយ​ត្រឡប់​ទៅ​ពី​អតីតកាល​បន្តិច ដោយ​ឯកឧត្តម ​បន្ត​ថា ពី​មុន​មក​ក្នុង​កំឡុង ឆ្នាំ​១៩៩០​ជាង ពេល​ខ្លះ​អ្នកកាសែត​ចាប់​មុំ​សរសេរ ឬ​ក៏​ទទួល​បាន​ព័ត៌មាន​មក​សរសេរ​។ ប្រសិនបើ​យើង​ចង់​សំភាសន៍ គឺ​មិន​អាច​ប្រើប្រាស់​ទូរស័ព្ទ​បាន​ទេ គឺ​យើង​ត្រូវ​តែ​ទៅ​សំភាសន៍​ជួប​ផ្ទាល់ ។ ដូចនេះ​ស្ថានភាព​ពេល​នោះ​វា​លំបាក ក្នុង​ឆ្នាំ​១៩៩៥ យើង​មានច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ដោយ​ច្បាប់​នា​ពេល​នោះ ប្រ​សិន​ចង់​សំភាសន៍ ​គឺ​ត្រូវ​ដាក់​ពាក្យ​ស្នើរ​សុំ ហើយ​ការ​ស្នើរ​សុំ​នោះ​អាច​ប្រើ​រយៈពេល​ពី ២​ទៅ​៣ ស​ប្តា​ហ៍ ទើប​មានការ​ឆ្លើយ​តប ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​អ្នក​សារព័ត៌មាន​យើង​នៅ​តែ​អាច​ធ្វើ​បាន ពីព្រោះ​វា​មាន​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ (​សំដៅ​ទៅ​លើ​វិទ្យុ ទូរទស្សន៍ និង​កាសែត​) ដូចនេះ​ហើយ​ទើប​ប្រជាជន ទទួល​បាន​ព័ត៌មាន​តាមតែ​អ្វី​ដែល និពន្ធ​នាយក​ឬ​ក៏​ចាងហ្វាង​នៃ​ការ​ផ្សាយ នៃ​ស្ថា​ប័​ន្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់នោះ ផ្សព្វផ្សាយ​អោយ​យើង​ដឹង ​។

ឯកឧត្តម នេត្រ ភក្ត្រា ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​យើង​មិន​អាច​យក​ច្បាប់​របប​សារព័ត៌មាន ក្នុង​កំឡុង​ឆ្នាំ​១៩៩០​ជាង​នោះ ដែល​តម្រូវ​អោយ​អ្នកកាសែត ត្រូវ​ដាក់​ពាក្យ​ស្នើរ​សុំ​សំភាសន៍ ដូច​មុន​នោះ​ទេ ជា​ការ​ពិត​គឺ​យើង​មិន​អាច​ធ្វើ​ទៅ​បាន​ដូច​មុន​នោះ​ទេ ព្រោះ​ប្រជាជន​ត្រូវការ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​ជម្រើស​ព័ត៌មាន​ជា​ច្រើន ផង​ដែរ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ប្រគល់​វិញ្ញាបនបត្រ ដល់​អ្នក​សារព័ត៌មាន ស្ដី​ពី​មូលដ្ឋាន​គ្រឹះ នៃ​វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង​នៅ​កម្ពុជា នៅ​សណ្ឋាគារ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ណែនាំ ដល់​អ្នក​សារព័ត៌មាន អោយ​ពង្រឹង​ខ្លួន​ទៅ​លើ​គុណភាព ​នៃ​ការ​សរសេរ​ក្នុង​វិស័យ​ធុរកិច្ច វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង ដើម្បី​កុំអោយ​ការ​សរសេរ​នេះ កុំអោយ​ប្រាស់ចាក​ពី​អ្វី​ដែល​ជា​ការងារ​ដែល​គេ​អនុ​វ​ឌ្ឍ គឺ​សំដៅ​ទៅ​លើ​ការ​ប្រើ​ពាក្យ​ពេជ្រ បច្ចេកទេស និង​ព័ត៌មាន ​។

បន្ថែម​ពី​នេះ ឯកឧត្តម នេត្រ ភា​ក្ត្រា បន្ត​ថា​៖ «​ដូច​វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​វគ្គ​ដ៏​សំខាន់ សម្រាប់​ពង្រឹង សមត្ថភាព​ដល់​អ្នក​សារព័ត៌មាន ដើម្បី​បង្កើន​ចំណេះដឹង​ក្នុង​ការ​សរសេរ​អត្ថបទ ទាក់ទង​និង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​»​ ។

សូម​ជម្រាប​ថា ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ប្រគល់​វិញ្ញាបនបត្រ ដល់​អ្នក​សារព័ត៌មាន ក៏​ទទួល​បានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា លោក លន់ សំ​អុល ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​១ នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​, លោក Raymond SIA ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​, លោក សុខ វឿ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​, លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​, លោក​ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក លោកស្រី​ក្រុមប្រឹក្សាភិបាល​សមាគម​ទាំង​បួន និង លោក លោកស្រី​តំណាង​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​លោក លោកស្រី ជា និពន្ធ​នាយក ការី​និពន្ធ អ្នក​សារព័ត៌មាន​ប្រមាណ ជាង​១២០​នាក់ ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ