រាជធានីភ្នំពេញ ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ មានការចែករំលែកយ៉ាងច្រើន នូវករណីសិស្សសាលាមួយក្រុម នៃវិទ្យាល័យបាក់ទូក បានព្រួតគ្នាវាយសិស្សស្រី ចំនួន២នាក់ ហើយថតបង្ហោះពេញហ្វេសប៊ុក ថែមទាំងគំរាមមិនឲ្យចូលថ្នាក់រៀនទៀត រហូតគ្នាខ្លាចមិនហ៊ានចូលរៀនអស់រយៈពេលមួយខែ មកហើយ។
សិស្សសាលាវិទ្យាល័យបាក់ទូក ថ្នាក់ទី៧ប្រមាណពី ៧-៨នាក់ ថតវីដេអូគម្រាមគ្នា ឥឡូវគ្នាមានសម្ពាធខ្លាំងណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដអត់ហ៊ានចូលសាលារៀនទេ រយៈពេលមួយខែហើយ។
បើតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះHouy Chenn បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរៀបរាប់យ៉ាងដូច្នេះថា ៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅវិទ្យាល័យបាក់ទូក ប៉ុន្មាននាក់ ក្នុងរូបថតហ្នឹង បានព្រួតវាយប្អូនខ្ញុំ ហើយថតវីដេអូ ថតរូបចឹងៗ ផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវ៉ៃ) រឿង១ខែហើយ គ្នាខ្លាច គ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះ ម៉ាក់គាត់ឆែកទូរសព្ទបានឃើញ គាត់រក្សាទុកក្នុងទូរសព្ទ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលា ជិត១ខែ រហូតដល់គ្រូ ទូរសព្ទមកប្រាប់ម៉ាក់ប៉ាខ្ញុំ។ ហើយក្នុងវីដេអូ ពួកក្មេងទំនើងប៉ុន្មាននាក់ (៧-៨នាក់)នឹង បានបបួលប្អូនខ្ញុំ ឲ្យឡើងទៅអគារស្ងាត់ ដើម្បីព្រួតគ្នាវ៉ៃ។ ឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេ បងប្អូនមើលរូប និងវីដេអូហើយ ជួយគិតមើលថា ក្រុមក្មេងទំនើងហ្នឹងសាហាវប៉ុណ្ណា ? ជួយគ្នា ចែករំលែកឲ្យគ្រួសារគាត់បានឃើញផង (ប្អូនគេ ប្អូនយើង)» ៕










ចែករំលែកព័តមាននេះ